២៨
ព្រះបាទ​ដាវីឌ​ស្នើ​តែងតាំង​សម្ដេច​សាឡូម៉ូន​អោយ​ឡើង​ស្នង​រាជ្យ
១ ព្រះបាទ​ដាវីឌ​បាន​កោះ​ហៅ​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល មេ​ដឹក​នាំ​កុលសម្ព័ន្ធ មេ​បញ្ជាការ​កងពល​នានា​ដែល​បំរើ​ស្ដេច មេ​កង មេ​ក្រុម អស់​អ្នក​ដែល​គ្រប់គ្រង​លើ​រាជ្យ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ស្ដេច ព្រម​ទាំង​ពួក​រាជ​បុត្រ ពួក​មហាតលិក ពួក​វីរជន និង​ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ អោយ​មក​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម។ ២ ព្រះបាទ​ដាវីឌ​ក្រោក​ឈរ​ឡើង រួច​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖
«បង​ប្អូន និង​ប្រជារាស្ត្រ​របស់​ខ្ញុំ​អើយ​ចូរ​ស្ដាប់! ខ្ញុំ​មាន​បំណង​សង់​ព្រះដំណាក់​សំរាប់​តម្កល់​ហិប​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ ហើយ​ជា​កំណល់​ព្រះបាទា​របស់​ព្រះ​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ព្រះដំណាក់​នេះ ៣ ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សំរាប់​នាម​យើង​ទេ”។ ៤ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជ្រើស​រើស​ខ្ញុំ ពី​ក្នុង​ចំណោម​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល អោយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​រហូត​ត​ទៅ។ ព្រះអង្គ​បាន​ជ្រើស​រើស​កុលសម្ព័ន្ធ​យូដា អោយ​ធ្វើ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​កុលសម្ព័ន្ធ​យូដា ព្រះអង្គ​ជ្រើស​រើស​គ្រួសារ​ឪពុក​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម​កូន​របស់​ឪពុក​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​លើក​ខ្ញុំ​អោយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ៥ ព្រះអម្ចាស់​ប្រោស​ប្រទាន​អោយ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ព្រះអង្គ​ជ្រើស​រើស​សាឡូម៉ូន អោយ​គ្រង​រាជ្យ​លើ​អ៊ីស្រាអែល ជា​អាណាចក្រ​របស់​ព្រះអង្គ។ ៦ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “សាឡូម៉ូន​ជា​បុត្រ​របស់​អ្នក នឹង​សង់​ដំណាក់ ព្រម​ទាំង​ទីលាន​របស់​យើង ដ្បិត​យើង​ជ្រើស​រើស​គេ​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ។ ៧ ប្រសិន​បើ​គេ​គោរព ហើយ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​វិន័យ​របស់​យើង​យ៉ាង​ខ្ជាប់ខ្ជួន​ដូច​សព្វ​ថ្ងៃ​យើង​នឹង​ធ្វើ​អោយ​រាជ្យ​របស់​គេ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច”។ ៨ ឥឡូវ​នេះ នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដែល​ជា​ក្រុមជំនុំ​របស់​ព្រះអម្ចាស់ ហើយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​នៃ​យើង ដែល​ទ្រង់​ព្រះសណ្ដាប់​អ្នក​រាល់​គ្នា ចូរ​នាំ​គ្នា​ស្វែង​យល់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​អស់​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​នៅ​តែ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នេះ ព្រម​ទាំង​រក្សា​ទុក​ជា​មត៌ក អោយ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។ ៩ រីឯ​បុត្រ​វិញ សាឡូម៉ូន​អើយ! ចូរ​ទទួល​ស្គាល់​ព្រះជាម្ចាស់ ជា​ព្រះ​របស់​បិតា ហើយ​គោរព​បំរើ​ព្រះអង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិត​ព្រះអម្ចាស់​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​បុត្រ​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​អោយ​បុត្រ​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​បុត្រ​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លះបង់​ចោល​បុត្រ​រហូត​ត​ទៅ។ ១០ ឥឡូវ​នេះ ចូរ​ពិចារណា​ចុះ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ជ្រើស​រើស​បុត្រ អោយ​សង់​ព្រះដំណាក់​ទុក​ជា​ទីសក្ការៈ។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​បំពេញ​ការងារ​ចុះ!»។
១១ ព្រះបាទ​ដាវីឌ​បាន​ប្រគល់​គំរោង​សាង​សង់​ទីសក្ការៈ ព្រម​ទាំង​បន្ទប់​អម​ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សំរាប់​តម្កល់​ហិប​នៃ​សន្ធិសញ្ញា អោយ​សម្ដេច​សាឡូម៉ូន។ ១២ ព្រះបាទ​ដាវីឌ​ប្រគល់​គំរោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​គិតគូរ​នឹង​ធ្វើ​សំរាប់​ទីលាន​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​បន្ទប់​ទាំង​អស់ ដែល​នៅ​ជុំវិញ​សំរាប់​ដាក់​ទ្រព្យ​នៃ​ព្រះដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។ ១៣ ស្ដេច​ប្រគល់​បញ្ជី​ពួក​បូជាចារ្យ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់ ១៤ ស្ដេច​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​អស់​ពី​មាស និង​ប្រាក់ សំរាប់​ការ​ប្រើប្រាស់​គ្រប់​បែប​យ៉ាង ១៥ ព្រម​ទាំង​ទម្ងន់​របស់​ជើង​ចង្កៀង​មាស និង​ចង្កៀង​មាស ទម្ងន់​របស់​ជើង​ចង្កៀង​ប្រាក់ និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើប្រាស់​របស់​ចង្កៀង​នីមួយៗ ១៦ ទម្ងន់​មាស​របស់​តុ​នីមួយៗ ដែល​ត្រូវ​ប្រើ​សំរាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះអម្ចាស់ ព្រម​ទាំង​ទម្ងន់​របស់​តុ​ដែល​ធ្វើ​ពី​ប្រាក់ ១៧ ទម្ងន់​របស់​សម ផើង សំរាប់​ប្រោះ​ឈាម ថូ​សំរាប់​ពិធី​ច្រួចស្រា​ធ្វើ​ពី​មាស​សុទ្ធ ព្រម​ទាំង​ទម្ងន់​របស់​ពែង​មាស និង​ទម្ងន់​របស់​ពែង​ប្រាក់​នីមួយៗ ១៨ ទម្ងន់​របស់​អាសនៈ​ធ្វើ​ពី​មាស​សុទ្ធ សំរាប់​ថ្វាយ​គ្រឿង​ក្រអូប និង​គំរូ​របស់​រទេះ រូប​ចេរូប៊ីន​ធ្វើ​ពី​មាស ដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់១៩ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «របស់​ទាំង​នេះ​មាន​កត់ត្រា​ទុក ក្នុង​ឯកសារ ដែល​បិតា​បាន​ទទួល​ពី​ព្រះអម្ចាស់។ ក្នុង​ឯកសារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។
២០ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ជា​បុត្រ​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការងារ​អោយ​បាន​សំរេច! កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​អោយ​សោះ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​បិតា​នឹង​គង់​ជា​មួយ​បុត្រ រហូត​ដល់​ការងារ​សាង​សង់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​បាន​សំរេច​ចប់​សព្វ​គ្រប់ ព្រះអង្គ​មិន​បោះ​បង់​ចោល​បុត្រ អោយ​នៅ​តែ​ឯង​ឡើយ។ ២១ ពួក​បូជាចារ្យ និង​ពួក​លេវី បាន​ត្រូវ​បែង​ចែក​ជា​ក្រុមៗ សំរាប់​បំរើ​ការងារ​ទាំង​ប៉ុន្មាន ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​បុត្រ ដើម្បី​ជួយ​សំរេច​ការងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជាជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​បុត្រ​ដែរ»។