៥
ព្រះបាទសាឡូម៉ូនរៀបចំសង់ព្រះវិហារ
(២របាក្សត្រ ២:២-១៥)
១ ព្រះបាទហ៊ីរ៉ាមជាស្ដេចក្រុងទីរ៉ុស និងជាមិត្តភក្ដិដ៏ជិតស្និទ្ធរបស់ព្រះបាទដាវីឌ ជ្រាបថាគេបានអភិសេកព្រះបាទសាឡូម៉ូន អោយស្នងរាជ្យរបស់ព្រះបាទដាវីឌជាបិតា ស្ដេចក៏ចាត់រាជបំរើទៅគាល់ព្រះបាទសាឡូម៉ូន។ ២ ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារអោយទៅទូលព្រះបាទហ៊ីរ៉ាមដូចតទៅ៖ ៣ «ព្រះករុណាជ្រាបហើយថា ព្រោះតែសង្គ្រាមកើតមានឥតស្រាកស្រាន្តពីគ្រប់ទិសទី ព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកបានទេរហូតទាល់តែព្រះអម្ចាស់បង្ក្រាបខ្មាំងសត្រូវអោយនៅក្រោមបាទារបស់លោក។ ៤ ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំប្រោសប្រទានសេចក្ដីសុខសាន្តនៅគ្រប់ទិសទី គឺគ្មានមារសត្រូវ គ្មានគ្រោះកាចទៀតទេ។ ៥ ដូច្នេះទូលបង្គំមានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំថា “បុត្ររបស់អ្នក ដែលយើងនឹងតែងតាំងអោយឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សំរាប់យើង”។ ៦ សូមព្រះករុណាបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ អោយទូលបង្គំផង។ អ្នកបំរើរបស់ទូលបង្គំនឹងធ្វើការរួមជាមួយអ្នកបំរើរបស់ព្រះករុណា ដ្បិតព្រះករុណាជ្រាបហើយថា ក្នុងចំណោមពួកទូលបង្គំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ទូលបង្គំនឹងបង់ប្រាក់ឈ្នួលអោយអ្នកបំរើរបស់ព្រះករុណា តាមព្រះករុណាបង្គាប់»។
៧ កាលព្រះបាទហ៊ីរ៉ាមទទួលសារពីព្រះបាទសាឡូម៉ូន ទ្រង់មានអំណរជាខ្លាំង រួចមានរាជឱង្ការថា៖ «ថ្ងៃនេះ សូមលើកតម្កើងព្រះអម្ចាស់ ដែលបានប្រោសប្រទានបុត្រមួយអង្គប្រកបដោយប្រាជ្ញាឈ្លាសវៃ ដល់ព្រះបាទដាវីឌដើម្បីគ្រប់គ្រងលើប្រជាជនដ៏ច្រើននេះ»។ ៨ បន្ទាប់មក ព្រះបាទហ៊ីរ៉ាមចាត់គេ អោយទៅទូលព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានទទួលសាររបស់ព្រះករុណាហើយ ទូលបង្គំនឹងផ្ដល់ឈើទាំងប៉ុន្មានដែលព្រះករុណាត្រូវការ គឺឈើតាត្រៅ និងឈើកកោះ។ ៩ ពួកអ្នកបំរើរបស់ទូលបង្គំនឹងដឹកឈើហ៊ុបទាំងនោះ ពីភ្នំលីបង់ទៅដល់មាត់សមុទ្រ ហើយចងជាក្បូន បណ្ដែតតាមសមុទ្រ រហូតដល់កន្លែងដែលព្រះករុណាកំណត់ទុក។ នៅទីនោះ ពួកអ្នកបំរើរបស់ទូលបង្គំនឹងស្រាយក្បូន ហើយអ្នកបំរើរបស់ព្រះករុណា មកទទួលយកឈើហ៊ុបទាំងនោះ។ រីឯថ្លៃឈ្នួលវិញ សូមព្រះករុណាផ្គត់ផ្គង់ស្បៀងអាហារ ដែលទូលបង្គំត្រូវការសំរាប់ចិញ្ចឹមអ្នកបំរើក្នុងវាំងរបស់ទូលបង្គំផង»។ ១០ ព្រះបាទហ៊ីរ៉ាមថ្វាយឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្ដីត្រូវការរបស់ព្រះបាទសាឡូម៉ូន។ ១១ ព្រះបាទសាឡូម៉ូនបានផ្ដល់ស្បៀងអាហាររៀងរាល់ឆ្នាំ មានស្រូវចំនួនប្រាំមួយពាន់តោន និងប្រេងឆាគុណភាពល្អចំនួនប្រាំបួនពាន់លីត្រ សំរាប់ផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងវាំងរបស់ព្រះបាទហ៊ីរ៉ាម។
១២ ព្រះអម្ចាស់ប្រទានប្រាជ្ញាដល់ព្រះបាទសាឡូម៉ូនតាមព្រះបន្ទូលសន្យា។ ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមកដោយសុខសាន្ត។
ព្រះបាទសាឡូម៉ូនរៀបចំកំណែន
(២របាក្សត្រ ១:១៨, ២:១, ១៦-១៧)
១៣ ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល មកធ្វើពលកម្ម ១៤ ស្ដេចចាត់ពួកគេអោយទៅធ្វើការនៅភ្នំលីបង់ តាមវេនចំនួនមួយម៉ឺននាក់ ក្នុងមួយខែ ក្រោមការត្រួតត្រារបស់លោកអដូនីរ៉ាម។ ពួកគេធ្វើការនៅភ្នំលីបង់មួយខែ ហើយវិលមកនៅផ្ទះវិញពីរខែ។ ១៥ ព្រះបាទសាឡូម៉ូនប្រើមនុស្សចំនួនប្រាំពីរម៉ឺននាក់ សំរាប់លីសែង និងប្រាំបីម៉ឺននាក់សំរាប់ដាប់ថ្មនៅលើភ្នំ។ ១៦ ក្រៅពីពួកពលករ ព្រះបាទសាឡូម៉ូនតែងតាំងអ្នកទទួលខុសត្រូវ ចំនួនបីពាន់បីរយនាក់ទៀត សំរាប់ត្រួតត្រាលើការងាររបស់ពលករផង។ ១៧ ព្រះរាជាបង្គាប់អោយគេគាស់ថ្មធំៗ យកមកដាប់យ៉ាងល្អប្រណីត សំរាប់ធ្វើគ្រឹះព្រះដំណាក់។ ១៨ ពួកពលកររបស់ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសំរាប់សង់ព្រះដំណាក់។