១៤
ព្យាការីអហ៊ីយ៉ាថ្លែងប្រាប់ពីការសោយទិវង្គតនៃបុត្រារបស់ព្រះបាទយេរ៉ូបោម
១ គ្រានោះសម្ដេចអប៊ីយា ជាបុត្ររបស់ព្រះបាទយេរ៉ូបោមប្រឈួន។ ២ ព្រះបាទយេរ៉ូបោមមានរាជឱង្ការទៅកាន់មហេសីថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំអោយគេស្គាល់ថា នាងជាមហេសីយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានព្យាការីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺលោកហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។ ៣ ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់អោយនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។ ៤ មហេសីរបស់ព្រះបាទយេរ៉ូបោមក៏ធ្វើតាម។ ព្រះនាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកលោកងងឹតដោយលោកចាស់ជរា។ ៥ មុនពេលព្រះនាងមកដល់ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «មហេសីរបស់យេរ៉ូបោមនឹងមកសួរអ្នក អំពីកូនដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។ ៦ កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់ព្រះនាងមកដល់មាត់ទ្វារ លោកពោលថា៖ «សូមយាងចូលមក! មហេសីរបស់ព្រះបាទយេរ៉ូបោម ហេតុអ្វីបានជាព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? ព្រះជាម្ចាស់ចាត់ទូលបង្គំ អោយនាំដំណឹងដ៏អាក្រក់ មកទូលព្រះនាង។ ៧ សូមយាងទៅទូលព្រះបាទយេរ៉ូបោមដូចតទៅ: ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និងតែងតាំងអ្នកអោយធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ៨ យើងបានដកហូតរាជសម្បត្តិពីពូជពង្សដាវីឌ ហើយប្រគល់អោយអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និងគោរពបំរើយើងដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិត ដែលគាប់ចិត្តយើង ដូចដាវីឌជាអ្នកបំរើរបស់យើងដែរ។ ៩ អ្នកបានប្រព្រឹត្តអាក្រក់ជាងអស់អ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមា ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។ ១០ ហេតុនេះយើងនឹងធ្វើអោយទុក្ខវេទនាកើតមាន ចំពោះពូជពង្សរបស់យេរ៉ូបោម។ យើងនឹងប្រហារកូនប្រុសៗ ក្នុងក្រុមគ្រួសាររបស់យេរ៉ូបោម ទាំងអ្នកងារ ទាំងអ្នកជា អោយអស់ពីស្រុកអ៊ីស្រាអែល។ យើងនឹងបោសពូជពង្សរបស់យេរ៉ូបោម ដូចគេបោសសំរាមទាល់តែអស់ដែរ។ ១១ ក្នុងក្រុមគ្រួសារយេរ៉ូបោម អ្នកដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយអ្នកដែលស្លាប់នៅតាមវាល នឹងត្រូវត្មាតចឹកស៊ី”។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១២ រីឯព្រះនាងវិញ សូមក្រោកឡើង វិលត្រឡប់ទៅដំណាក់ចុះ! ពេលព្រះនាងយាងចូលដល់ទីក្រុង បុត្រនោះនឹងសោយទិវង្គត។ ១៣ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយបញ្ចុះសពបុត្រនោះ។ ក្នុងរាជវង្សរបស់ព្រះបាទយេរ៉ូបោម មានតែបុត្រនេះមួយអង្គប៉ុណ្ណោះ ដែលគេបញ្ចុះសពក្នុងផ្នូរ ដ្បិតក្នុងរាជវង្សព្រះបាទយេរ៉ូបោម មានតែបុត្រអង្គនេះទេ ដែលបានប្រព្រឹត្តអំពើល្អខ្លះៗ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃប្រជាជនអ៊ីស្រាអែល។ ១៤ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងជ្រើសតាំងស្ដេចមួយអង្គទៀត អោយសោយរាជ្យលើប្រជាជនអ៊ីស្រាអែល ស្ដេចថ្មីនោះនឹងប្រហារពូជពង្សរបស់ព្រះបាទយេរ៉ូបោមអោយវិនាសសូន្យ។ ហេតុការណ៍នេះកំពុងតែកើតមាន! ១៥ ព្រះអម្ចាស់នឹងវាយជនជាតិអ៊ីស្រាអែល ពេលនោះ ពួកគេប្រៀបដូចជាដើមត្រែងដែលញ័រនៅក្នុងទឹក។ ព្រះអម្ចាស់នឹងដកជនជាតិអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានដល់បុព្វបុរសរបស់ពួកគេ ព្រះអង្គនឹងកំចាត់កំចាយពួកគេ អោយទៅនៅខាងនាយទន្លេអឺប្រាត ព្រោះពួកគេធ្វើបង្គោលព្រះអាសេរ៉ា ដែលបណ្ដាលអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ១៦ ព្រះអង្គបោះបង់ចោលអ៊ីស្រាអែល ព្រោះតែព្រះបាទយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រាអែលអោយប្រព្រឹត្តអំពើបាបដែរ»។
១៧ មហេសីរបស់ព្រះបាទយេរ៉ូបោមក្រោកឡើង ហើយយាងចេញទៅ។ ពេលព្រះនាងយាងដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារព្រះដំណាក់ បុត្រនោះក៏សោយទិវង្គត។ ១៨ គេបានបញ្ចុះសពបុត្រនោះ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីអហ៊ីយ៉ា ជាអ្នកបំរើរបស់ព្រះអង្គ។
១៩ រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេរ៉ូបោម ដូចជាការធ្វើសង្គ្រាម ការគ្រងរាជ្យសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ២០ ព្រះបាទយេរ៉ូបោមគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្ដេចសោយទិវង្គតផុតទៅ ព្រះបាទណាដាប់ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទរេហូបោមសោយរាជ្យនៅស្រុកយូដា
(២របាក្សត្រ ១២:១-១៦)
២១ ព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុសែសិបមួយវស្សា។ ស្ដេចសោយរាជ្យបានដប់ប្រាំពីរវស្សា នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សំរាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។ ២២ ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ពួកគេបានធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធ ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។ ២៣ ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្ដូប និងបង្គោលព្រះអាសេរ៉ានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។ ២៤ នៅក្នុងស្រុកមានប្រុសៗប្រព្រឹត្តអំពើពេស្យាចារ*សក្ការៈ គឺពួកគេធ្វើតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
២៥ នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ២៦ ស្ដេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង។ ស្ដេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ។ ២៧ ព្រះបាទរេហូបោមបានអោយគេធ្វើខែល ពីលង្ហិនជំនួសវិញ ហើយប្រគល់អោយមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។ ២៨ គ្រប់ពេលដែលស្ដេចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ រួចពួកគេប្រមូលយកទៅទុក ក្នុងបន្ទប់របស់មេក្រុមវិញ។
២៩ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទរេហូបោម និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
៣០ ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមកជានិច្ច។
៣១ កាលព្រះបាទរេហូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ មាតារបស់ស្ដេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ ព្រះបាទអប៊ីយ៉ាជាបុត្រ បានឡើងស្នងរាជ្យ។