២២
ព្រះបាទ​អហាប់ និង​ព្រះបាទ​យ៉ូសាផាត លើក​ទ័ព​ចេញ​ទៅ​ច្បាំង​ជា​មួយ​ស្រុក​ស៊ីរី
(២របាក្សត្រ ១៨:១-១១)
១ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គ្មាន​សង្គ្រាម​កើត​ឡើង រវាង​ស្រុក​ស៊ីរី និង​ស្រុក​អ៊ីស្រាអែល​ទេ។ ២ នៅ​ឆ្នាំ​ទី​បី ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា បាន​យាង​ទៅ​សួរ​សុខ​ទុក្ខ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ជ្រាប​ច្បាស់​ហើយ​ថា ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​ជា​ក្រុង​របស់​យើង។ ហេតុ​អ្វី​បាន​ជា​យើង​នៅ​រារែក មិន​ព្រម​ដណ្ដើម​យក​ក្រុង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី​មក​វិញ?»។ ៤ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «តើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ចេញ​ទៅ​ច្បាំង យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​ទៅ​កាន់​ស្ដេច​ស្រុក​អ៊ីស្រាអែល​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះករុណា​ដែរ ប្រជារាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជារាស្ត្រ​របស់​ព្រះករុណា ហើយ​ទ័ព​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ទ័ព​សេះ​របស់​ព្រះករុណា​ដែរ!»។
៥ ព្រះបាទ​យ៉ូសាផាត​ទូល​ទៀត​ថា៖ «សូម​ព្រះករុណា​ទូល​សួរ​ព្រះអម្ចាស់​សិន»។ ៦ ស្ដេច​អ៊ីស្រាអែល​កោះ​ហៅ​ព្យាការី​ប្រមាណ​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​ចុះ។ ព្រះអម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា»។ ៧ ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​របស់​ព្រះអម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះអង្គ​ទេ​ឬ?»។ ៨ ស្ដេច​ស្រុក​អ៊ីស្រាអែល​ទូល​ព្រះបាទ​យ៉ូសាផាត​ថា៖ «នៅ​មាន​ម្នាក់​ទៀត ដែល​អាច​ទូល​សួរ​ព្រះអម្ចាស់​បាន តែ​ទូលបង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​អោយ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកាយ៉ា ជា​កូន​របស់​លោក​យីមឡា»។ ព្រះបាទ​យ៉ូសាផាត​ទូល​ថា៖ «សូម​ព្រះករុណា​កុំ​មាន​រាជឱង្ការ​បែប​នេះ!»។ ៩ ស្ដេច​ស្រុក​អ៊ីស្រាអែល​ហៅ​មហាតលិក​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកាយ៉ា ជា​កូន​របស់​លោក​យីមឡា​មក​ជា​ប្រញាប់!»។
១០ ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ព្រះបាទ​យ៉ូសាផាត​ជា​ស្ដេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុងរឿង​គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន ត្រង់​ព្រលាន​ដែល​នៅ​មុខ​ទ្វារ​ក្រុង​សាម៉ារី។ ពួក​ព្យាការី​កំពុង​នាំ​គ្នា​ទាយ​ថ្វាយ​ព្រះរាជា​ទាំង​ពីរ​អង្គ។ ១១ លោក​សេដេគា ជា​កូន​របស់​លោក​ក្នាណា​បាន​ធ្វើ​ស្នែង​ដែក​ហើយ​ពោល​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កងទ័ព​ស៊ីរី​អោយ​វិនាស​សូន្យ!»។ ១២ ព្យាការី​ទាំង​អស់​ក៏​ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះករុណា​មុខ​ជា​ទទួល​ជ័យជំនះ​មិន​ខាន។ ព្រះអម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ហើយ»។
ព្យាការី​មីកាយ៉ា​ប្រកាស​ប្រាប់​ពី​បរាជ័យ
(២របាក្សត្រ ១៨:១២-២៧)
១៣ មហាតលិក​ដែល​ស្ដេច​ចាត់​អោយ​ទៅ​តាម​ហៅ​លោក​មីកាយ៉ា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ព្រម​គ្នា ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះរាជា ដូច្នេះ សូម​លោក​ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះរាជា​ដូច​គេ​ដែរ​ទៅ!»។ ១៤ លោក​មីកាយ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក​ក្នុង​នាម​ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។
១៥ លោក​ចូល​ទៅ​គាល់​ព្រះរាជា ហើយ​ស្ដេច​មាន​រាជឱង្ការ​មក​កាន់​លោក​ថា៖ «មីកាយ៉ា​អើយ តើ​យើង​ទាំង​ពីរ ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកាយ៉ា​ទូល​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​ចុះ! ព្រះករុណា​មុខ​ជា​ទទួល​ជ័យជំនះ​មិន​ខាន! ព្រះអម្ចាស់​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ហើយ​តើ!»។ ១៦ ប៉ុន្តែ ស្ដេច​មាន​រាជឱង្ការ​មក​លោក​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា អោយ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង​ក្នុង​នាម​ព្រះអម្ចាស់?»។ ១៧ លោក​មីកាយ៉ា​ទូល​ថា៖
«ទូលបង្គំ​បាន​ឃើញ​ពល​ទាហាន​អ៊ីស្រាអែល
ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់ខ្ចាយ​នៅ​លើ​ភ្នំ
ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម
ដែល​គ្មាន​នរណា​ឃ្វាល។
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ
ចូរ​អោយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន
ដោយ​សុខសាន្ត​ចុះ!»។
១៨ ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​អោយ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ!»។ ១៩ លោក​មីកាយ៉ា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ ទូលបង្គំ​បាន​ឃើញ​ព្រះអម្ចាស់​គង់​លើ​រាជបល្ល័ង្ក ហើយ​មាន​កងពល​នៃ​ស្ថាន​បរមសុខ​ទាំង​មូល​ឈរ​គាល់​ព្រះអង្គ ទាំង​ឆ្វេង ទាំង​ស្ដាំ​ផង។ ២០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: “តើ​អ្នក​ណា​ចង់​ល្បួង​អហាប់ អោយ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដើម្បី​អោយ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។ ២១ ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​ទូល​ថា“ទូលបង្គំ​ចង់​ទៅ​ល្បួង!”។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?” ២២ វិញ្ញាណ​នោះ​ទូល​ថា “ទូលបង្គំ​នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្ដេច​អោយ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “នេះ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សំរាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។ ២៣ ព្រះអម្ចាស់​ដាក់​វិញ្ញាណ​ភូត​កុហក នៅ​ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះករុណា ដ្បិត​ព្រះអម្ចាស់​បាន​សំរេច​ព្រះហឫទ័យ អោយ​ព្រះករុណា​រង​ទុក្ខ​វេទនា​ហើយ!»។
២៤ ពេល​នោះ លោក​សេដេគា ជា​កូន​របស់​លោក​ក្នាណា​ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកាយ៉ា ទាំង​ពោល​ថា៖ «តើ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ណា?»។ ២៥ លោក​មីកាយ៉ា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។ ២៦ ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ថា៖ «ចូរ​ចាប់​លោក​មីកាយ៉ា នាំ​យក​ទៅ​ប្រគល់​អោយ​លោក​អាំម៉ូន​ជា​ចៅហ្វាយ​ក្រុង និង​សម្ដេច​យ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ! ២៧ រួច​ប្រាប់​គេ​ថា “ព្រះករុណា​បញ្ជា​អោយ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្ដល់​នំបុ័ង និង​ទឹក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ព្រះករុណា​វិល​ត្រឡប់​មក​ពី​ច្បាំង​វិញ​ដោយ​សុខសាន្ត”»។ ២៨ លោក​មីកាយ៉ា​ទូល​ថា៖ «ប្រសិន​បើ​ព្រះករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ​ដោយ​សុខសាន្ត​មែន​នោះ បាន​សេចក្ដី​ថា​ព្រះអម្ចាស់​ពុំ​មាន​ព្រះបន្ទូល​តាម​រយៈ​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជាជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។
ព្រះបាទ​អហាប់​សោយ​ទិវង្គត​ក្នុង​សមរភូមិ
(២របាក្សត្រ ១៨:២៨-៣៤)
២៩ ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា នាំ​គ្នា​យាង​ទៅ​វាយ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ៣០ ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ព្រះករុណា​វិញ សូម​ទ្រង់​ព្រះភូសា​យ៉ាង​រុង​រឿង​ចុះ!»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​ក្លែង​ខ្លួន​ជា​ពល​ទាហាន ចេញ​ទៅ​ច្បាំង។ ៣១ ស្ដេច​ស្រុក​ស៊ីរី​បញ្ជា​ដល់​មេ​បញ្ជាការ​កង​រទេះ​ចំបាំង​ទាំង​សាមសិបពីរ​រូប​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល​ទាហាន ឬ​នាយ​ទាហាន​ទេ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប៉ុណ្ណោះ»។ ៣២ កាល​មេ​បញ្ជាការ​រទេះ​ចំបាំង​ទាំង​នោះ​ឃើញ​ព្រះបាទ​យ៉ូសាផាត​ក៏​ពោល​ថា “ប្រាកដ​ជា​ស្ដេច​អ៊ីស្រាអែល​ហើយ” ពួក​គេ​សំរុក​ទៅ​វាយ​ប្រហារ​ស្ដេច។ ប៉ុន្តែ ពេល​ព្រះបាទ​យ៉ូសាផាត​ស្រែក​ឡើង ៣៣ ពួក​មេ​បញ្ជាការ​រទេះ​ចំបាំង​ដឹង​ថា មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ ពួក​គេ​ឈប់​ដេញ​តាម។ ៣៤ ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ត្រូវ​ចំ​ស្ដេច​ស្រុក​អ៊ីស្រាអែល ត្រង់​ចន្លោះ​អាវក្រោះ។ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជរថ​ថា៖ «ចូរ​បក​ក្រោយ​នាំ​យើង​ចេញ​ពី​សមរភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។ ៣៥ នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​ចេញ​ពី​សមរភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជរថ​រហូត ហើយ​ឈាម​ដែល​ហូរ​ចេញ​ពី​មុខ​របួស បាន​ធ្លាក់​ទៅ​ដល់​បាត​រាជរថ លុះ​ដល់​ល្ងាច​ស្ដេច​ក៏​សោយ​ទិវង្គត​ទៅ។ ៣៦ នៅ​ពេល​ថ្ងៃ​លិច គេ​ឮ​សំរែក​ពេញ​ក្នុង​សមរភូមិ​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ទីក្រុង និង​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ!»។ ៣៧ គេ​បាន​នាំ​សព​ព្រះរាជា​មក​កាន់​ក្រុង​សាម៉ារី ហើយ​បញ្ចុះ​នៅ​ទី​នោះ។ ៣៨ កាល​គេ​យក​រាជរថ​ទៅ​លាង​នៅ​ស្រះ​នៃ​ក្រុង​សាម៉ារី ឆ្កែ​ក៏​មក​លិទ្ធ​ឈាម​ព្រះបាទ​អហាប់ ហើយ​ពួក​ស្រី​ពេស្យា​ក៏​នាំ​គ្នា​មុជ​ទឹក​នៅ​ទី​នោះ​ដែរ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង​ទុក។
៣៩ រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អហាប់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​ការ​សង់​ដំណាក់​អំពី​ភ្លុក និង​ក្រុង​នានា សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៤០ កាល​ព្រះបាទ​អហាប់​សោយ​ទិវង្គត​ទៅ ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។
ព្រះបាទ​យ៉ូសាផាត​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២របាក្សត្រ ២០:៣១-២១:១)
៤១ នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​យ៉ូសាផាត ជា​បុត្រ​របស់​ព្រះបាទ​អេសា​បាន​ឡើង​សោយរាជ្យ​នៅ​ស្រុក​យូដា។ ៤២ កាល​ព្រះបាទ​យ៉ូសាផាត​ឡើង​គ្រង​រាជ្យ​នោះ ទ្រង់​មាន​ជន្មាយុសាមសិបប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អស៊ូបា ជា​កូន​របស់​លោក​ស៊ីលហ៊ី។ ៤៣ ព្រះបាទ​យ៉ូសាផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អេសា​ជា​បិតា ដោយ​មិន​ងាករេ​ឡើយ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ប៉ុន្តែ ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជាជន​នៅ​តែ​នាំ​គ្នា​ថ្វាយ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​តាម​កន្លែង​នោះ​ដដែល។ ៤៤ ព្រះបាទ​យ៉ូសាផាត​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រាអែល។
៤៥ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូសាផាត គឺ​វីរភាព​ដ៏​អង់អាច ក្នុង​កិច្ចការ​ដែល​ស្ដេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ៤៦ ស្ដេច​បាន​កំចាត់​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យាចារ្យ​សក្ការៈ គឺ​ពួក​ដែល​នៅ​សេសសល់​ពី​ជំនាន់​ព្រះបាទ​អេសា​ជា​បិតា។ ៤៧ គ្រា​នោះ​នៅ​ស្រុក​អេដុម គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ គឺ​មាន​តែ​រាជ​ប្រតិភូ​ម្នាក់ ដែល​ស្ដេច​យូដា​តែងតាំង។ ៤៨ ព្រះបាទ​យ៉ូសាផាត​បាន​អោយ​គេ​សង់​សំពៅ​ធំៗ ដើម្បី​ទៅ​ស្វែង​រក​មាស​នៅ​ស្រុក​អូភារ ប៉ុន្តែ គំរោងការ​នេះ ពុំ​បាន​សំរេច​ទេ ព្រោះ​សំពៅ​ទាំង​នោះ​លិច​នៅ​ក្រុង​អេស៊ាន-គេប៊ើរ។ ៤៩ ពេល​នោះ ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​អហាប់ មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «សូម​អោយ​រាជបំរើ​របស់​ទូលបង្គំ ចុះ​សំពៅ​ទៅ​ជា​មួយ​រាជបំរើ​របស់​ព្រះករុណា​ផង!»។ ប៉ុន្តែ ព្រះបាទ​យ៉ូសាផាត​ពុំ​យល់​ព្រម​ឡើយ។ ៥០ កាល​ព្រះបាទ​យ៉ូសាផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ។ ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។
ព្រះបាទ​អហាស៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល
៥១ នៅ​ឆ្នាំ​ទី​ដប់​ប្រាំពីរ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​អហាប់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ស្រុក​អ៊ីស្រាអែល។ ៥២ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ ស្ដេច​ដើរ​តាម​ផ្លូវ​របស់​បិតា និង​មាតា ព្រម​ទាំង​ផ្លូវ​របស់​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជាជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប។ ៥៣ ព្រះបាទ​អហាស៊ីយ៉ា​បាន​គោរព​ថ្វាយបង្គំ​ព្រះ​បាល ដូច​បិតា​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទ្រង់​ព្រះពិរោធ។