២
បេសកកម្មរបស់លោកប៉ូលនៅក្រុងថេស្សាឡូនិក
១ បងប្អូនអើយ បងប្អូនផ្ទាល់ ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ ២ គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ ព្រះជាម្ចាស់បានប្រទានអោយយើងមានចិត្តអង់អាចប្រកាសដំណឹងល្អ*របស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។ ៣ សេចក្ដីដែលយើងទូន្មាន មិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។ ៤ មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង ព្រះជាម្ចាស់បានល្បងមើលចិត្តយើង យ៉ាងណាយើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយដើម្បីផ្គាប់ចិត្តមនុស្សទេ គឺដើម្បីអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែលល្បងមើលចិត្តយើងនោះវិញ។
៥ បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ ៦ យើងពុំបានស្វែងរកកិត្តិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្ដី។ ៧ ក្នុងឋានៈជាសាវ័ក*របស់ព្រះគ្រិស្ដ ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចមាតាបីបាច់ថែរក្សាកូនខ្ចីដែរ។ ៨ ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណងមិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិត សំរាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។ ៩ បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំអោយនរណាម្នាក់ ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។ ១០ យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ*សុចរិត*ឥតកំហុស យើងមានទាំងបងប្អូន ទាំងព្រះជាម្ចាស់ជាសាក្សីស្រាប់។ ១១ បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗ ដូចឪពុកប្រព្រឹត្តចំពោះកូនដែរ ១២ គឺយើងបានទូន្មាន និងលើកទឹកចិត្តបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនអោយរស់នៅយ៉ាងសមរម្យ ស្របតាមព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងព្រះរាជ្យ* និងសិរីរុងរឿងរបស់ព្រះអង្គ។
១៣ ហេតុនេះហើយបានជាយើងចេះតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។ ១៤ បងប្អូនអើយ បងប្អូនបានយកតំរាប់តាមក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅស្រុកយូដា ដែលរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូនោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។ ១៥ អ្នកទាំងនោះបានធ្វើគុតព្រះអម្ចាស់យេស៊ូ និងសម្លាប់ពួកព្យាការី* ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់! ១៦ ពួកគេបានរារាំងយើងមិនអោយប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំអោយជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កំរិត ហើយនៅទីបំផុតពួកគេនឹងត្រូវទទួលទោសមិនខាន។
លោកប៉ូលចង់ជួបគ្រិស្ដបរិស័ទនៅក្រុងថេស្សាឡូនិក
១៧ បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្តយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីអោយបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។ ១៨ ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្តែ មារ*សាតាំងចេះតែរារាំងដំណើរយើង។ ១៩ បងប្អូនហ្នឹងហើយ ដែលធ្វើអោយយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្តិយស នាំអោយយើងបានខ្ពស់មុខនៅចំពោះព្រះភក្ត្រព្រះអម្ចាស់យេស៊ូនៅពេលព្រះអង្គយាងមក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។ ២០ បងប្អូនពិតជាសិរីរុងរឿង និងជាអំណររបស់យើងមែន។