គុណ​សម្បត្តិ​របស់​អ្នក​ដឹក​នាំ​ក្រុមជំនុំ
១ ពាក្យ​នេះ​គួរ​អោយ​ជឿ គឺ​ថា ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់ ចង់​បាន​មុខងារ​ជា​អភិបាល​គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។ ២ អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន ៣ មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។ ៤ គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​អោយ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃថ្នូរ​ទាំង​ស្រុង ៥ ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​អោយ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុមជំនុំ*​របស់​ព្រះជាម្ចាស់​កើត!។ ៦ មិន​ត្រូវ​អោយ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។ ៧ មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដបរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើលងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។
គុណ​សម្បត្តិ​អ្នក​ជំនួយ
៨ រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។ ៩ គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះជាម្ចាស់​បាន​សំដែង​អោយ​ស្គាល់​ ដោយ​មនសិការ​បរិសុទ្ធ។ ១០ ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​អោយ​គេ​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។
១១ ចំពោះ​ស្ត្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។
១២ អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង ១៣ ដ្បិត​បង​ប្អូន​ណា​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់អាច​មោះមុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ។
គំរោងការ​ដ៏​លាក់​កំបាំង
១៤ ខ្ញុំ​សរសេរ​សំបុត្រ​នេះ​ទាំង​សង្ឃឹម​ថា នឹង​បាន​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ ១៥ ក៏​ប៉ុន្តែ បើ​ខ្ញុំ​ក្រ​មក​ដល់​សំបុត្រ​នេះ​នឹង​ជួយ​អ្នក​អោយ​ដឹង​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណាៗ ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ គឺ​ក្នុង​ក្រុមជំនុំ*​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់។ ក្រុមជំនុំ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។ ១៦ យើង​ត្រូវ​ទទួល​ស្គាល់​ថា គំរោងការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​នោះ​ធំ​ណាស់ គឺ​ថាៈ
ព្រះជាម្ចាស់​បាន​បង្ហាញ​អោយ​យើង
ស្គាល់​ព្រះគ្រិស្ដ​ក្នុង​ឋានៈ​ជា​មនុស្ស
ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​សុចរិត
ដោយ​ព្រះវិញ្ញាណ
ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ
គេ​ប្រកាស​អំពី​ព្រះអង្គ
នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា
គេ​បាន​ជឿ​លើ​ព្រះគ្រិស្ដ
ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង
អោយ​មាន​សិរីរុងរឿង។