របាក្សត្រ ទី ២
រាជ្យរបស់ព្រះបាទសាឡូម៉ូន
១
ព្រះបាទសាឡូម៉ូនសោយរាជ្យលើស្រុកអ៊ីស្រាអែល ស្ដេចទូលសូមប្រាជ្ញាពីព្រះជាម្ចាស់
(១ពង្សាវតារក្សត្រ ៣:៤-១៥)
១ ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ មានអំណាចកាន់តែរឹងមាំឡើង។ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេចគង់នៅជាមួយ ហើយប្រោសប្រទានអោយស្ដេចបានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
២ ព្រះបាទសាឡូម៉ូនកោះហៅជនជាតិអ៊ីស្រាអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ និងមេក្រុមគ្រួសារ។ ៣ ព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតព្រះពន្លាជួបព្រះជាម្ចាស់ ដែលលោកម៉ូសេជាអ្នកបំរើរបស់ព្រះអង្គបានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។ ៤ រីឯហិបរបស់ព្រះជាម្ចាស់ ព្រះបាទដាវីឌដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលស្ដេចត្រៀមទុក ក្នុងពន្លានៅក្រុងយេរូសាឡឹម។ ៥ អាសនៈលង្ហិនដែលលោកបេតសាលាលជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរបានធ្វើ ក៏ស្ថិតនៅមុខព្រះពន្លានៅគីបៀនដែរ។ នៅទីនោះព្រះបាទសាឡូម៉ូន និងអង្គប្រជុំទាំងមូលនាំគ្នាទូលសួរព្រះអម្ចាស់។ ៦ ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។
៧ នៅយប់នោះព្រះអម្ចាស់ បានសំដែងអោយព្រះបាទសាឡូម៉ូនឃើញហើយមានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វីចូរសុំមកចុះ យើងនឹងប្រគល់អោយ»។ ៨ ព្រះបាទសាឡូម៉ូនទូលព្រះជាម្ចាស់វិញថា៖ «ព្រះអង្គបានសំដែងព្រះហឫទ័យមេត្តាករុណាដ៏ធំធេងចំពោះព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ហើយព្រះអង្គក៏អោយទូលបង្គំឡើងគ្រងរាជ្យតពីបិតាទៀត។ ៩ បពិត្រព្រះជាម្ចាស់ ឥឡូវនេះព្រះអង្គសំរេចព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំហើយ ដ្បិតព្រះអង្គបានតែងតាំងទូលបង្គំ អោយគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនាដូចធូលី។ ១០ សូមប្រោសប្រទានអោយទូលបង្គំមានប្រាជ្ញា និងការយល់ដឹង ដើម្បីអោយទូលបង្គំចេះដឹកនាំប្រជារាស្ត្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនរបស់ព្រះអង្គបាន?»។ ១១ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «អ្នកមិនបានទូលសូម អោយមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង ឬអោយបច្ចាមិត្តរបស់អ្នកត្រូវស្លាប់ ហើយក៏មិនបានទូលសូមអោយមានអាយុវែងដែរ តែអ្នកទូលសូមអោយមានប្រាជ្ញា និងការយល់ដឹង ដើម្បីគ្រប់គ្រងលើប្រជារាស្ត្រ ដែលយើងបានតែងតាំងអ្នក អោយគ្រងរាជ្យលើពួកគេ។ ដោយអ្នកមានបំណងដូច្នេះ ១២ យើងអោយអ្នកមានប្រាជ្ញា និងការយល់ដឹង។ លើសពីនេះយើងក៏ផ្ដល់អោយអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង គ្មានស្ដេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី»។
១៣ ព្រះបាទសាឡូម៉ូន យាងពីកន្លែងសក្ការៈតាមទួលខ្ពស់ នៅគីបៀន គឺត្រង់ពន្លាជួបព្រះអម្ចាស់ វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
អំណាច និងរាជ្យទ្រព្យរបស់ព្រះបាទសាឡូម៉ូន
(១ពង្សាវតារក្សត្រ ១០:២៦-២៩, ២របាក្សត្រ ៩:២៥-២៨)
១៤ ព្រះបាទសាឡូម៉ូនប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្ដេចទុកមួយចំនួនអោយនៅជាមួយស្ដេច ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតអោយទៅនៅតាមក្រុងនានា ដែលស្ដេចបម្រុងសំរាប់ទ័ពទាំងនោះ។ ១៥ ព្រះរាជាបានធ្វើអោយក្រុងយេរូសាឡឹមមានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។ ១៦ ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកថ្វាយព្រះបាទសាឡូម៉ូន។ ១៧ ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធ ប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ថ្វាយស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិស៊ីរីដែរ។