៣
អំពីព្រះអម្ចាស់យាងវិលត្រឡប់មកវិញ
១ បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរ ដែលខ្ញុំសរសេរផ្ញើមកជូនបងប្អូន។ សេចក្ដីក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹកដាស់តឿនបងប្អូន អោយមានចិត្តគំនិតត្រឹមត្រូវជានិច្ច។ ២ សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់លោកព្យាការី*ដ៏វិសុទ្ធ*បានថ្លែងទុកមក និងបទបញ្ជាដែលព្រះអម្ចាស់ជាព្រះសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។ ៣ ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្តលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន ៤ គេនឹងពោលថាៈ «បើព្រះអង្គសន្យាថាយាងមកមែននោះ តើឥឡូវទ្រង់នៅឯណា? តាំងពីបុព្វបុរស*របស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីព្រះអង្គបង្កើតពិភពលោក!»។ ៥ គេនិយាយដូច្នេះ មកពីគេធ្វើជាភ្លេចថា កាលពីបុរាណ ផ្ទៃមេឃ និងផែនដីកកើតចេញពីទឹក ហើយផ្សំឡើងពីធាតុទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ៦ បន្ទាប់មក ដោយទឹកដដែល ពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។ ៧ មួយវិញទៀត ព្រះបន្ទូលដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកអោយភ្លើងឆេះរំលាយ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទុច្ចរិតអោយវិនាសអន្តរាយ។ ៨ បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំហើយមួយពាន់ឆ្នាំ ក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។ ៩ ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសំដែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះទ្រង់មិនសព្វព្រះហឫទ័យអោយនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វព្រះហឫទ័យអោយមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។ ១០ ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
១១ បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាដ៏វិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់ អោយមែនទែន!។ ១២ ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើអោយថ្ងៃដែលព្រះជាម្ចាស់ត្រូវយាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។ ១៣ យើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី តាមព្រះបន្ទូលសន្យា។
១៤ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណា អោយព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។ ១៥ តោងយល់ថា ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យអត់ធ្មត់ មកពីព្រះអង្គចង់សង្គ្រោះបងប្អូន ដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង បានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានអោយលោកស្រាប់ហើយ។ ១៦ ក្នុងគ្រប់សំបុត្រដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើអោយអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគម្ពីរឯទៀតៗខុសន័យដែរ បណ្ដាលអោយខ្លួនគេត្រូវវិនាសអន្តរាយ។
១៧ រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនបានជ្រាបសព្វគ្រប់ជាមុនហើយ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នខ្លួន កុំបណ្ដោយជនពាលនាំបងប្អូនអោយវង្វេង ហើយមិនត្រូវបាត់បង់គោលជំហរដ៏រឹងប៉ឹងរបស់បងប្អូនឡើយ។ ១៨ ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូគ្រិស្ដ*ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។