២
ប្រជាជនស្រុកយូដាអភិសេកលោកដាវីឌ ជាស្ដេចនៅក្រុងហេប្រូន
១ ក្រោយព្រឹត្តិការណ៍ទាំងនោះ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ ព្រះអម្ចា ស់ មានព្រះបន្ទូលថា៖ «ទៅចុះ!»។ លោកដាវីឌទូលសួរថា៖ «ទូលបង្គំត្រូវទៅក្រុងណាដែរ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ក្រុងហេប្រូន»។ ២ លោកដាវីឌក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាភរិយារបស់សពលោកណាបាលនៅភូមិកើមែល។ ៣ លោកដាវីឌបាននាំអស់អ្នកដែលនៅជាមួយលោក និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។
៤ ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយចាក់ប្រេងអភិសេកលោកដាវីឌ ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពព្រះបាទសូល។ ៥ ព្រះបាទដាវីឌក៏ចាត់អ្នកនាំសារអោយទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសំដែងភក្ដីភាពចំពោះព្រះបាទសូល ជាម្ចាស់របស់អ្នករាល់គ្នា ដោយបានបញ្ចុះសពស្ដេច។ ៦ ឥឡូវនេះ សូមព្រះអម្ចាស់សំដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាវិញ។ ដោយសារអ្នករាល់គ្នាធ្វើដូច្នេះ ខ្ញុំក៏នឹងប្រព្រឹត្តល្អចំពោះអ្នករាល់គ្នាដែរ។ ៧ ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ព្រះបាទសូល ជាម្ចាស់របស់អ្នករាល់គ្នាបានសោយទិវង្គតផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានចាក់ប្រេងអភិសេកខ្ញុំ ជាស្ដេចគ្រប់គ្រងលើពួកគេ»។
លោកអប៊ីនើរតែងតាំងសម្ដេចអ៊ីសបូសែត ជាស្ដេចស្រុកអ៊ីស្រាអែល
៨ លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ព្រះបាទសូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឆ្លងទៅក្រុងម៉ាហាណែម។ ៩ នៅទីនោះ លោកអប៊ីនើរ តែងតាំងសម្ដេចអ៊ីសបូសែត ជាស្ដេចគ្រប់គ្រងលើស្រុកកាឡាដ ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីនពោល គឺស្រុកអ៊ីស្រាអែលទាំងមូល។ ១០ ពេលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់មានព្រះជន្មសែសិបវស្សា ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទដាវីឌ។ ១១ ព្រះបាទដាវីឌសោយរាជ្យលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំកន្លះ នៅក្រុងហេប្រូន។
សង្គ្រាមរវាងយូដា និងអ៊ីស្រាអែលនៅគីបៀន
១២ លោកអប៊ីនើរជាកូនរបស់លោកនើរ និងជារាជបំរើរបស់ព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល បានចាកចេញពីក្រុងម៉ាហាណែម ឆ្ពោះទៅក្រុងគីបៀន។ ១៣ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងរាជបំរើរបស់ព្រះបាទដាវីឌក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងគីបៀន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។ ១៤ លោកអប៊ីនើរមានប្រសាសន៍ទៅកាន់លោកយ៉ូអាប់ថា៖ «ចូរអោយពួកយុវជនក្រោកឡើង ប្រកួតគ្នានៅចំពោះមុខយើងទាំងពីរ!»។ លោកយ៉ូអាប់តបវិញថា៖ «អោយគេក្រោកឡើងប្រកួតគ្នាចុះ!»។ ១៥ យុវជនទាំងនោះក៏ចេញមកមានចំនួនស្មើគ្នា គឺដប់ពីរនាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ខាងព្រះបាទអ៊ីសបូសែត ហើយដប់ពីរនាក់ទៀតជារាជបំរើព្រះបាទដាវីឌ។ ១៦ ពួកគេចាប់ក្បាលគូសត្រូវរបស់ខ្លួន ហើយហូតដាវចាក់ត្រង់ឆ្អឹងជំនីរគ្នាទៅវិញទៅមក ជាហេតុធ្វើអោយពួកគេដួលស្លាប់ទាំងអស់គ្នា។ គេបានហៅកន្លែងនៅជិតបឹងគីបៀននោះថា «ហេលកាត-ហាស៊ូរីម»។ ១៧ ការប្រយុទ្ធមួយយ៉ាងសាហាវ បានផ្ទុះឡើងនៅថ្ងៃនោះ។ លោកអប៊ីនើរ ព្រមទាំងទាហានរបស់លោក វាយចាញ់ទាហានរបស់ព្រះបាទដាវីឌ។ ១៨ កូនប្រុសទាំងបីរូបរបស់អ្នកស្រីសេរូយ៉ា នៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស ១៩ លោកដេញតាមលោកអប៊ីនើរយ៉ាងប្រកិត ឥតងាកឆ្វេងឬស្ដាំឡើយ។ ២០ លោកអប៊ីនើរងាកក្រោយសួរថា៖ «តើអ្នកជាអេសាអែលឬ?»។ លោកអេសាអែលឆ្លើយថា៖ «ខ្ញុំនេះហើយ!»។ ២១ លោកអប៊ីនើរមានប្រសាសន៍ថា៖ «ចូរដេញតាមក្មេងណាម្នាក់នៅខាងឆ្វេង ឬខាងស្ដាំ ហើយចាប់ដោះយកគ្រឿងអាវុធរបស់គេទៅ»។ ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញតាមលោកអប៊ីនើរទេ។ ២២ លោកអប៊ីនើរពោលមកកាន់លោកអេសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំអោយសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើអោយខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្ដេចបាន?»។ ២៣ ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញទេ។ ពេលនោះ លោកអប៊ីនើរក៏បុកលោកអេសាអែលមួយលំពែង ត្រូវត្រង់ពោះធ្លុះដល់ខ្នង។ លោកអេសាអែលដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលរត់មកដល់កន្លែងលោកអេសាអែលដួលស្លាប់នោះ ក៏នាំគ្នាឈប់។ ២៤ ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយនៅតែដេញតាមលោកអប៊ីនើរ ហើយទៅដល់ជំរាលភ្នំអាំម៉ា ដែលស្ថិតនៅទល់មុខនឹងគីយ៉ា តាមផ្លូវទៅវាលរហោស្ថានគីបៀន នៅពេលថ្ងៃលិច។ ២៥ ពលទាហានបេនយ៉ាមីនប្រមូលគ្នា មកនៅពីក្រោយលោកអប៊ីនើរ។ គេផ្ដុំគ្នាជាក្រុម ហើយឈប់នៅលើកំពូលភ្នំ។ ២៦ លោកអប៊ីនើរស្រែកសួរលោកយ៉ូអាប់ថា៖ «តើយើងនៅតែច្បាំងគ្នារហូតឬ? តើអ្នកមិនយល់ថា ការនេះត្រូវបញ្ចប់ដោយជូរចត់ទេឬ? តើនៅរង់ចាំដល់ពេលណា ទើបបញ្ជាទាហានអោយឈប់ដេញតាមបងប្អូនរបស់ខ្លួនទៀត?»។ ២៧ លោកយ៉ូអាប់ស្រែកប្រាប់ទៅវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅថា ប្រសិនបើអ្នកមិនសុំអោយខ្ញុំឈប់ដេញតាមទេ នោះទាហានរបស់ខ្ញុំមុខជានៅតែដេញតាមអ្នករាល់គ្នា រហូតដល់ព្រឹកស្អែក»។ ២៨ លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយពួកពលទាហានទាំងអស់នាំគ្នាឈប់។ ពួកគេលែងដេញតាមកងទ័ពអ៊ីស្រាអែល និងលែងប្រយុទ្ធគ្នាទៀត។
២៩ លោកអប៊ីនើរ និងពលទាហានរបស់លោកនាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីត្រោន ហើយទៅដល់ក្រុងម៉ាហាណែមវិញ។ ៣០ កាលលោកយ៉ូអាប់វិលមកពីដេញតាមលោកអប៊ីនើរវិញ លោកប្រមូលផ្ដុំពលទាហាន ឃើញមានបាត់ទាហានរបស់ព្រះបាទដាវីឌ ចំនួនដប់ប្រាំបួននាក់ និងលោកអេសាអែលម្នាក់ទៀត។ ៣១ ប៉ុន្តែ ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់ពួកបេនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរ អស់បីរយហុកសិបនាក់។ ៣២ គេបាននាំយកសពលោកអេសាអែល ទៅបញ្ចុះក្នុងផ្នូរដែលជាកម្មសិទ្ធិរបស់ឪពុកលោក នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់លោក នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។