៩
ព្រះបាទដាវីឌទទួលមេភីបូសែតចូលវាំង
១ ថ្ងៃមួយ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «តើមានកូនចៅណាម្នាក់របស់ព្រះបាទសូលនៅរស់ឬទេ? យើងចង់សំដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្ដេចយ៉ូណាថាន»។ ២ ក្នុងចំណោមអ្នកបំរើរបស់ព្រះបាទសូល មានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកគាល់ព្រះបាទដាវីឌ ហើយព្រះរាជាសួរគាត់ថា៖ «តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ ៣ ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងរាជវង្សរបស់ព្រះបាទសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សំដែងសេចក្ដីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះព្រះភក្ត្រព្រះជាម្ចាស់»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា មានកូនប្រុសម្នាក់របស់សម្ដេចយ៉ូណាថាននៅរស់ លោកខ្វិនជើងទាំងពីរ»។ ៤ ស្ដេចមានរាជឱង្ការថា៖ «តើគេនៅឯណា?»។ ស៊ីបាទូលថា៖ «លោកស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា»។ ៥ ព្រះបាទដាវីឌចាត់គេអោយទៅតាមរកលោកមេភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា។ ៦ កាលលោកមេភីបូសែត ជាកូនរបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល បានមកជួបព្រះបាទដាវីឌ លោកអោនចុះ ក្រាបមុខដល់ដីថ្វាយបង្គំស្ដេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរលោកថា៖ «អ្នកឈ្មោះមេភីបូសែតមែនឬ?»។ លោកទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ ៧ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្ដេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល ជាជីតារបស់អ្នកអោយអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
៨ លោកមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំមានឋានៈអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។
៩ ពេលនោះ ស្ដេចត្រាស់ហៅស៊ីបា ជាអ្នកបំរើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល និងព្រះញាតិវង្សអោយមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក។ ១០ ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបំរើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចំការនោះអោយមេភីបូសែត ហើយប្រមូលភោគផល ជាស្បៀងអាហារ ទុកសំរាប់បុត្ររបស់ម្ចាស់អ្នកផង។ រីឯមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបំរើម្ភៃនាក់។ ១១ គាត់ទូលស្ដេចថា៖ «បពិត្រព្រះរាជា ទូលបង្គំនឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណាជាអម្ចាស់ តែលោកមេភីបូសែតមានទម្លាប់ពិសាបាយរួមតុជាមួយទូលបង្គំ ដ្បិតលោកជាពូជពង្សរបស់ស្ដេច»។
១២ លោកមេភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបំរើរបស់លោក។ ១៣ ដោយលោកមេភីបូសែតបរិភោគរួមតុជាមួយព្រះបាទដាវីឌរៀងរាល់ថ្ងៃ លោកត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមេភីបូសែតខ្វិនជើងទាំងពីរ។