សាស្ដា
១
អ្វីៗទាំងអស់សុទ្ធតែឥតបានការ
១ នេះជាពាក្យរបស់សាស្ដា ជាបុត្ររបស់ព្រះបាទដាវីឌ និងជាព្រះមហាក្សត្រនៅក្រុងយេរូសាឡឹម។
២ សាស្ដាបានថ្លែងថា: អ្វីៗទាំងអស់សុទ្ធតែឥតន័យឥតខ្លឹមសារ និងឥតបានការ។ ៣ មនុស្សខំប្រឹងធ្វើការយ៉ាងនឿយហត់នៅលើផែនដីតើបានប្រយោជន៍អ្វី? ៤ មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។ ៥ ព្រះអាទិត្យរះឡើងរួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ ៦ ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។ ៧ ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។ ៨ អ្វីៗទាំងអស់សុទ្ធតែច្រំដែលៗ រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើលតែមិនចេះស្កប់ ត្រចៀកត្រងត្រាប់ស្ដាប់តែមិនចេះធុញទ្រាន់។ ៩ ហេតុការណ៍ដែលធ្លាប់មានកាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដីគ្មានការអ្វីថ្មីសោះឡើយ។ ១០ ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា «នេះជាហេតុការណ៍ថ្មី» តោងដឹងថាហេតុការណ៍នោះធ្លាប់កើតមានតាំងពីបុរាណកាលរួចស្រេចទៅហើយ។ ១១ គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលនឹងកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។
បទពិសោធរបស់សាស្ដា
១២ ខ្ញុំសាស្ដា ខ្ញុំគ្រងរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម។ ១៣ ខ្ញុំខិតខំស្វែងរក និងយកប្រាជ្ញាមករិះគិតពិចារណាអំពីអ្វីៗទាំងប៉ុន្មានដែលកើតមាននៅក្រោមមេឃនេះ។ ព្រះជាម្ចាស់តំរូវអោយមនុស្សលោកខ្វល់ខ្វាយធ្វើការយ៉ាងនឿយហត់បំផុត។ ១៤ ខ្ញុំបានឃើញថា ស្នាដៃទាំងប៉ុន្មានដែលមនុស្សធ្វើនៅលើផែនដី សុទ្ធតែឥតបានការដូចដេញចាប់ខ្យល់។ ១៥ អ្វីៗដែលកោង ពុំអាចបត់អោយត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។ ១៦ ខ្ញុំរិះគិតថា: ខ្ញុំមានប្រាជ្ញាកាន់តែច្រើនឡើងៗ លើសស្ដេចឯទៀតៗដែលគ្រងរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ខ្ញុំមានបទពិសោធជាច្រើនអំពីប្រាជ្ញា និងការចេះដឹង។ ១៧ ខ្ញុំខិតខំស្វែងយល់អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ ១៨ ដ្បិតមានប្រាជ្ញាច្រើនមានទុក្ខកង្វល់ក៏ច្រើន ហើយមានការចេះដឹងច្រើន មានទុក្ខព្រួយក៏ច្រើនដែរ។