លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រិស្ដ​បរិស័ទ​នៅ​ក្រុង​អេភេសូ
សេចក្ដី​ផ្ដើម
១ ខ្ញុំ ប៉ូល ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​តាំង​ជា​សាវ័ក*​របស់​ព្រះគ្រិស្ដ*​យេស៊ូ សូម​ជំរាប​មក​បង​ប្អូន​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ [នៅ​ក្រុង​អេភេសូ]​ ដែល​ជឿ​លើ​ព្រះគ្រិស្ដយេស៊ូ។ ២ សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។
ព្រះពរ​ដ៏​លើសលប់​ដែល​ព្រះជាម្ចាស់​ប្រទាន​ដល់​អ្នក​ជឿ
៣ សូម​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរមសុខ*​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ដ។ ៤ ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​អង្គ​ព្រះគ្រិស្ដ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​អោយ​យើង​បាន​វិសុទ្ធ* និង​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​។ ៥ ព្រះអង្គ​បាន​តំរូវ​យើង​ទុក​ជា​មុន អោយ​ធ្វើ​ជា​បុត្រ​របស់​ព្រះអង្គ ដោយសារ​ព្រះយេស៊ូ​គ្រិស្ដ ស្រប​នឹង​ព្រះ​បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ ៦ ដើម្បី​អោយ​យើង​លើក​តម្កើង​សិរីរុងរឿង​នៃ​ព្រះគុណ ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះបុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ៧ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ​នេះ ព្រះជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះលោហិត​របស់​ព្រះអង្គ និង​លើកលែង​ទោស​អោយ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះគុណ​ដ៏​លើសលប់​របស់​ព្រះអង្គ។ ៨ ព្រះជាម្ចាស់​ប្រណីសន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ទ្រង់​ប្រទាន​អោយ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។ ៩ ព្រះអង្គ​បាន​ប្រោស​អោយ​យើង​ស្គាល់​គំរោងការ​ដ៏​លាក់កំបាំង*​នៃ​ព្រះហឫទ័យ​របស់​ព្រះអង្គ តាម​ព្រះបំណង​ដ៏​សប្បុរស ដែល​ទ្រង់​បាន​សំរេច​ទុក​ជា​មុន​ដោយ​ព្រះអង្គ​ផ្ទាល់។ ១០ ព្រះអង្គ​ចាត់​ចែង​គំរោងការ​នេះ​អោយ​បាន​សំរេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរមសុខ និង​នៅ​លើ​ផែនដី​អោយ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ដ ជា​ម្ចាស់​តែ​មួយ។ ១១ ព្រះជាម្ចាស់​បាន​ជ្រើសរើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះគ្រិស្ដ ព្រះអង្គ​បាន​តំរូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ព្រះអង្គ ដែល​សំរេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ ១២ ដើម្បី​អោយ​យើង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​ព្រះគ្រិស្ដ​មុន​គេ​បង្អស់។ ១៣ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ បង​ប្អូន​បាន​ស្ដាប់​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹងល្អ​ដែល​សង្គ្រោះ​បង​ប្អូន។ ក្នុង​អង្គ​ព្រះគ្រិស្ដ​បង​ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សំគាល់​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាម​ព្រះបន្ទូល​សន្យា​ដែរ។ ១៤ ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​នេះ មក​បញ្ចាំ​ចិត្ត​យើង​អោយ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះអង្គ​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជា​ស្ថាពរ ដើម្បី​អោយ​គេ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ។
ពាក្យ​អធិស្ឋាន​របស់​លោក​ប៉ូល
១៥ ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បង​ប្អូន ក្នុង​អង្គ​ព្រះអម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ចំពោះ​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់ ១៦ នោះ​ខ្ញុំ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់​ឈរ ព្រោះ​តែ​បង​ប្អូន។ ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង​ប្អូន​ជានិច្ច ១៧ សូម​អោយ​ព្រះ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង គឺ​ព្រះបិតា​ប្រកប​ដោយ​សិរីរុងរឿង ប្រទាន​ព្រះវិញ្ញាណ អោយ​បង​ប្អូន​មាន​ប្រាជ្ញា និង​សំដែង​អោយ​បង​ប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ ១៨ សូម​ព្រះបិតា​បំភ្លឺ​ចិត្ត​គំនិត​បង​ប្អូន​អោយ​យល់​ថា ដោយ​ព្រះអង្គ​ត្រាស់​ហៅ​បង​ប្អូន បង​ប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បង​ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* បង​ប្អូន​នឹង​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​លើសលប់​យ៉ាង​ណា​ដែរ!។ ១៩ សូម​ទ្រង់​ប្រទាន​អោយ​បង​ប្អូន​យល់​ទៀត​ថា ឫទ្ធានុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះអង្គ​សំដែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិឫទ្ធិ​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំងក្លា ដែល​ទ្រង់​បាន​សំដែង​ក្នុង​អង្គ​ព្រះគ្រិស្ដ។ ២០ ព្រះអង្គ​បាន​សំដែង​មហិទ្ធិឫទ្ធិ​នេះ ដោយ​ប្រោស​ព្រះគ្រិស្ដ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​អោយ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ ២១ ខ្ពស់​ជាង​វត្ថុ​ស័ក្ដិសិទ្ធិ​គ្រប់​យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង​។ ២២ ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ អោយ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រិស្ដ​ ព្រម​ទាំង​ប្រទាន​អោយ​ព្រះអង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​សិរសា​លើ​ក្រុមជំនុំ ២៣ ដែល​ជា​ព្រះកាយ​របស់​ព្រះអង្គ។ ក្រុមជំនុំ​នេះ​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះគ្រិស្ដ ហើយ​ព្រះគ្រិស្ដ​ផ្ទាល់ ក៏​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់​ដែរ​។