ភារកិច្ច​របស់​លោក​ប៉ូល​ក្នុង​ការ​នាំ​ជន​ជាតិ​ដទៃ​អោយ​ស្គាល់​ព្រះជាម្ចាស់
១ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំឃាំង ព្រោះ​តែ​ព្រះគ្រិស្ដយេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​សាសន៍​ដទៃ…។ ២ បង​ប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខងារ​ដែល​ព្រះជាម្ចាស់​ប្រណីសន្ដោស​អោយ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ហើយ​មើល​ទៅ។
៣ ព្រះអង្គ​បាន​បង្ហាញ​គំរោងការ​ដ៏​លាក់​កំបាំង​អោយ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។ ៤ ពេល​បង​ប្អូន​អាន​សេចក្ដី​នោះ បង​ប្អូន​មុខ​ជា​ដឹង​ថា ខ្ញុំ​បាន​យល់​ច្បាស់​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះគ្រិស្ដ។ ៥ នៅ​ជំនាន់​ដើម មនុស្សម្នា​ពុំ​បាន​ស្គាល់​គំរោងការ​នេះ ដូច​ព្រះជាម្ចាស់​បាន​បង្ហាញ​អោយ​ក្រុម​សាវ័ក* និង​ព្យាការី*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ នា​បច្ចុប្បន្ន​កាល​ស្គាល់ តាម​រយៈ​ព្រះវិញ្ញាណ​នោះ​ឡើយ ៦ គឺ​ថា ដោយសារ​ដំណឹងល្អ* សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​ព្រះកាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ព្រះពរ តាម​ព្រះបន្ទូល​សន្យា​រួម​ជា​មួយ​សាសន៍​អ៊ីស្រាអែល ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ​ដែរ។ ៧ ខ្ញុំ​បាន​ទទួល​មុខងារ​បំរើ​ដំណឹងល្អ​នេះ តាម​ព្រះអំណោយ​ទាន​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​មក​លើ​រូប​ខ្ញុំ គឺ​ជា​ព្រះអំណោយ​ទាន​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​ខ្ញុំ ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។ ៨ ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជាជន​ដ៏វិសុទ្ធ*​ក្ដី ក៏​ព្រះជាម្ចាស់​បាន​ផ្ដល់​ព្រះគុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹងល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះគ្រិស្ដ​ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។ ៩ ព្រះជាម្ចាស់​ក៏​ប្រណីសន្ដោស អោយ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះអង្គ​ចាត់​ចែង​គំរោងការ​ដែល​លាក់​ទុក តាំង​ពី​អស់កល្ប​ជានិច្ច​រៀង​មក ក្នុង​ព្រះជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។ ១០ នៅ​ពេល​នេះ ដោយសារ​ក្រុមជំនុំ វត្ថុ​ស័ក្ដិសិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះជាម្ចាស់ ១១ តាម​ផែន​ការ​ដែល​ព្រះអង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់កល្ប​ជានិច្ច​រៀង​មក ហើយ​ទ្រង់​បាន​សំរេច​ដោយសារ​ព្រះគ្រិស្ដយេស៊ូ​ជា​ព្រះអម្ចាស់​នៃ​យើង។ ១២ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ និង​ដោយ​មាន​ជំនឿ​លើ​ព្រះអង្គ​យើង​មាន​ចិត្ត​អង់អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះជាម្ចាស់​ទាំង​ទុក​ចិត្ត។ ១៣ ហេតុ​នេះ សូម​បង​ប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ត ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរីរុងរឿង​របស់​បង​ប្អូន​វិញ​ទេ។
ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រិស្ដ
១៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយបង្គំ​ព្រះបិតា ១៥ ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរមសុខ* ទាំង​នៅ​ផែនដី ១៦ សូម​ព្រះអង្គ​មេត្តា​ប្រោស​បង​ប្អូន អោយ​មាន​កម្លាំង​មាំមួន​ផ្នែក​ខាង​ក្នុង​ជំរៅ​ចិត្ត​ ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ តាម​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ។ ១៧ សូម​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​ចិត្ត​បង​ប្អូន​ដោយ​ជំនឿ និង​សូម​អោយ​បង​ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំមួន​ក្នុង​សេចក្ដី​ស្រឡាញ់ ១៨ ដើម្បី​អោយ​បង​ប្អូន​មាន​សមត្ថភាព​អាច​យល់ រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជំរៅ និង​កំពស់ ១៩ គឺ​អោយ​បង​ប្អូន​ស្គាល់​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រិស្ដ ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​អោយ​បង​ប្អូន​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់។
២០ ព្រះជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់ ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ដែល​បំពេញ​សកម្មភាព​នៅ​ក្នុង​យើង ២១ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​ក្នុង​ក្រុមជំនុំ និង​ក្នុង​ព្រះគ្រិស្ដយេស៊ូ នៅ​គ្រប់​ជំនាន់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។