លោក​ហាម៉ាន​ទូល​សូម​អោយ​ស្ដេច​ធ្វើ​ទោស​ជន​ជាតិ​យូដា
១ ក្រោយ​ហេតុការណ៍​ទាំង​នោះ​មក ព្រះរាជា​បាន​តែងតាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដាថា ដែល​ជា​ពូជពង្ស​របស់​ស្ដេច​អកាក់​ អោយ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។ ២ ព្រះរាជា​បាន​ចេញ​បញ្ជា​អោយ​រាជ​បំរើ​ទាំង​អស់ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង​អោន​គោរព និង​ថ្វាយបង្គំ​លោក​ហាម៉ាន តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​អោន​គោរព ឬ​ថ្វាយបង្គំ​លោក​ហាម៉ាន​ទេ។ ៣ ពួក​រាជ​បំរើ​ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ពោល​ទៅ​កាន់​លោក​ម៉ាដេកាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច?»។ ៤ ពួក​គេ​តែងតែ​សួរ​លោក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ លោក​មិន​ស្ដាប់​ពួក​គេ​ឡើយ។ លោក​បាន​ប្រាប់​ពួក​គេ​ថា លោក​ជា​ជន​ជាតិ​យូដា។ ដូច្នេះ ពួក​គេ​ក៏​រាយការណ៍​ប្រាប់​លោក​ហាម៉ាន ព្រោះ​ចង់​ដឹង​ថា តើ​លោក​ម៉ាដេកាយ​នៅ​តែ​ប្រកាន់​ជំហរ​បែប​នេះ ឬ​យ៉ាង​ណា។ ៥ ពេល​លោក​ហាម៉ាន​ឃើញ​លោក​ម៉ាដេកាយ​ពុំ​ព្រម​អោន​គោរព ឬ​ថ្វាយបង្គំ​លោក​ទេ​នោះ លោក​ខឹង​ជា​ខ្លាំង។ ៦ មាន​គេ​ជំរាប​លោក​ហាម៉ាន​ថា លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា ដូច្នេះ លោក​ហាម៉ាន​ក៏​យល់​ថា នេះ​ជា​មូល​ហេតុ​មួយ ដែល​ត្រូវ​តែ​កំចាត់​លោក​ម៉ាដេកាយ​ចោល។ លោក​ក៏​រក​មធ្យោបាយ​លុប​បំបាត់​ជន​ជាតិ​យូដា ជា​ជន​រួម​ជាតិ​របស់​លោក​ម៉ាដេកាយ អោយ​វិនាស​សូន្យ​ពី​រាជាណាចក្រ​របស់​ព្រះចៅ​អហាស៊ូរុស។ ៧ នៅ​ខែ​ទី​មួយ គឺ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់ពីរ​នៃ​រជ្ជកាល​ព្រះចៅ​អហាស៊ូរុស គេ​បាន​បោះ​ពួរីម*​នៅ​ចំពោះ​មុខ​លោក​ណាម៉ាន ដើម្បី​ផ្សង​មើល​ថា តើ​ថ្ងៃ​ណា ខែ​ណា​ជា​វេលា​ល្អ។ ពួរីម​នោះ​ប៉ះ​ចំ​លើ​ខែ​ទី​ដប់ពីរ ឬ​ខែ​ផល្គុន។
៨ លោក​ហាម៉ាន​ទូល​ព្រះចៅ​អហាស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ​ខុស​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ និង​អាណាខេត្ត​ទាំង​ប៉ុន្មាន​នៃ​រាជាណាចក្រ​របស់​ព្រះករុណា ពួក​គេ​មាន​ទំនៀមទម្លាប់​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ដទៃ ហើយ​មិន​គោរព​ច្បាប់​របស់​ព្រះករុណា​ទេ។ ហេតុ​នេះ​មិន​គួរ​ព្រះករុណា​ទុក​អោយ​ពួក​គេ​រស់​នៅ​ដោយ​សុខសាន្ត​ឡើយ។ ៩ ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ សូម​ចេញ​បញ្ជា​ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទៅ។ ទូលបង្គំ​នឹង​ថ្លឹង​ប្រាក់​បី​រយ​តោន អោយ​ពួក​រាជការ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ»។ ១០ ព្រះរាជា​ក៏​ដោះ​ព្រះទំរង់​ដែល​ជា​ត្រា ហុច​ទៅ​អោយ​លោក​ណាម៉ាន​ជា​កូន​របស់​លោក​ហាំម្ដាថា និង​ជា​ពូជពង្ស​របស់​ស្ដេច​អកាក់​បច្ចាមិត្ត​របស់​ជន​ជាតិ​យូដា។ ១១ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «ចូរ​ទុក​ប្រាក់​របស់​លោក​ចុះ រីឯ​ជាតិ​សាសន៍​នោះ​វិញ យើង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ!»។ ១២ នៅ​ថ្ងៃ​ទី​បី​ក្នុង​ខែ​ទី​មួយ គេ​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក អោយ​សរសេរ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​ហាម៉ាន សំរាប់​ផ្ញើ​ជូន​ពួក​មេ​បញ្ជាការ​កងទ័ព ពួក​ទេសាភិបាល​អាណាខេត្ត និង​មេ​ដឹក​នាំ​របស់​ជាតិ​សាសន៍​នានា។ លិខិត​នោះ​សរសេរ​តាម​អក្សរ​របស់​អាណាខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ ក្នុង​នាម​ព្រះចៅ​អហាស៊ូរុស ព្រម​ទាំង​មាន​ប្រថាប់​ត្រា​ព្រះរាជា​ទៀត​ផង។ ១៣ គេ​ចាត់​អ្នក​នាំ​សារ​អោយ​យក​លិខិត​ទាំង​នោះ ទៅ​គ្រប់​អាណាខេត្ត​របស់​ព្រះរាជា បញ្ជា​អោយ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​អស់ ទាំង​ក្មេង​ប្រុស ទាំង​មនុស្ស​ចាស់​ជរា ទាំង​ទារក​ដែល​នៅ​បៅ ទាំង​ស្ត្រី ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​អោយ​វិនាស​សូន្យ​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​ដប់​បី​ក្នុង​ខែ​ទី​ដប់ពីរ ដែល​ត្រូវ​នឹង​ខែ​ផល្គុន។ ១៤ អាណាខេត្ត​នីមួយៗ​ទទួល​រាជក្រឹត្យ​មួយ​ច្បាប់ សំរាប់​ប្រកាស​ជា​សាធារណៈ ដើម្បី​អោយ​ប្រជាជន​ទាំង​អស់​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​នោះ។ ១៥ ពួក​អ្នក​នាំ​សារ​ប្រញាប់ប្រញាល់​ចាក​ចេញ​ទៅ​តាម​បញ្ជា​របស់​ស្ដេច។ គេ​ក៏​បាន​ប្រកាស​រាជក្រឹត្យ​នេះ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី​ដែរ។ ពេល​នោះ ព្រះរាជា​គង់​សោយ​សុរា​ជា​មួយ​លោក​ហាម៉ាន តែ​មាន​សំរែក​យំ​សោក​ពាសពេញ​ក្រុង​ស៊ូសាន។