២៤
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល
១ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំអើរ៉ុន ណាដាប អប៊ីហ៊ូវ និងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល ចំនួនចិតសិបនាក់ ឡើងមកជួបព្រះអម្ចាស់នៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។ ២ មានតែម៉ូសេម្នាក់ប៉ុណ្ណោះ ដែលអាចមកជិតព្រះអម្ចាស់បាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសេដែរ»។
៣ លោកម៉ូសេក៏នាំព្រះបន្ទូល និងវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ ៤ លោកម៉ូសេបានកត់ត្រាទុកនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់។ ស្អែកឡើង លោកក្រោកពីព្រលឹម លោកសង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរស្ដូបដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ ៥ បន្ទាប់មក លោកចាត់ពួកយុវជនអ៊ីស្រាអែលអោយថ្វាយតង្វាយដុតទាំងមូល ហើយសម្លាប់គោបាធ្វើជាយញ្ញបូជាមេត្រីភាព*ថ្វាយព្រះអម្ចាស់។ ៦ លោកម៉ូសេយកឈាមពាក់កណ្ដាលចាក់ទៅក្នុងផើង ហើយពាក់កណ្ដាលទៀត ប្រោះទៅលើអាសនៈ។ ៧ បន្ទាប់មក លោកយកគម្ពីរនៃសម្ពន្ធមេត្រីមកអានអោយប្រជាជនស្ដាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ ៨ លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយអ្នករាល់គ្នា ដោយមានព្រះបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
៩ លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអើរ៉ុន លោកណាដាប និងលោកអប៊ីហ៊ូវ ព្រមទាំងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទាំងចិតសិបនាក់។ ១០ ពួកលោកបានឃើញព្រះរបស់ជនជាតិអ៊ីស្រាអែល។ នៅក្រោមព្រះបាទាព្រះអង្គ មានដូចជាត្បូងកណ្ដៀងសុទ្ធ ភ្លឺថ្លាដូចផ្ទៃមេឃ។ ១១ ព្រះជាម្ចាស់ពុំបានប្រហារវរជនរបស់ជនជាតិអ៊ីស្រាអែលទេ។ អស់លោកទាំងនោះបានឃើញព្រះជាម្ចាស់ ហើយនាំគ្នាធ្វើពិធីជប់លៀង។
១២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មអោយអ្នក នៅលើបន្ទះថ្ម យើងបានចារឹកក្រឹត្យវិន័យ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។ ១៣ លោកម៉ូសេក៏ឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយលោកយ៉ូស្វេ ជាសហការីរបស់លោក។ ១៤ លោកផ្ដាំព្រឹទ្ធាចារ្យថា៖ «សូមអស់លោករង់ចាំនៅទីនេះ រហូតដល់ពួកយើងត្រឡប់មកវិញ។ លោកអើរ៉ុន និងលោកហ៊ើរ នៅទីនេះជាមួយអស់លោក ប្រសិនបើអ្នកណាមានបញ្ហាអ្វីដែលត្រូវដោះស្រាយ ត្រូវអោយអ្នកនោះទៅជួបលោកទាំងពីរចុះ»។ ១៥ លោកម៉ូសេឡើងទៅលើភ្នំ ពេលនោះ មានពពក*មកគ្របបាំងលើភ្នំ។ ១៦ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពពក។ ១៧ ជនជាតិអ៊ីស្រាអែលឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។ ១៨ លោកម៉ូសេចូលទៅក្នុងពពក ហើយឡើងលើភ្នំ។ លោកស្ថិតនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។