អេសេគាល
(ព្យាការី​អេសេគីអែល)
ព្រះបន្ទូល​ស្ដី​អំពី​ក្រុង​យេរូសាឡឹម
លោក​អេសេគាល​និមិត្ត​ឃើញ​សិរីរុងរឿង​ព្រះអម្ចាស់
១ នៅ​ឆ្នាំ​ទី​សាមសិប ថ្ងៃ​ទី​ប្រាំ​ក្នុង​ខែ​ទី​បួន ពេល​ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​កេបារ​ ជា​មួយ​ប្រជាជន​ដែល​គេ​កៀរ​មក​ជា​ឈ្លើយ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្តហេតុ​អស្ចារ្យ​ពី​ព្រះជាម្ចាស់។
២ នៅ​ថ្ងៃ​ទី​ប្រាំ​ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​ក្រោយ​គេ​ចាប់​ព្រះបាទ​យ៉ូយ៉ាគីន​មក​ជា​ឈ្លើយ ៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​អេសេគាល​ជា​កូន​របស់​លោក​បូជាចារ្យ​ប៊ូស៊ី នៅ​ស្រុក​ខាល់ដេ​ជិត​ទន្លេ​កេបារ។ ពេល​នោះ ព្រះអម្ចាស់​ដាក់​ព្រះហស្ដ​លើ​លោក។
៤ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះត្រចង់។ ៥ នៅ​ខាង​ក្នុង​ពពក​នោះ​មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស។ ៦ សត្វ​នីមួយៗ​មាន​មុខ​បួន និង​ស្លាប​បួន។ ៧ ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។ ៨ នៅ​ក្រោម​ស្លាប​ទាំង​បួន​មាន​ដៃ​ដូច​ដៃ​មនុស្ស លាត​សន្ធឹង​ទៅ​រក​ទិស​ទាំង​បួន ដូច​មុខ និង​ស្លាប​ដែរ។ ៩ ស្លាប​របស់​សត្វ​ទាំង​នោះ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក។ សត្វ​ទាំង​បួន​ហើរ​តម្រង់​ទៅ​មុខ​ជានិច្ច​ឥត​ងាក​រេ​ឡើយ។ ១០ សត្វ​នីមួយៗ មាន​មុខ​បួន នៅ​ផ្នែក​ខាង​មុខ​មាន​ភិនភាគ​ដូច​មនុស្ស ផ្នែក​ខាង​ស្ដាំ​ដូច​សិង្ហ ផ្នែក​ខាង​ឆ្វេង​ដូច​គោ និង​ផ្នែក​ខាង​ក្រោយ​ដូច​ឥន្ទ្រី។ ១១ ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​ត្រដាង​ទៅ​លើ ហើយ​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក រីឯ​ស្លាប​ពីរ​ទៀត​ហ៊ុមព័ទ្ធ​រូប​កាយ។ ១២ សត្វ​នីមួយៗ​ហើរ​តម្រង់​ទៅ​មុខ​ឥត​ងាក​រេ​ឡើយ តាម​វិញ្ញាណ​ជំរុញ​អោយ​ទៅ។ ១៣ នៅ​ចន្លោះ​សត្វ​ទាំង​បួន​មាន​ទ្រង់​ទ្រាយ​ដូច​ជា​គប់​ភ្លើង ហើយ​ភ្លើង​នោះ​ធ្វើ​ចលនា​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ទាំង​បញ្ចេញ​ពន្លឺ​រស្មី​ភ្លឺ​ផ្លេក។ ១៤ សត្វ​ទាំង​បួន​ហើរ​ចុះ​ឡើង លឿន​ដូច​រន្ទះ។
១៥ ពេល​ខ្ញុំ​សម្លឹង​មើល​សត្វ​ទាំង​បួន ខ្ញុំ​ឃើញ​មាន​កង់​នៅ​ដី ចំ​ពី​មុខ​សត្វ​ទាំង​បួន។ ១៦ កង់​ទាំង​នោះ​មាន​ទ្រង់​ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ ហើយ​កង់​មួយ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។ ១៧ ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​វិល​ទៅ​ទិស​ទាំង​បួន​ដោយ​ឥត​ងាក​រេ។ ១៨ កង់​នោះ​មាន​កំពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ផ្កា​ភ្លើង​​នៅ​ពាសពេញ។ ១៩ ពេល​សត្វ​ទាំង​បួន​ទៅ​មុខ​កង់​ក៏​វិល​ទៅ​មុខ ពេល​សត្វ​ទាំង​បួន​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ដែរ។ ២០ សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ​តាម​វិញ្ញាណ​ជំរុញ​អោយ​ទៅ ហើយ​កង់​ក៏​ហោះ​ឡើង​ទៅ​ដែរ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។ ២១ ពេល​សត្វ​ទៅ​មុខ​កង់​ក៏​ទៅ​មុខ ពេល​សត្វ​ឈប់​កង់​ក៏​ឈប់ ពេល​សត្វ​ឡើង​ផុត​ពី​ដី​កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។
២២ នៅ​លើ​ក្បាល​សត្វ​នីមួយៗ​មាន​ដូច​ជា​លំហ​អាកាស ដែល​ចាំង​ពន្លឺ​រស្មី​ដ៏​ភ្លឺ​ថ្លា​ពី​លើ​ក្បាល​សត្វ​ទាំង​នោះ។ ២៣ នៅ​ក្រោម​លំហ ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​សំកាំង​យ៉ាង​ត្រង់​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ស្លាប​ពីរ​ទៀត​ហ៊ុមព័ទ្ធ​ជុំវិញ​ខ្លួន។ ២៤ ពេល​សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ ខ្ញុំ​ឮ​សន្ធឹក​ស្លាប​ដូច​សូរស័ព្ទ​មហា​សាគរ និង​ដូច​ព្រះសូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត។ សន្ធឹក​ស្លាប​នោះ​ក៏​លាន់​ឮ​ឡើង​យ៉ាង​ទ្រហឹង​អឺងអាប់ ដូច​សន្ធឹក​កងទ័ព។ នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ក៏​ទម្លាក់​ស្លាប​ចុះ។ ២៥ មាន​សំឡេង​មួយ​លេច​ឮ​ពី​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​បួន នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ទម្លាក់​ស្លាប​ចុះ។
២៦ នៅ​លើ​លំហ​អាកាស ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត​មាន​ដូច​ជា​ទ្រង់​ទ្រាយ​របស់​មនុស្ស​ម្នាក់។ ២៧ ខ្ញុំ​ក៏​បាន​ឃើញ​ពន្លឺ​ក្រហម​ឆ្អៅ ភ្លឺ​ដូច​ភ្លើង​នៅ​ជុំវិញ ហើយ​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ឡើង​ទៅ​លើ និង​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម ក៏​មាន​ដូច​ជា​ពន្លឺ​ភ្លើង​ដ៏​ភ្លឺ​ត្រចះត្រចង់​ព័ទ្ធ​ជុំវិញ​ដែរ។ ២៨ ពន្លឺ​ដ៏​ត្រចះត្រចង់​ព័ទ្ធ​ជុំវិញ​នោះ ដូច​ឥន្ទធនូ​នៅ​ថ្ងៃ​មាន​ភ្លៀង គឺ​ដូច​ជា​រស្មី​នៃ​សិរីរុងរឿង​របស់​ព្រះអម្ចាស់។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី ហើយ​ខ្ញុំ​ឮ​សំឡេង​មួយ​ពោល​មក​កាន់​ខ្ញុំ។​