ការ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម
១ «កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទីក្រុង​យេរូសាឡឹម​នៅ​លើ​ឥដ្ឋ​នោះ។ ២ បន្ទាប់​មក ចូរ​ដាក់​ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​ក្រុង​នោះ ព្រម​ទាំង​សង់​ប៉ម និង​លើក​ទួល​ឡើង​សំរាប់​វាយ​លុក​ក្រុង​នោះ​ផង។ ចូរ​ដាក់​ទី​តាំង​ទ័ព និង​ដាក់​គ្រឿង​សស្រ្ដាវុធ​ដ៏​ធំៗ ត្រៀម​ជុំវិញ​ទីក្រុង ដើម្បី​ទម្លុះ​កំពែង។ ៣ ចូរ​យក​បន្ទះ​ដែក​មួយ​មក​ធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​ពី​ក្រុង​នោះ។ ចូរ​សម្លឹង​ទៅ​រក​ទីក្រុង ហើយ​ឡោមព័ទ្ធ​ក្រុង​នោះ​ទុក​ជា​ទី​សំគាល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ថា ខ្មាំង​សត្រូវ​នឹង​ព័ទ្ធ​ក្រុង​យេរូសាឡឹម។
៤ រីឯ​អ្នក​វិញ ចូរ​ដេក​ផ្អៀង​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​បាប​របស់​ជន​ជាតិ​អ៊ីស្រាអែល​លើ​ខ្លួន​អ្នក​ដែរ។ អ្នក​ត្រូវ​ទទួល​យក​អំពើ​បាប​របស់​ពួក​គេ​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។ ៥ យើង​អោយ​អ្នក​ដេក​ដូច្នេះ បី​រយ​កៅសិប​ថ្ងៃ​ ស្មើ​នឹង​ចំនួន​ឆ្នាំ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន​ជាតិ​អ៊ីស្រាអែល​តាម​របៀប​នេះ។ ៦ ពេល​អ្នក​ដេក​ផ្អៀង​ខាង​ឆ្វេង​គ្រប់​ចំនួន​ថ្ងៃ​ហើយ ចូរ​ដេក​ផ្អៀង​ខាង​ស្ដាំ​ម្ដង។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន​ជាតិ​យូដា​ចំនួន​សែសិប​ថ្ងៃ​ គឺ​មួយ​ថ្ងៃ​ស្មើ​នឹង​មួយ​ឆ្នាំ។ ៧ អ្នក​ត្រូវ​សម្លឹង​ទៅ​រក​ក្រុង​យេរូសាឡឹម ដែល​ខ្មាំង​ឡោមព័ទ្ធ ហើយ​លើក​ដៃ​ប្រកាស​ប្រឆាំង​នឹង​ក្រុង​នេះ​ក្នុង​នាម​យើង។ ៨ យើង​នឹង​យក​ខ្សែពួរ​ចង​អ្នក ដើម្បី​កុំ​អោយ​អ្នក​អាច​ប្រែ​ពី​ម្ខាង​ទៅ​ម្ខាង​រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ ដែល​អ្នក​ត្រូវ​ឡោមព័ទ្ធ​ទីក្រុង។
៩ ចូរ​យក​ម្សៅមី អង្ករ កន្ទក់ សណ្ដែក គ្រាប់​ពោត និង​ល្ង មក​លាយ​ក្នុង​ចាន​តែ​មួយ ហើយ​ដុត​ធ្វើ​នំបុ័ង​សំរាប់​បរិភោគ ក្នុង​រយៈ​ពេល​បី​រយ​កៅសិប​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។ ១០ ក្នុង​អំឡុង​ពេល​នោះ អ្នក​ត្រូវ​បរិភោគ​អាហារ​នេះ​ដោយ​កំរិត គឺ​មួយ​ថ្ងៃ​ពីរ​ខាំ​កន្លះ។ ១១ រីឯ​ទឹក​ក៏​ត្រូវ​កំរិត​ដែរ គឺ​ក្នុង​អំឡុង​ពេល​នោះ មួយ​ថ្ងៃ​ផឹក​យ៉ាង​ច្រើន​មួយ​លីត្រ។ ១២ អ្នក​ត្រូវ​បរិភោគ​នំ​ធ្វើ​ពី​ម្សៅ​អង្ករ ដែល​អ្នក​យក​លាមក​របស់​មនុស្ស មក​ប្រើ​សំរាប់​ដុត​នំ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា»។
១៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​ដែល​យើង​បណ្ដេញ​អោយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ក៏​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ»។
១៤ ខ្ញុំ​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះជាអម្ចាស់ ទូលបង្គំ​តែង​តែ​ចៀស​វាង​អ្វីៗ​គ្រប់​យ៉ាង ដែល​ធ្វើ​អោយ​មាន​សៅហ្មង គឺ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ ទូលបង្គំ​មិន​ធ្លាប់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​ឡើយ ហើយ​ទូលបង្គំ​ក៏​មិន​បរិភោគ​សាច់​សត្វ​មិន​បរិសុទ្ធ​ដែរ»។ ១៥ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «បើ​ដូច្នេះ​យើង​អនុញ្ញាត​អោយ​អ្នក​ប្រើ​លាមក​គោ​ជំនួស​លាមក​មនុស្ស​សំរាប់​ដុត​នំបុ័ង»។ ១៦ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ! យើង​នឹង​បំបាត់​នំបុ័ង​អោយ​អស់​ពី​ក្រុង​យេរូសាឡឹម។ ពួក​គេ​នឹង​បរិភោគ​អាហារ ដោយ​មាន​កំរិត ទាំង​ព្រួយ​បារម្ភ ហើយ​ផឹក​ទឹក​ដោយ​វាល់​ទាំង​ខ្លោចផ្សា។ ១៧ ពួក​គេ​នឹង​ខ្វះ​អាហារ ខ្វះ​ទឹក ហើយ​ខ្លោចផ្សា​ទាំង​អស់​គ្នា ពួក​គេ​នឹង​ត្រូវ​វិនាស ដោយសារ​អំពើ​បាប​របស់​ខ្លួន»។