១២
ប្រផ្នូល​អំពី​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់ខ្ចាយ
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ ២ «កូន​មនុស្ស​អើយ! អ្នក​រស់​នៅ​ក្នុង​ចំណោម​ពូជ​អ្នក​បះបោរ។ ពួក​គេ​មាន​ភ្នែក​តែ​មើល​មិន​ឃើញ មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះបោរ។ ៣ កូន​មនុស្ស​អើយ ចូរ​រៀបចំ​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ ហើយ​ចេញ​ពី​ផ្ទះ​ទាំង​ថ្ងៃ​អោយ​ពួក​គេ​ឃើញ​គ្រប់ៗ​គ្នា។ ធ្វើ​ដូច្នេះ​ប្រហែល​ជា​ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​ជា​ពូជ​អ្នក​បះបោរ។ ៤ អ្នក​ត្រូវ​រៀបចំ​អីវ៉ាន់ វេច​បង្វេច​ទាំង​ថ្ងៃ ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ​អោយ​គេ​ឃើញ​គ្រប់​គ្នា។ ដល់​ពេល​ល្ងាច​ត្រូវ​ចេញ​ដំណើរ​ទៅ​ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។ ៥ ចូរ​ទម្លុះ​កំពែង​អោយ​គេ​ឃើញ រួច​បញ្ចេញ​បង្វេច​តាម​ប្រឡោះ​នោះ។ ៦ ត្រូវ​លើក​បង្វេច​នោះ​ស្ពាយ​អោយ​ពួក​គេ​ឃើញ ហើយ​ចេញ​ដំណើរ​ទៅ​ទាំង​ងងឹត ព្រម​ទាំង​បិទ​មុខ ដើម្បី​កុំ​អោយ​អ្នក​ឃើញ​ថា អ្នក​ទៅ​ទី​ណា ដ្បិត​យើង​ចង់​អោយ​អ្នក​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សំរាប់​ពូជពង្ស​អ៊ីស្រាអែល»។
៧ ខ្ញុំ​ធ្វើ​តាម​បញ្ជា​របស់​ព្រះអម្ចាស់ គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​រៀបចំ​អីវ៉ាន់ វេច​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។ នៅ​ពេល​ល្ងាច​ខ្ញុំ​ទម្លុះ​កំពែង​ក្រុង​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ចេញ​ដំណើរ​ទៅ​នៅ​ពេល​ងងឹត ទាំង​ស្ពាយ​បង្វេច​អោយ​ពួក​គេ​ឃើញ​ទាំង​អស់​គ្នា។
៨ លុះ​ព្រឹក​ឡើង​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ៩ «កូន​មនុស្ស​អើយ! ពូជពង្ស​អ៊ីស្រាអែល​ដែល​ជា​ពូជ​បះបោរ​នេះ​មុខ​ជា​សួរ​អ្នក​ថា “តើ​លោក​ធ្វើ​អ្វី?” ១០ ត្រូវ​តប​ទៅ​ពួក​គេ​ថា “ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា នេះ​ជា​ការ​ព្រមាន​ដល់​ស្ដេច​នៅ​ក្រុង​យេរូសាឡឹម និង​ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល ដែល​ស្ថិត​នៅ​ក្រុង​នេះ”។ ១១ ចូរ​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​ធ្វើ​ដូច្នេះ​ជា​ប្រផ្នូល​សំរាប់​អ្នក​រាល់​គ្នា។ ខ្ញុំ​ធ្វើ​យ៉ាង​ណា​អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។ ១២ រីឯ​ស្ដេច​ដែល​គ្រប់គ្រង​អ្នក​រាល់​គ្នា ក៏​នឹង​ស្ពាយ​បង្វេច​ចាក​ចេញ​ពី​ក្រុង​ទៅ ក្នុង​ពេល​ងងឹត​ដែរ។ គេ​នឹង​ទម្លុះ​កំពែង​ក្រុង​អោយ​ស្ដេច​ចេញ​ទាំង​បិទ​មុខ មិន​អោយ​ឃើញ​ថា​ទៅ​ទី​ណា។ ១៣ យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​អន្ទាក់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ីឡូន គឺ​ស្រុក​របស់​ជន​ជាតិ​ខាល់ដេ គេ​នឹង​ស្លាប់​នៅ​ស្រុក​នោះ តែ​ឥត​បាន​ឃើញ​ស្រុក​នោះ​ឡើយ។​ ១៤ យើង​នឹង​កំចាត់កំចាយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច គឺ​ទាំង​អង្គរក្ស និង​ទាហាន​ទាំង​ប៉ុន្មាន​របស់​ស្ដេច អោយ​ទៅ​គ្រប់​ទី​កន្លែង ព្រម​ទាំង​យក​ដាវ​ដេញ​តាម​ប្រហារ​ពួក​គេ​ពី​ក្រោយ​ផង។ ១៥ ពេល​ណា​យើង​បំបែក​ពួក​គេ​អោយ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា ពេល​ណា​យើង​កំចាត់កំចាយ​ពួក​គេ​ទៅ​នៅ​តាម​ស្រុក​ទាំងឡាយ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ១៦ ប៉ុន្តែ យើង​ទុក​អោយ​ពួក​គេ​មួយ​ចំនួន​នៅ​សេសសល់ គឺ​គេច​ផុត​ពី​មុខ​ដាវ ពី​ទុរ្ភិក្ស និង​ជំងឺ​រាតត្បាត ដើម្បី​អោយ​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ប្រាប់​ប្រជាជាតិ​នានា។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន”»។
១៧ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៨ «កូន​មនុស្ស​អើយ ចូរ​បរិភោគ​អាហារ ទាំង​ញាប់ញ័រ ចូរ​ផឹក​ទឹក​ទាំង​ស្លន់ស្លោ និង​ភ័យ​រន្ធត់។ ១៩ ចូរ​ថ្លែង​ប្រាប់​ប្រជាជន​នៅ​ស្រុក​នេះ​ដូច​ត​ទៅ: ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​អំពី​អ្នក​ក្រុង​យេរូសាឡឹម​ដែល​រស់​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ថា ពួក​គេ​នឹង​បរិភោគ​អាហារ ទាំង​ភ័យ​រន្ធត់​ពួក​គេ​នឹង​ផឹក​ទឹក​ទាំង​តក់ស្លុត ដ្បិត​ស្រុក​របស់​គេ ក្លាយ​ទៅ​ជា​ទី​ស្មសាន​បាត់​បង់​អ្វីៗ​ទាំង​អស់ ព្រោះ​តែ​អំពើ​ឃោរឃៅ​ដែល​អ្នក​ស្រុក​នេះ​ប្រព្រឹត្ត។ ២០ ក្រុង​ដែល​ធ្លាប់​តែ​មាន​ប្រជាជន​កុះករ​នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ហើយ​ស្រុក​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន»។
២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២២ «កូន​មនុស្ស​អើយ នៅ​ស្រុក​អ៊ីស្រាអែល អ្នក​រាល់​គ្នា​មាន​សុភាសិត​មួយ​ចែង​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ តែ​គ្មាន​និមិត្តហេតុ​ណា​មួយ​សំរេច​ជា​រូប​រាង​សោះ!”។ ២៣ ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​លុប​បំបាត់​សុភាសិត​នេះ គឺ​គេ​នឹង​លែង​និយាយ​ពី​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ​ចូរ​ប្រាប់​ពួក​គេ​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ និមិត្តហេតុ​ទាំង​ប៉ុន្មាន​នឹង​សំរេច​ជា​រូប​រាង​មិន​ខាន” ២៤ ដ្បិត​នៅ​ស្រុក​អ៊ីស្រាអែល លែង​មាន​និមិត្តហេតុ​ឥត​បាន​ការ ឬ​ការ​ទស្សន៍ទាយ​បញ្ជោរ​ទៀត​ហើយ។ ២៥ យើង​ជា​ព្រះអម្ចាស់ ការ​អ្វី​ដែល​យើង​ថ្លែង​តែង​តែ​សំរេច​ជា​រូប​រាង​ឥត​បង្អង់​ឡើយ។ ពិត​មែន​ហើយ​យើង​នឹង​សំរេច​តាម​ពាក្យ​របស់​យើង ក្នុង​ពេល​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ​អ្នក​បះបោរ នៅ​មាន​ជីវិត​នៅ​ឡើយ» -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
២៦ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២៧ «កូន​មនុស្ស​អើយ កូន​ចៅ​អ៊ីស្រាអែល​ពោល​ថា “និមិត្តហេតុ​អស្ចារ្យ​ដែល​អ្នក​ឃើញ​នេះ គឺ​សំរាប់​អនាគតកាល​ដ៏​យូរលង់ ហើយ​សេចក្ដី​ដែល​គាត់​ថ្លែង​ក៏​សំរាប់​ពេល​ដ៏​ឆ្ងាយ​ខាង​មុខ​ដែរ”។ ២៨ ហេតុ​នេះ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្វីៗ​ដែល​យើង​ថ្លែង​តែង​តែ​សំរេច​ជា​រូប​រាង​ឥត​បង្អង់​ឡើយ» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់