៣១
ប្រស្នាអំពីដើមតាត្រៅដែលគេកាប់
១ នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែទីបី ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២ «កូនមនុស្សអើយ ចូរប្រាប់ផារ៉ោនជាស្ដេចស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនរបស់គេថា:
តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី?
៣ អ្នកប្រៀបដូចជាដើមតាត្រៅនៅលើភ្នំលីបង់
ដែលបែកមែកសាខា និងមានម្លប់ដ៏ត្រជាក់។
ដើមតាត្រៅនោះលូតឡើង
ចុងវាខ្ពស់កប់ពពក។
៤ ទឹកទន្លេធ្វើអោយវាដុះធំឡើង
ទឹកនៅទីជំរៅធ្វើអោយវាលូតឡើងយ៉ាងខ្ពស់
ហើយហូរជុំវិញដើមនោះ
រួចបែកជាដៃទន្លេ ហូរទៅស្រោចស្រព
ដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ។
៥ ដើមតាត្រៅនោះលូតឡើងខ្ពស់
លើសដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃ
បែកមែកសាខា ហើយលាតសន្ធឹង
ព្រោះឫសវាសម្បូណ៌ទឹក។
៦ បក្សាបក្សីនាំគ្នាមកធ្វើសំបុក
នៅតាមមែករបស់វា
រីឯសត្វព្រៃទាំងប៉ុន្មាន
ក៏មកបង្កើតកូនចៅនៅក្រោមមែករបស់វា
ហើយប្រជាជាតិទាំងអស់ក៏ជ្រកក្រោម
ម្លប់របស់វាដែរ។
៧ ដើមតាត្រៅនោះល្អណាស់
ព្រោះវាខ្ពស់មានមែកលាតសន្ធឹងយ៉ាងវែង
ហើយឫសរបស់វាចាក់ទៅរកកន្លែងសម្បូណ៌ទឹក។
៨ ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះជាម្ចាស់
មិនអាចប្រៀបផ្ទឹមនឹងវាបានទេ
រីឯដើមគគីរ ឬដើមកកោះ
ក៏មិនអាចផ្ទឹមស្មើនឹងវាបានដែរ
គ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះជាម្ចាស់
ល្អដូចដើមតាត្រៅនេះឡើយ។
៩ យើងបានតុបតែងវាអោយមានមែកជាច្រើន
ដើមឈើទាំងប៉ុន្មាននៅអេដែន
ដែលជាឧទ្យានរបស់ព្រះជាម្ចាស់
នាំគ្នាច្រណែននឹងវា។
១០ យើងជាព្រះជាអម្ចាស់ យើងប្រាប់អោយដឹងថា ដើមតាត្រៅនេះមានកំពស់ខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក ហើយចិត្តរបស់វាក៏ព្រហើនដែរ។ ១១ ហេតុនេះហើយបានជាយើងប្រគល់វា ទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជាជាតិទាំងឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។ ១២ ជនបរទេសដែលសាហាវជាងគេទាំងអស់ក្នុងចំណោមប្រជាជាតិទាំងឡាយ បានកាប់ដើមឈើនោះរួចទុកចោល។ មែករបស់វារលំទៅលើតំបន់ភ្នំ និងជ្រលងភ្នំទាំងអស់។ រីឯមែកតូចៗរបស់វា បាក់ធ្លាក់ទៅតាមជ្រោះទាំងឡាយនៅក្នុងស្រុកនោះ។ ជាតិសាសន៍ទាំងប៉ុន្មាននៅផែនដីនាំគ្នាចាកចេញពីម្លប់របស់វា ហើយបោះបង់វាចោល។ ១៣ សត្វស្លាបទាំងប៉ុន្មាន នាំគ្នាមកទំនៅតាមមែកបាក់របស់វា ហើយសត្វសាហាវទាំងអស់ក៏មកស្នាក់អាស្រ័យនៅ តាមមែកតូចៗរបស់វាដែរ។ ១៤ ធ្វើដូច្នេះ កុំអោយដើមឈើដែលសម្បូណ៌ទឹកដុះខ្ពស់កប់ពពកឡើយ ហើយកុំអោយដើមឈើណាអួតអាងថា ខ្លួនខ្ពស់ជាងគេដែរ។ ដើមឈើទាំងឡាយមិនខុសពីមនុស្សទេ វានឹងត្រូវស្លាប់ធ្លាក់ទៅបាតដី រួមជាមួយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ»។
១៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅស្ថានមច្ចុរាជ យើងបានអោយធម្មជាតិកាន់ទុក្ខ។ ព្រោះតែដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកំរើកទៀតដែរ។ យើងបានធ្វើអោយមានភាពងងឹតគ្របដណ្ដប់លើភ្នំលីបង់ និងធ្វើអោយព្រៃឈើទាំងប៉ុន្មានស្ងួតហួតហែងអស់។ ១៦ យើងបានធ្វើអោយប្រជាជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅស្ថានមច្ចុរាជជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់នាំគ្នាសប្បាយចិត្ត។ ១៧ ដើមឈើទាំងនោះក៏ចុះទៅស្ថានមច្ចុរាជជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្សសម្ព័ន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។
១៨ ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្ដុង្គឧត្ដមដូចអ្នក? ទោះជាយ៉ាងនេះក្ដី អ្នកក៏នឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្ដេចផារ៉ោន និងប្រជាជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។