៤៧
ទឹកស្ទឹងហូរចេញពីព្រះវិហារ
១ បុរសនោះនាំខ្ញុំឆ្ពោះទៅកាន់ទ្វារព្រះដំណាក់វិញ។ នៅទីនោះខ្ញុំឃើញទឹកផុសចេញពីក្រោមមាត់ទ្វារ ហូរទៅទិសខាងកើត ព្រោះព្រះដំណាក់បែរមុខទៅខាងកើត។ ទឹកហូរចុះទៅខាងស្ដាំព្រះដំណាក់កាត់តាមខាងត្បូងអាសនៈ។ ២ បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងព្រះដំណាក់ រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះទឹកក៏ហូរចេញពីខាងស្ដាំមកដែរ។
៣ កាលបុរសនោះចេញទៅខាងកើត ទាំងកាន់ខ្សែរង្វាស់លោកវាស់មួយពាន់ហត្ថ រួចអោយខ្ញុំដើរលុយទឹក ទឹកឡើងដល់ត្រឹមភ្នែកគោល។ ៤ លោកវាស់មួយពាន់ហត្ថទៀត ហើយអោយខ្ញុំដើរលុយទឹកទឹកឡើងដល់ត្រឹមក្បាលជង្គង់។ លោកវាស់មួយពាន់ហត្ថសាជាថ្មីទៀត រួចអោយខ្ញុំលុយទឹក លើកនេះទឹកឡើងដល់ត្រឹមចង្កេះ។ ៥ លោកវាស់ថែមមួយពាន់ហត្ថទៀត ពេលនោះ ទឹកហូរខ្លាំងដូចទឹកស្ទឹង ខ្ញុំលុយលែងកើតត្រូវតែហែល ព្រោះទឹកឡើងខ្លាំងពេកហើយជ្រៅផង។ ៦ លោកប្រាប់ខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញឬទេ?» លោកក៏នាំខ្ញុំទៅមាត់ស្ទឹងវិញ។ ៧ កាលខ្ញុំមកដល់មាត់ស្ទឹង ឃើញមានដើមឈើជាច្រើនដុះទាំងសងខាង។ ៨ លោកប្រាប់ខ្ញុំថា៖ «ទឹកនេះហូរទៅស្រុកខាងកើត ចុះទៅដល់តំបន់ទន្លេយ័រដាន់ រួចហូរចាក់ទៅសមុទ្រធ្វើអោយទឹកសមុទ្រប្រែជាទឹកសាប។ ៩ ស្ទឹងនេះហូរកាត់កន្លែងណា កន្លែងនោះមានសត្វគ្រប់ប្រភេទរស់នៅរវើករវ័ណ្ឌ ហើយមានត្រីដ៏ច្រើនឥតគណនា ដ្បិតទឹកនេះហូរចូលសមុទ្រ ធ្វើអោយទឹកសមុទ្រនោះប្រែទៅជាទឹកសាប។ ទឹកនេះហូរទៅកន្លែងណា ជីវិតនឹងកើតមាននៅកន្លែងនោះ។ ១០ ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះមានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។ ១១ រីឯទឹកនៅតាមព្រៃល្បប់ និងព្រៃរនាមជាប់នឹងសមុទ្រនោះ នៅតែប្រៃដដែល ព្រោះជាកន្លែងបម្រុងទុកសំរាប់ធ្វើអំបិល។ ១២ នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែគ្រប់មុខដុះ ស្លឹកវាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ រៀងរាល់ខែ ដើមឈើទាំងនោះផ្ដល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសំរាប់កែរោគផង»។
ការបែងចែកទឹកដីស្រុកអ៊ីស្រាអែល
១៣ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវបែងចែកទឹកដី អោយកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលដូចតទៅ: កូនចៅយ៉ូសែបទទួលពីរចំណែក។ ១៤ ក្រៅពីនោះអ្នករាល់គ្នាត្រូវបែងចែកអោយស្មើ គឺស្របតាមពាក្យដែលយើងបានសន្យាយ៉ាងឱឡារិកថា នឹងប្រគល់អោយដូនតារបស់អ្នករាល់គ្នា។ ដូច្នេះ ទឹកដីនេះត្រូវបានជាកេរមត៌ករបស់អ្នករាល់គ្នា។ ១៥ ព្រំស្រុករបស់អ្នករាល់គ្នាមានដូចតទៅ: ខាងជើងត្រូវគិតពីសមុទ្រមេឌីទែរ៉ាណេ ផ្លូវទៅហេតឡូនរហូតដល់ច្រកចូលសេដាត ១៦ ហាម៉ាត់ បេរ៉ូថា ស៊ីបរ៉ែមដែលនៅចន្លោះព្រំដែនដាម៉ាស់ និងព្រំដែនហាម៉ាត់ ហាសា-ហាទីកុន នៅព្រំដែនហារ៉ុន។ ១៧ ដូច្នេះ ព្រំដែនខាងជើងត្រូវលាតសន្ធឹងចាប់ពីសមុទ្រ កាត់តាមហាសា-អេណាន ព្រំប្រទល់ដាម៉ាស សាផូនខាងជើង និងព្រំប្រទល់ស្រុកហាម៉ាត់។ ១៨ ព្រំដែនខាងកើត គឺទន្លេយ័រដាន់ នៅចន្លោះហាវរ៉ុន ដាម៉ាស់ និងកាឡាដព្រមទាំងស្រុកអ៊ីស្រាអែល។ ព្រំដែនខាងកើតនេះ ត្រូវវាស់ចាប់ពីព្រំប្រទល់ខាងជើង រហូតដល់សមុទ្រខាងកើត។ ១៩ ព្រំប្រទល់ខាងត្បូងលាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ប្រភពទឹកមេរីបា នៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ ២០ ព្រំដែនខាងលិច គឺសមុទ្រមេឌីទែរ៉ាណេ ដោយគិតចាប់តាំងពីព្រំប្រទល់ខាងត្បូង រហូតទៅដល់ច្រកចូលហាម៉ាត់។
២១ ត្រូវចែកទឹកដីគ្នាតាមកុលសម្ព័ន្ធ នៃជនជាតិអ៊ីស្រាអែល។ ២២ ត្រូវបែងចែកដីនេះជាចំណែកមត៌កដោយចាប់ឆ្នោតក្នុងចំណោមអ្នករាល់គ្នា។ រីឯជនបរទេសដែលរស់នៅជាមួយ ហើយបង្កើតកូនចៅក្នុងចំណោមអ្នករាល់គ្នា ត្រូវរាប់ជាម្ចាស់ស្រុកដូចជនជាតិអ៊ីស្រាអែលដែរ គឺអោយគេចាប់ឆ្នោតទទួលដីជាចំណែកមត៌ក ជាមួយកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលដែរ។ ២៣ ដូច្នេះ ជនបរទេសស្នាក់ជាមួយកុលសម្ព័ន្ធណា ត្រូវចែកដីអោយគេក្នុងកុលសម្ព័ន្ធនោះទុកជាចំណែកមត៌កផង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។