លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រិស្ដ​បរិស័ទ​នៅ​ស្រុក​កាឡាទី
សេចក្ដី​ផ្ដើម
១ ខ្ញុំ ប៉ូល ជា​សាវ័ក* ដែល​មិន​មែន​តែងតាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែងតាំង​ឡើង​ដោយ​ព្រះយេស៊ូ​គ្រិស្ដ និង​ព្រះជាម្ចាស់​ជា​ព្រះបិតា ដែល​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ២ ខ្ញុំ និង​បង​ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជំរាប​មក​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​កាឡាទី។ ៣ សូម​ព្រះជាម្ចាស់ ជា​ព្រះបិតា​នៃ​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ* ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខ​ដល់​បង​ប្អូន។ ៤ ព្រះអម្ចាស់​យេស៊ូ​បាន​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់ ព្រោះ​តែ​បាប​របស់​យើង ព្រះអង្គ​បាន​រំដោះ​យើង​អោយ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង។ ៥ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!
ដំណឹងល្អ​មាន​តែ​មួយ​គត់
៦ ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បង​ប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន ស្រប​តាម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ជា​ព្រះបិតា​នៃ​យើង ហើយ​បង​ប្អូន​បែរ​ទៅ​រក​ដំណឹងល្អ​មួយ​ផ្សេង​ទៀត ៧ តាម​ពិត​គ្មាន​ដំណឹងល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​អោយ​កើត​វឹកវរ និង​ចង់​បំភ្លៃ​ដំណឹងល្អ​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ។ ៨ ប្រសិន​បើ​មាន​នរណា​ម្នាក់ ទោះ​បី​យើង​ក្ដី ឬ​ទេវតា*​ណា​មួយ​ពី​ស្ថាន​បរមសុខ*​ក្ដី នាំ​ដំណឹងល្អ​ណា​ផ្សេង​មក​ប្រាប់​បង​ប្អូន ខុស​ប្លែក​ពី​ដំណឹងល្អ​ដែល​យើង​បាន​នាំ​មក​ជូន​បង​ប្អូន សូម​អោយ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ទៅ​ចុះ! ៩ ដូច​យើង​បាន​ជំរាប​មក​ស្រាប់​ហើយ តែ​ខ្ញុំ​ក៏​សូម​ជំរាប​ម្ដង​ទៀត​ថា ប្រសិន​បើ​នរណា​ម្នាក់​នាំ​ដំណឹងល្អ​ផ្សេង​មក​ជូន​បង​ប្អូន ខុស​ប្លែក​ពី​ដំណឹងល្អ​ដែល​បង​ប្អូន​ធ្លាប់​ទទួល សូម​អោយ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ!
១០ ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​អោយ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់? តើ​ខ្ញុំ​ស្វែង​រក​អោយ​មនុស្ស​ពេញ​ចិត្ត​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​អោយ​មនុស្ស​ពេញ​ចិត្ត​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បំរើ​របស់​ព្រះគ្រិស្ដ​ទៀត​ហើយ!
អំពី​ព្រះយេស៊ូ​នាំ​លោក​ប៉ូល​អោយ​ស្គាល់​ព្រះអង្គ
១១ បង​ប្អូន​អើយ ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ថា ដំណឹងល្អ*​ដែល​ខ្ញុំ​បាន​នាំ​មក​ជូន​បង​ប្អូន មិន​មែន​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស​លោក​ទេ ១២ រីឯ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក៏​ពុំ​បាន​ទទួល ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ គឺ​ព្រះយេស៊ូ​គ្រិស្ដ*​ឯណោះ ដែល​បាន​សំដែង​អោយ​ខ្ញុំ​ស្គាល់។
១៣ បង​ប្អូន​បាន​ឮ​គេ​និយាយ​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពី​ដើម​ស្រាប់​ហើយ គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​យ៉ាង​កាច​សាហាវ​បំផុត ហើយ​ខ្ញុំ​ក៏​ចង់​កំទេច​ក្រុមជំនុំ​នេះ​ទៀត​ផង។ ១៤ ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ និង​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ​មាន​ចិត្ត​ខ្នះខ្នែង​កាន់​តាម​ប្រពៃណី​បុព្វបុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។
១៥ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​ព្រះគុណ​របស់​ព្រះអង្គ។ ១៦ នៅ​ពេល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​សំដែង​អោយ​ខ្ញុំ​ស្គាល់​ព្រះបុត្រា​របស់​ព្រះអង្គ ដើម្បី​អោយ​ខ្ញុំ​នាំ​ដំណឹងល្អ​អំពី​ព្រះបុត្រា​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់​ឡើយ។ ១៧ ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ដើម្បី​ជួប​អស់​លោក​ដែល​ជា​សាវ័ក*​មុន​ខ្ញុំ​ដែរ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់ រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។
១៨ បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​បាន​ស្គាល់​លោក​ពេត្រុស ហើយ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក អស់​រយៈ​ពេល​ដប់​ប្រាំ​ថ្ងៃ។ ១៩ ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក*​ណា​ផ្សេង​ទៀត​ឡើយ លើកលែង​តែ​លោក​យ៉ាកុប ជា​បង​ប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។ ២០ សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​ជូន​បង​ប្អូន​នេះ ឥត​កុហក​ទេ មាន​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់។
២១ បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ២២ តែ​ក្រុមជំនុំ​នានា​ដែល​ជឿ​ព្រះគ្រិស្ដ​នៅ​ស្រុក​យូដា ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។ ២៣ បង​ប្អូន​ទាំង​នោះ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ​ថា “អ្នក​ដែល​បៀតបៀន​យើង​កាល​ពី​ដើម ឥឡូវ​នេះ គាត់​បែរ​ជា​ផ្សព្វ​ផ្សាយ​ដំណឹងល្អ អំពី​ជំនឿ​ដែល​គាត់​ចង់​កំទេច​ពី​មុន​នោះ​ទៅ​វិញ!”។ ២៤ គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ព្រោះ​តែ​ខ្ញុំ។