៥០
ពិធី​បញ្ចុះ​សព​របស់​លោក​យ៉ាកុប
១ លោក​យ៉ូសែប​ឱប​ឪពុក ហើយ​យំ​សំរក់​ទឹក​ភ្នែក​លើ​មុខ​ឪពុក ព្រម​ទាំង​ថើប​លោក​ទៀត​ផង។ ២ បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​អោយ​គ្រូ​ពេទ្យ ដែល​នៅ​បំរើ​លោក អប់​សព​ឪពុក។ គ្រូ​ពេទ្យ​ក៏​នាំ​គ្នា​អប់​សព​លោក​អ៊ីស្រាអែល។ ៣ គេ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​សែសិប​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អប់​សព។ ជន​ជាតិ​អេស៊ីប​នាំ​គ្នា​កាន់​ទុក្ខ​លោក​យ៉ាកុប អស់​រយៈ​ពេល​ចិតសិប​ថ្ងៃ។
៤ លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ទូល​ថ្វាយ​ព្រះករុណា​ដូច​ត​ទៅ​នេះ: ៥ ឪពុក​ទូលបង្គំ​បាន​សុំ​អោយ​ទូលបង្គំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់ កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀបចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ទូលបង្គំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ទូលបង្គំ​វិល​ត្រឡប់​មក​វិញ»។
៦ ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​តប​មក​វិញ​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​លោក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។ ៧ លោក​យ៉ូសែប​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន ក្រុម​ព្រឹទ្ធាចារ្យ​នៃ​រាជវាំង និង​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប ហែហម​ទៅ​ជា​មួយ​ផង។ ៨ ក្រុម​គ្រួសារ​របស់​លោក​យ៉ូសែប​ទាំង​មូល បង​ប្អូន និង​ញាតិសន្ដាន​ឪពុក​របស់​លោក​ទាំង​អស់ បាន​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ គឺ​ទុក​តែ​កូន​ចៅ និង​ហ្វូង​ចៀម ហ្វូង​គោ អោយ​នៅ​តំបន់​កូសែន។ ៩ មាន​រទេះ មាន​ទ័ព​សេះ ធ្វើ​ដំណើរ​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ ធ្វើ​អោយ​ក្បួន​ដង្ហែ​សព​នោះ​អធិកអធម​ក្រៃលែង។
១០ លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ​អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោឡារិក​បំផុត។ លោក​យ៉ូសែប​រំលឹក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ១១ ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​មរណទុក្ខ​នៅ​អថាត់​ដូច្នេះ ក៏​នាំ​គ្នា​ពោល​ថា៖ «ជន​ជាតិ​អេស៊ីប​កើត​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ថា “អេបិល-មីសរ៉ែម”​។ ១២ កូនៗ​របស់​លោក​យ៉ាកុប​នាំ​គ្នា​ធ្វើ​តាម​បណ្ដាំ​របស់​ឪពុក ១៣ គឺ​គេ​បាន​យក​សព​លោក​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​គុហា​នៅ​ចំការ​ម៉ាកពេឡា ជា​ចំការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជា​ជន​ជាតិ​ហេត សំរាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព នៅ​ជិត​ម៉ាមរ៉េ​។ ១៤ ក្រោយ​ពី​បាន​បញ្ចុះ​សព​ឪពុក​រួច​ហើយ លោក​យ៉ូសែប​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ជា​មួយ​បង​ប្អូន និង​អស់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​លោក។
លោក​យ៉ូសែប​លើក​ទឹក​ចិត្ត​បងៗ​កុំ​អោយ​បារម្ភ
១៥ កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ឪពុក​របស់​គេ​ទទួល​មរណភាព​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​ស្អប់​យើង ព្រម​ទាំង​សងសឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ​មើល​ទៅ!»។ ១៦ ដូច្នេះ បង​ប្អូន​បាន​អោយ​គេ​ជំរាប​លោក​យ៉ូសែប​ដូច​ត​ទៅ៖ «មុន​នឹង​ទទួល​មរណភាព ឪពុក​យើង​បាន​ផ្ដាំ​ថា: ១៧ ចូរ​កូនៗ​ប្រាប់​យ៉ូសែប​ថា “កូន​អើយ ចូរ​អត់ទោស​អោយ​បងៗ​របស់​កូន ចំពោះ​អំពើ​អាក្រក់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ផង។ បងៗ​បាន​ធ្វើ​បាប​កូន​យ៉ាង​ខ្លាំង​មែន” តែ​ឥឡូវ​នេះ សូម​កូន​មេត្តា​អត់ទោស​អោយ​គេ ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ ដែល​ពុក​គោរព​នោះ​ផង​ទៅ!»។ លោក​យ៉ូសែប​ឮ​ដូច្នេះ លោក​ក៏​យំ។ ១៨ បងៗ​របស់​លោក​នាំ​គ្នា​មក​ជួប​លោក​ផ្ទាល់ ពួក​គេ​ក្រាប​នៅ​ទៀប​ជើង​លោក ហើយ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ប្អូន»។ ១៩ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ប្អូន​មិន​វិនិច្ឆ័យ​ជំនួស​ព្រះជាម្ចាស់​ទេ! ២០ បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ជីវិត​ប្រជាជន​មួយ​ដ៏​ធំ។ ២១ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​អ្វី ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​បងៗ និង​កូន​ចៅ​របស់​បងៗ»។ លោក​យ៉ូសែប​បាន​លើក​ទឹក​ចិត្ត​បងៗ ដោយ​និយាយ​ជា​មួយ​គេ​យ៉ាង​ស្និទ្ធស្នាល។
លោក​យ៉ូសែប​ទទួល​មរណភាព
២២ លោក​យ៉ូសែប និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​បាន​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប លោក​រស់​បាន​មួយ​រយ​ដប់​ឆ្នាំ។ ២៣ លោក​យ៉ូសែប​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអ៊ីម​រហូត​ដល់​ទៅ​បី​តំណ ហើយ​លោក​ក៏​បាន​ឃើញ​កូន​របស់​ម៉ាកៀរ ជា​កូន​របស់​ម៉ាណាសេ ដែល​លោក​បាន​បី​ដាក់​លើ​ភ្លៅ​ផង​ដែរ។ ២៤ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​របស់​លោក​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​យាង​មក​ជួយ​អ្នក​រាល់​គ្នា​ពុំខាន ហើយ​ព្រះអង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​នេះ ត្រឡប់​ទៅ​កាន់​ទឹក​ដី​ដែល​ព្រះអង្គ​សន្យា​ថា​នឹង​ប្រទាន​អោយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប»។ ២៥ បន្ទាប់​មក លោក​យ៉ូសែប​អោយ​កូន​ចៅ​លោក​អ៊ីស្រាអែល​ស្បថ​ថា៖ «នៅ​ពេល​ព្រះជាម្ចាស់​យាង​មក​ជួយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​យក​ធាតុ​របស់​ខ្ញុំ​ពី​ទី​នេះ​ទៅ​ជា​មួយ​ផង»។
២៦ លោក​យ៉ូសែប​ក៏​ទទួល​មរណភាព​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ។ គេ​បាន​អប់​សព​លោក ហើយ​ដាក់​ក្នុង​ក្ដារមឈូស​មួយ​នៅ​ស្រុក​អេស៊ីប។