ហូសេ
(ព្យាការី​ហូសេ)
១ នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ថ្លែង​មក​កាន់​លោក​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ព្រះបាទ​អូសៀស ព្រះបាទ​យ៉ូថាម ព្រះបាទ​អេហាស និង​ព្រះបាទ​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម បុត្រ​របស់​ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។
អាពាហ៍ពិពាហ៍​របស់​លោក​ហូសេ
២ ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​ហូសេ ចាប់​ផ្ដើម​ដូច​ត​ទៅ:
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជាជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដោយ​បែក​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់!»។
៣ លោក​ហូសេ​ក៏​ទៅ​យក​នាង​កូមើរ ជា​កូន​របស់​លោក​ឌីប្លែម​មក​ធ្វើ​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក។ ៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “យេសរាល”​ ដ្បិត​បន្តិច​ទៀត​យើង​នឹង​វិនិច្ឆ័យ​ទោស​រាជវង្ស​របស់​ស្ដេច​យេហ៊ូវ ព្រោះ​តែ​ស្ដេច​នេះ​បាន​បង្ហូរ​ឈាម​គេ​នៅ​យេសរាល។ យើង​នឹង​លែង​អោយ​មាន​ស្ដេច​សោយ​រាជ្យ​លើ​ពូជពង្ស​អ៊ីស្រាអែល។ ៥ ថ្ងៃ​នោះ​យើង​នឹង​បំបែក​កម្លាំង​ទ័ព​អ៊ីស្រាអែល​នៅ​វាល​យេសរាល»។
៦ នាង​កូមើរ​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ស្រី​មួយ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូរូហាម៉ា”​ ដ្បិត​យើង​នឹង​លែង​អាណិតអាសូរ​កូន​ចៅ​អ៊ីស្រាអែល ហើយ​ក៏​លែង​អត់ទោស​អោយ​ពួក​គេ​រហូត​ដែរ។ ៧ ប៉ុន្តែ យើង​អាណិត​អាសូរ​កូន​ចៅ​យូដា។ យើង​ជា​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​សង្គ្រោះ​ពួក​គេ​ដោយ​ដៃ​យើង​ផ្ទាល់ គឺ​មិន​មែន​ដោយ​ប្រើ​ធ្នូ ដាវ សង្គ្រាម សេះ​ចំបាំង ឬ​ដោយ​កងពល​សេះ​ឡើយ»។
៨ ក្រោយ​ពី​បាន​ផ្ដាច់​ដោះ​ឡូរូហាម៉ា​រួច​ហើយ នាង​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត។ ៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូអាំមី”​ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជារាស្ត្រ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។
ថ្ងៃ​ដែល​អ៊ីស្រាអែល​បាន​រុងរឿង​ឡើង​វិញ
១០ ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រាអែល
នឹង​កើន​ចំនួន​ច្រើន​ឡើង
ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ
គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។
នៅ​ទី​ណា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
“អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជាជន​របស់​យើង”
នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា:
“អ្នក​រាល់​គ្នា​ជា​បុត្រ​របស់
ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ”។
១១ ពេល​នោះ កូន​ចៅ​យូដា
និង​កូន​ចៅ​អ៊ីស្រាអែល រួបរួម​គ្នា​វិញ
ពួក​គេ​ជ្រើស​រើស​យក​មេ​ដឹក​នាំ​តែ​មួយ
ពួក​គេ​នឹង​ធ្វើ​ជា​ម្ចាស់​ស្រុក​របស់​ខ្លួន​វិញ​។
“ទិវាយេសរាល”
ពិត​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់!