៣
អំពីអណ្ដាត
១ បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូ យ៉ាងតឹងរ៉ឹងជាងគេ។ ២ យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុសដោយពាក្យសំដី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។ ៣ ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីអោយវាស្ដាប់បង្គាប់យើងនោះ យើងអាចញាក់ខ្លួនវាទាំងមូល អោយទៅណាក៏បាន។ ៤ សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ ៥ រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូច ក៏អាចធ្វើអោយឆេះព្រៃមួយយ៉ាងធំបានដែរ! ៦ អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើអោយរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើអោយដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។ ៧ មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ ៨ ប៉ុន្តែ គ្មានជនណាម្នាក់អាចផ្សាំងអណ្ដាតបានឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃដែលចេះតែគន្លាស់ជានិច្ចពោរពេញទៅដោយពិសពុល បណ្ដាលអោយស្លាប់ទៀតផង។ ៩ ដោយសារអណ្ដាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមក អោយមានលក្ខណៈដូចព្រះអង្គដែរ ១០ គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។ ១១ តើប្រភពទឹកអាចបង្ហូរចេញជាទឹកសាបផង ជាទឹកភ្លាវផង ពីរន្ធតែមួយបានឬ? ១២ បងប្អូនអើយ ដើមឧទុម្ពរអាចអោយផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចអោយផ្លែជាឧទុម្ពរបានឬ? រន្ធទឹកប្រៃពុំអាចបង្ហូរចេញជាទឹកសាបបានឡើយ។
ប្រាជ្ញាដែលមកពីព្រះជាម្ចាស់
១៣ ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និងចេះដឹង សូមសំដែងកិរិយាមារយាទរបស់ខ្លួនអោយអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែផុសចេញមកពីចិត្តស្លូតបូត និងពីប្រាជ្ញាទាំងស្រុង។ ១៤ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមានចិត្តច្រណែនឈ្នានីស និងមានចិត្តប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហកទាស់នឹងសេចក្ដីពិតអោយសោះ។ ១៥ ប្រាជ្ញាបែបនេះ មិនមែនជាប្រាជ្ញាមកពីព្រះជាម្ចាស់ទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អារក្ស ១៦ ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។ ១៧ រីឯប្រាជ្ញាមកពីព្រះជាម្ចាស់វិញ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ* បន្ទាប់មក ជាប្រាជ្ញាផ្ដល់សន្តិភាព មានអធ្យាស្រ័យ ទុកចិត្តគ្នា ពោរពេញទៅដោយចិត្តមេត្តាករុណា និងបង្កើតផលល្អគ្រប់យ៉ាង ឥតមានលំអៀង ឥតមានពុតត្បុត។ ១៨ អស់អ្នកកសាងសន្តិភាព តែងសាបព្រោះសន្តិភាព ហើយច្រូតយកផលជាជីវិតសុចរិត*។