ពួកចៅហ្វាយ
(វីរបុរស)
បុរេកថា
១
ជនជាតិអ៊ីស្រាអែលចូលទៅកាន់ទឹកដីកាណាន
១ ក្រោយពេលលោកយ៉ូស្វេទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»?។ ២ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «កុលសម្ព័ន្ធយូដាត្រូវឡើងទៅមុន ដ្បិតយើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់ពួកគេហើយ»។ ៣ កុលសម្ព័ន្ធយូដាក៏និយាយទៅកាន់កុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូនថា៖ «សុំឡើងជាមួយយើងខ្ញុំ ឆ្ពោះទៅកាន់ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ យើងច្បាំងនឹងជនជាតិកាណានជាមួយគ្នា។ បន្ទាប់មក យើងខ្ញុំនឹងទៅច្បាំងយកទឹកដីដែលជាចំណែកមត៌ករបស់បងប្អូន រួមជាមួយបងប្អូនដែរ»។ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏រួបរួមនឹង ៤ កុលសម្ព័ន្ធយូដា ហើយចេញទៅច្បាំងជាមួយគ្នា។ ព្រះអម្ចាស់ក៏ប្រទានអោយគេមានជ័យជំនះលើជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ពួកគេបានសម្លាប់ខ្មាំងសត្រូវអស់មួយម៉ឺននាក់ នៅបេសេក។ ៥ នៅបេសេក ពួកគេបានជួបស្ដេចអាដូនី-បេសេក ហើយនាំគ្នាច្បាំងនឹងស្ដេចនោះ។ ពួកគេច្បាំងឈ្នះជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ៦ ស្ដេចអាដូនី-បេសេកក៏រត់ភៀសខ្លួន តែត្រូវពួកគេដេញតាមចាប់បាន ហើយកាត់មេដៃ និងមេជើងរបស់ស្ដេចទៀតផង។ ៧ ស្ដេចអាដូនី-បេសេកមានរាជឱង្ការថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្ដេចចិតសិបអង្គ ហើយស្ដេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ ព្រះជាម្ចាស់បានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្ដេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្ដេចក៏សោយទិវង្គតនៅទីនោះ។
៨ កុលសម្ព័ន្ធយូដាវាយយកបានក្រុងយេរូសាឡឹមដែរ ពួកគេសម្លាប់រង្គាលប្រជាជន រួចដុតក្រុងនោះចោល។ ៩ បន្ទាប់មក កុលសម្ព័ន្ធយូដាក៏ចុះទៅច្បាំងនឹងជនជាតិកាណាន ដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបថែមទៀតផង។
១០ កុលសម្ព័ន្ធយូដាបានវាយប្រហារជនជាតិកាណាន ដែលរស់នៅក្រុងហេប្រូន ពីដើមហៅថាគារយ៉ាត់-អើបា ហើយពួកគេបានប្រហារអំបូរសេសាយ អំបូរអហ៊ីម៉ាន និងអំបូរតាល់ម៉ាយដែរ។ ១១ ពីទីនោះ ពួកគេវាយប្រហារប្រជាជននៅក្រុងដេបៀរ(ពីដើមហៅថាគារយ៉ាត់-សេភើរ)។ ១២ គ្រានោះ លោកកាលែបមានប្រសាសន៍ថា៖ «បើនរណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកកូនស្រីរបស់ខ្ញុំ ឈ្មោះនាងអាក់សាអោយធ្វើជាប្រពន្ធ»។ ១៣ ពេលនោះ លោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនលោកកាលែប វាយយកក្រុងបាន។ លោកកាលែបក៏លើកនាងអាកសា ជាកូនស្រី អោយធ្វើជាភរិយារបស់គាត់។ ១៤ ពេលទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្ដីអោយទាមទារយកដីស្រែពីឪពុកនាង។ កាលនាងចុះពីលើខ្នងលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។ ១៥ នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះដល់កូន ដីដែលលោកឪពុកអោយកូននៅតំបន់ខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមលោកឪពុកមេត្តាចែកអណ្ដូងទឹកអោយកូនផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោម អោយនាង។
១៦ ជនជាតិកែន ជាពូជពង្សរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងយេរីខូ គឺក្រុងដើមលម៉ើ ជាមួយកូនចៅយូដា ឆ្ពោះទៅវាលរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងស្រុកអើរ៉ាត ហើយតាំងទីលំនៅក្នុងចំណោមប្រជាជននៅស្រុកនោះ។ ១៧ បន្ទាប់មក កុលសម្ព័ន្ធយូដា រួមជាមួយកុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូន នាំគ្នាចេញទៅច្បាំងជាមួយជនជាតិកាណាននៅក្រុងសេផាត ពួកគេបំផ្លាញក្រុងនោះ ថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ រួចហៅក្រុងនោះថាហោម៉ា។
១៨ កុលសម្ព័ន្ធយូដាក៏វាយយកបានក្រុងកាសា ក្រុងអាសកាឡូន និងក្រុងអេក្រូន ព្រមទាំងទឹកដីដែលនៅជុំវិញក្រុងទាំងនោះផង។ ១៩ ព្រះអម្ចាស់គង់នៅជាមួយកុលសម្ព័ន្ធយូដា ហើយប្រទានអោយពួកគេត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ ពួកគេពុំអាចបណ្ដេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះអ្នកទាំងនោះមានរទេះចំបាំងធ្វើអំពីដែក។
២០ ពួកគេបានប្រគល់ក្រុងហេប្រូនជូនលោកកាលែប ដូចលោកម៉ូសេបានបង្គាប់ទុក ហើយលោកកាលែបក៏បណ្ដេញអំបូរអណាក់ទាំងបី រួចកាន់កាប់ក្រុងនោះទៅ។ ២១ រីឯកុលសម្ព័ន្ធបេនយ៉ាមីនវិញ គេមិនបានបណ្ដេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមទេ។ ដូច្នេះ ជនជាតិយេប៊ូសក៏រស់ជាមួយកុលសម្ព័ន្ធបេនយ៉ាមីន នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។ ២២ ចំណែកឯពូជពង្សរបស់លោកយ៉ូសែបវិញ ក៏ចេញទៅច្បាំងនឹងក្រុងបេតអែលដែរ ហើយព្រះអម្ចាស់គង់នៅជាមួយពួកគេ។ ២៣ ដំបូង គេបញ្ជូនមនុស្សអោយទៅស៊ើបមើលទីក្រុងនោះ ដែលពីដើមមានឈ្មោះថា«លូស»។ ២៤ ពេលឃើញបុរសម្នាក់ចេញពីទីក្រុង អ្នកស៊ើបការណ៍ក៏ពោលទៅគាត់ថា៖ «តើគេអាចចូលទៅទីក្រុងតាមផ្លូវណា ចូរប្រាប់យើងមក៍ យើងនឹងប្រណីដល់អ្នក»។ ២៥ បុរសនោះក៏បង្ហាញផ្លូវចូលទៅទីក្រុង។ ពួកគេប្រហារជីវិតអ្នកក្រុងនោះ ដោយមុខដាវ តែគេទុកអោយបុរសនោះ និងគ្រួសារគាត់ទាំងមូលចាកចេញទៅ។ ២៦ បុរសនោះបានធ្វើដំណើរទៅស្រុកហេត ហើយសង់ក្រុងមួយ ដែលគាត់ដាក់ឈ្មោះថា «លូស» ជាឈ្មោះដែលគេហៅរហូតដល់សព្វថ្ងៃ។
២៧ រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្ដេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះ ជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។ ២៨ ពេលជនជាតិអ៊ីស្រាអែលមានកម្លាំង គេពុំបណ្ដេញជនជាតិកាណានចេញពីនោះទេ តែគេបង្ខំពួកនោះអោយធ្វើការជាទម្ងន់។
២៩ កុលសម្ព័ន្ធអេប្រាអ៊ីមក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងកេស៊ើរដែរ ដូច្នេះ ពួកនេះក៏រស់នៅក្នុងចំណោមកុលសម្ព័ន្ធអេប្រាអ៊ីម នៅក្រុងកេស៊ើរតទៅទៀត។
៣០ កុលសម្ព័ន្ធសាប់យូឡូនក៏មិនបានបណ្ដេញអ្នកស្រុកគីត្រូន និងអ្នកស្រុកណាហាឡាល ចេញពីស្រុកនោះដែរ។ ជនជាតិកាណានក៏រស់នៅជាមួយកុលសម្ព័ន្ធសាប់យូឡូន តែត្រូវគេបង្ខំអោយធ្វើការជាទម្ងន់។
៣១ កុលសម្ព័ន្ធអេស៊ើរមិនបានបណ្ដេញអ្នកស្រុកអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញទេ។ ៣២ កុលសម្ព័ន្ធអេស៊ើរក៏រស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ ព្រោះគេមិនបានបណ្ដេញជនជាតិទាំងនោះចេញពីស្រុកឡើយ។
៣៣ កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេម៉េស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេម៉េស និងអ្នកក្រុងបេតអាណាតអោយធ្វើការជាទម្ងន់។
៣៤ ជនជាតិអាម៉ូរីបានរុញច្រានកុលសម្ព័ន្ធដាន់អោយទៅរស់នៅតាមតំបន់ភ្នំ គឺមិនបណ្ដោយអោយពួកគេរស់នៅក្នុងតំបន់ជ្រលងភ្នំឡើយ។ ៣៥ ជនជាតិអាម៉ូរីរស់នៅក្រុងហេរេស អាយ៉ាឡូន និងសាលប៊ីម។ ប៉ុន្តែក្រោយមក ពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងត្រួតត្រាលើពួកគេ និងបង្ខំពួកគេអោយធ្វើការជាទម្ងន់។ ៣៦ រីឯដែនដីរបស់ជនជាតិអាម៉ូរីនោះលាតសន្ធឹងពីច្រកភ្នំអាក្រាប៊ីម គឺចាប់តាំងពីផ្ទាំងថ្មសិលាឡើងទៅ។