ប្រជាជន​អ៊ីស្រាអែល​ក្បត់​ព្រះអម្ចាស់
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ
ដូច​ត​ទៅ៖
២ ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់
អ្នក​ក្រុង​យេរូសាឡឹម​ថា
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
«យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក
កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ
ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក
ពេល​ទើប​នឹង​រៀបការ​
គឺ​គ្រា​ដែល​អ្នក​បំរើ​យើង​នៅ​វាល​រហោស្ថាន
ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។
៣ នៅ​គ្រា​នោះ ព្រះអម្ចាស់​បាន​ញែក​ជន​ជាតិ
អ៊ីស្រាអែល​ទុក​សំរាប់​ព្រះអង្គ
ជា​ផល​ផ្លែ​ដំបូង​របស់​ព្រះអង្គ
អស់​អ្នក​ដែល​លួច​ស៊ី​ផ្លែ​នេះ នឹង​ត្រូវ​មាន​ទោស
ហើយ​រង​ទុក្ខ​វេទនា​ទៀត​ផង
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៤ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប
អ្នក​រាល់​គ្នា​ជា​ពូជពង្ស​អ៊ីស្រាអែល
ចូរ​នាំ​គ្នា​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់!
៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
តើ​ដូនតា​របស់​អ្នក​រាល់​គ្នា​ឃើញ​យើង​ធ្វើ​ខុស
ត្រង់​ណា បាន​ជា​ពួក​គេ​ឃ្លាត​ចាក​ពី​យើង
ហើយ​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ
ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ
ដូច្នេះ ដែរ?
៦ ពួក​គេ​មិន​បាន​សួរ​ថា តើ​ព្រះអម្ចាស់​នៅ​ឯ​ណា?
គឺ​ព្រះ​ដែល​បាន​នាំ​ពួក​យើង​ចាក​ចេញ​ពី
ស្រុក​អេស៊ីប
ហើយ​ដឹក​នាំ​ពួក​យើង​ក្នុង​វាល​រហោស្ថាន
ជា​វាល​ដែល​មាន​តែ​ព្រៃ​ល្បោះ និង​ដី​ក្រហូង
ជា​វាល​ហួតហែង ជា​ទី​ស្មសាន
ជា​កន្លែង​ដែល​គ្មាន​នរណា​ឆ្លង​កាត់
គ្មាន​មនុស្ស​ណា​រស់​នៅ​បាន។
៧ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ក្នុង​ស្រុក
ដែល​មាន​ដំណាំ​ដាំ​ដុះ
ដើម្បី​អោយ​អ្នក​រាល់​គ្នា​បរិភោគ
ផ្លែ​ឈើ​ដែល​មាន​រសជាតិ។
ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​ចូល​មក​ដល់
អ្នក​រាល់​គ្នា​ធ្វើ​អោយ​ស្រុក​របស់​យើង
ទៅ​ជា​សៅហ្មង
អ្នក​រាល់​គ្នា​ធ្វើ​អោយ​ទឹក​ដី​ដែល​ជា​មត៌ក
របស់​យើង​ក្លាយ​ជា​កន្លែង​គួរ​អោយ​ស្អប់​ខ្ពើម។
៨ ក្រុម​បូជាចារ្យ​ពុំ​ដែល​សួរ​ថា
ព្រះអម្ចាស់​នៅ​ឯ​ណា?”
គ្រូ​អាចារ្យ​ខាង​វិន័យ​ក៏​មិន​ស្គាល់​យើង​ដែរ។
មេ​ដឹក​នាំ​របស់​ប្រជាជន​នាំ​គ្នា​ប្រឆាំង​នឹង​យើង
ពួក​ព្យាការី​និយាយ​ក្នុង​នាម​ព្រះ​បាល
ហើយ​នាំ​គ្នា​រត់​ទៅ​ពឹង​ពាក់​ព្រះ​ក្លែងក្លាយ
ដែល​ពុំ​អាច​ជួយ​ពួក​គេ​បាន​ឡើយ។
៩ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឡើង​ក្ដី
នឹង​អ្នក​រាល់​គ្នា
ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១០ ចូរ​ទៅ​កោះ​គីទីម​ដែល​នៅ​ដាច់​ស្រយាល
ហើយ​សង្កេត​មើល​ចុះ
ចូរ​ចាត់​មនុស្ស​អោយ​ទៅ​ស្រុក​កេដារ
ហើយ​ស៊ើបសួរ​អោយ​បាន​ហ្មត់ចត់​ថា
តើ​នៅ​តំបន់​ទាំង​នោះ​គេ​ប្រព្រឹត្ត​ដូច
អ្នក​រាល់​គ្នា​ឬ​ទេ?
១១ តើ​មាន​ប្រជាជាតិ​ណា​មួយ​ផ្លាស់​ប្ដូរ
ព្រះ​របស់​ខ្លួន​ឬ​ទេ?
(តាម​ពិត ព្រះ​ទាំង​នោះ​ពុំ​មែន​ជា​ព្រះ​ពិត​ប្រាកដ​ទេ)។
រីឯ​ប្រជាជន​របស់​យើង​វិញ គេ​បាន​ផ្លាស់​ប្ដូរ
ព្រះ​ដែល​ផ្ដល់​អោយ​គេ​មាន​សិរីរុងរឿង
ហើយ​បែរ​ជា​នាំ​គ្នា​គោរព​ព្រះ​ដែល
ឥត​បាន​ការ​ទៅ​វិញ។
១២ ផ្ទៃ​មេឃ​អើយ! ចូរ​តក់ស្លុត
ចូរ​ញាប់ញ័រ ហើយ​ស្រឡាំងកាំង​ទៅ!
-នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១៣ ប្រជាជន​របស់​យើង​ប្រព្រឹត្ត​អាក្រក់​ពីរ​យ៉ាង
គឺ​គេ​បោះ​បង់​យើង​ដែល​ជា​ប្រភព​ទឹក​កំពុង​ហូរ
បែរ​ទៅ​ជីក​អណ្ដូង ជីក​ស្រះ​ដែល​តែងតែ​ប្រេះ
មិន​អាច​ទុក​ទឹក​បាន​នោះ​ទៅ​វិញ។
១៤ តើ​អ៊ីស្រាអែល​ជា​ទាសករ​ដែល​គេ​ទិញ​មក
ឬ​ជា​ទាសករ​ដែល​កើត​ក្នុង​ផ្ទះ
បាន​ជា​សាសន៍​ដទៃ​នាំ​គ្នា​វាយ​ដណ្ដើម
ពួក​គេ​ដូច្នេះ?
១៥ ពួក​គេ​គ្រហឹម​ដាក់​អ៊ីស្រាអែល​ដូច​សិង្ហ​គ្រហឹម
ពួក​គេ​ស្រែក​គំរាម និង​បំផ្លាញ​ស្រុក
អោយ​វិនាស​ហិនហោច
ពួក​គេ​ដុត​ក្រុង​ទាំងឡាយ
ហើយ​គ្មាន​នរណា​រស់​ក្នុង​ក្រុង​នោះ​ទៀត​ទេ។
១៦ សូម្បី​តែ​ជន​ជាតិ​ណូប និង​ជន​ជាតិ​តាហាពេនេស
ក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រាអែល
នាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។
១៧ អ្នក​ជួប​ទុក្ខ​វេទនា​បែប​នេះ មក​ពី​អ្នក​បោះ​បង់
ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក
ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​ដឹក​នាំ​អ្នក។
១៨ ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់ទាញ​អ្នក​អោយ​ទៅ
ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ?
តើ​មាន​អ្វី​ទាក់ទាញ​អ្នក​អោយ​ទៅ​ស្រុក​អាស្ស៊ីរី
ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?
១៩ ចូរ​អោយ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក
ចូរ​អោយ​អំពើ​ក្បត់​របស់​អ្នក​ផ្ដន្ទា​អ្នក។
ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់
និង​ការ​មិន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
ជា​ព្រះ​របស់​អ្នក
នាំ​អោយ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
នៃ​ពិភព​ទាំង​មូល។
អ៊ីស្រាអែល​ក្បត់​ព្រះជាម្ចាស់
២០ តាំង​ពី​យូរយារ​ណាស់​មក​ហើយ
អ្នក​បាន​បះបោរ​ប្រឆាំង​នឹង​យើង​
ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​យើង។
អ្នក​បាន​ពោល​ថា:
“ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ទាសករ​ទៀត​ទេ!”។
អ្នក​បាន​ផិត​ក្បត់​យើង​
ទៅ​ថ្វាយបង្គំ​ព្រះ​នានា​នៅ​តាម​កំពូល​ភ្នំ
និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។
២១ យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹង
ទំពាំងបាយជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីត
គឺ​ដើម​ទំពាំងបាយជូរ​សុទ្ធ
ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជា
ដើម​ទំពាំងបាយជូរ​ក្លាយ
ដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ?
២២ ទោះ​បី​អ្នក​យក​មេ​សាប៊ូ​ដ៏​ច្រើន
មក​លាង​សំអាត និង​ជំរះ​ខ្លួន​ក្ដី
ក៏​កំហុស​របស់​អ្នក​នៅ​ជាប់​ដូច​ក្អែល​កាន់
ចំពោះ​មុខ​យើង​ជានិច្ច
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
២៣ ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​ពោល​ថា:
“ខ្ញុំ​មិន​បាន​ធ្វើ​អោយ​ខ្លួន​សៅហ្មង​ទេ
ខ្ញុំ​ក៏​មិន​បាន​រត់​តាម​ព្រះ​បាល​ដែរ”។
មើល​ចុះ ដាន​ជើង​របស់​អ្នក​នៅ​តាម​ជ្រលង​ភ្នំ
ចូរ​ទទួល​ស្គាល់​អំពើ​ដែល​អ្នក​ប្រព្រឹត្ត
អ្នក​ប្រៀប​បាន​នឹង​អូដ្ឋ​ញី​ដែល​រត់​ឆ្វេចឆ្វាច។
២៤ អ្នក​ប្រៀប​បាន​នឹង​លា​ញី​ព្រៃ
ដែល​ធ្លាប់​តែ​រស់​នៅ​តាម​វាល​រហោស្ថាន
ត្រូវ​តណ្ហា​ជំរុញ​អោយ​រត់​ទៅ​គ្រប់​ទី​កន្លែង
គ្មាន​នរណា​អាច​ទប់​បាន​ឡើយ។
លា​ឈ្មោល​ដែល​ចង់​បាន​វា
មិន​បាច់​ខំ​ប្រឹង​រត់​ទៅ​ណា​ឆ្ងាយ​ទេ
គឺ​នៅ​ពេល​ណា​តណ្ហា​ពុះ​កញ្ជ្រោល
លា​ឈ្មោល​អាច​រក​វា​ឃើញ​យ៉ាង​ងាយ​ស្រួល។
២៥ យើង​បាន​ប្រាប់​អ្នក​អោយ​ប្រុង​ប្រយ័ត្ន​ខ្លួន
បើ​ប្រឹង​រត់​ដូច្នេះ ក្រែង​មុត​ជើង
ហើយ​ស្ងួត​បំពង់​ក!
ប៉ុន្តែ អ្នក​តប​វិញ​ថា “មិន​បាច់​ហាមប្រាម​ខ្ញុំ​ទេ
ខ្ញុំ​ស្រឡាញ់​ព្រះ​ឯ​ទៀតៗ
ហើយ​ខ្ញុំ​ត្រូវ​តែ​រត់​ទៅ​តាម​ព្រះ​ទាំង​នោះ”។
២៦ ជន​ជាតិ​អ៊ីស្រាអែល ទាំង​ស្ដេច ទាំង​នាម៉ឺន
ទាំង​បូជាចារ្យ ទាំង​ព្យាការី
នឹង​ត្រូវ​អាម៉ាស់ ដូច​ចោរ​ដែល​គេ​តាម​ទាន់
ក្នុង​ពេល​កំពុង​តែ​លួច។
២៧ គេ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ឈើ​ថា
“ព្រះអង្គ​ជា​ព្រះបិតា​របស់​ខ្ញុំ!”
ហើយ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ថ្ម​ថា
“ព្រះអង្គ​បាន​អោយ​កំណើត​ខ្ញុំ!”។
ពួក​គេ​បាន​ងាក​មុខ​ចេញ​ពី​យើង
ហើយ​បែរ​ខ្នង​ដាក់​យើង​វិញ
តែ​ពេល​ណា​មាន​ទុក្ខ ពួក​គេ​ពោល​មក​យើង​ថា
“សូម​តើន​ឡើង! សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!”។
២៨ ជន​ជាតិ​យូដា​អើយ ចុះ​ព្រះ​ដែល​អ្នក​បាន
សូន​ធ្វើ​នោះ ទៅ​ណា​បាត់​អស់​ហើយ?
ប្រសិន​បើ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​អ្នក​បាន
នៅ​ពេល​អ្នក​មាន​ទុក្ខ
ម្ដេច​ក៏​មិន​ហៅ​ព្រះ​ទាំង​នោះ​ទៅ?
ដ្បិត​អ្នក​មាន​ព្រះ​ច្រើន​ដូច​ទីក្រុង​ដែរ!
២៩ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង
យើង​ដូច្នេះ?
អ្នក​រាល់​គ្នា​បាន​បះបោរ​ប្រឆាំង​នឹង​យើង
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៣០ យើង​បាន​វាយ​ប្រដៅ​កូន​ចៅ​អ្នក​រាល់​គ្នា
តែ​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ
ដ្បិត​ពួក​គេ​មិន​ព្រម​រាងចាល​ទេ
អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​សិង្ហ​សាហាវ
គឺ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ពួក​ព្យាការី*
របស់​អ្នក​រាល់​គ្នា។
៣១ (សូម​អោយ​អ្នក​នៅ​ជំនាន់​នេះ​យក
ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​ពិចារណា​ចុះ!)
អ៊ីស្រាអែល​អើយ តើ​យើង​ប្រៀប​បាន​នឹង
វាល​រហោស្ថាន ឬ​ស្រុក​ដ៏​ងងឹត
សំរាប់​អ្នក​រាល់​គ្នា​ឬ?
ហេតុ​អ្វី​បាន​ជា​ប្រជាជន​របស់​យើង​ពោល​ថា
“យើង​ជា​មនុស្ស​មាន​សេរីភាព
យើង​មិន​ចង់​វិល​ទៅ​រក​ព្រះអង្គ​វិញ​ទេ!”។
៣២ មិន​ដែល​មាន​ស្ត្រី​ក្រមុំ​ណា
ភ្លេច​គ្រឿង​អលង្ការ​របស់​ខ្លួន
ហើយ​ក្រមុំ​ដែល​ត្រូវ​រៀបការ​ក៏​មិន​ភ្លេច
ខ្សែ​ក្រវាត់​មាស​របស់​ខ្លួន​ដែរ។
រីឯ​ប្រជាជន​របស់​យើង​វិញ គេ​បាន​ភ្លេច​យើង
តាំង​ពី​យូរលង់​ណាស់​មក​ហើយ។
៣៣ អ្នក​ប្រសប់​ស្វែង​រក​សង្សារ​ណាស់​
ដោយ​អ្នក​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ពេក
អ្នក​លែង​យល់​ថា
អំពើ​នោះ​ជា​អំពើ​អាក្រក់​ទៀត​ហើយ។
៣៤ អាវ​របស់​អ្នក​ប្រឡាក់​ទៅ​ដោយ​ឈាម
របស់​ជន​ក្រីក្រ
គឺ​ឈាម​មនុស្ស​ស្លូត​ត្រង់​ដែល​ពុំ​បាន​ទម្លុះ
ទ្វារ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឡើយ។
៣៥ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ហ៊ាន​ពោល​ថា
“ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ
ព្រះអង្គ​មុខ​ជា​មិន​ព្រះពិរោធ​នឹង​ខ្ញុំ​ទេ”។
ដោយ​អ្នក​ពោល​ថា ខ្លួន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ​នោះ
យើង​នឹង​នាំ​អ្នក​ទៅ​តុលាការ។
៣៦ ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះ
ស្រុក​អេស៊ីប​នឹង​ធ្វើ​អោយ​អ្នក​ខក​ចិត្ត ដូច
ស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​អោយ​អ្នក​ខក​ចិត្ត​ដែរ។
៣៧ អ្នក​នឹង​ចេញ​ពី​ស្រុក​នោះ​មក​វិញ
ទាំង​ដើរ​ទូល​ដៃ​លើ​ក្បាល
ដ្បិត​ព្រះអម្ចាស់​មិន​យល់​ស្រប​អោយ
អ្នក​ទៅ​រក​ពឹង​ផ្អែក​ប្រជាជាតិ​នោះ​ទេ
ពួក​គេ​ពុំ​អាច​ជួយ​អ្នក​បាន​ឡើយ»។