១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«អ៊ីស្រាអែល​អើយ
ប្រសិន​បើ​អ្នក​ចង់​វិល​មក​វិញ
ចូរ​វិល​មក​រក​យើង​ចុះ!
ប្រសិន​បើ​អ្នក​យក​ព្រះ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម
ចេញ​ពី​មុខ​យើង
នោះ​អ្នក​នឹង​លែង​វង្វេង ដើរ​គ្មាន​គោលដៅ
ទៀត​ហើយ។
២ ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់
ដែល​មាន​ព្រះជន្ម​គង់​នៅ
គឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិត
ស្រប​តាម​យុត្តិធម៌
នោះ​ប្រជាជាតិ​ទាំងឡាយ
មុខ​ជា​ចង់​បាន​ពរ​ពី​យើង
ព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយសារ​យើង​ផង។
៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​មនុស្សម្នា
នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម​ថា
ចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចំការ​មួយ​ថ្មី
កុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។
៤ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​អើយ
ចូរ​នាំ​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​ថ្វាយ​ព្រះអម្ចាស់
ចូរ​ប្រគល់​ចិត្ត​គំនិត​មក​យើង!
បើ​មិន​ដូច្នេះ​ទេ
កំហឹង​របស់​យើង​នឹង​ឆេះ​រាលដាល
ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត
កំហឹង​នេះ​ប្រៀប​ដូច​ភ្លើង​ឆេះ​សន្ធោសន្ធៅ
គ្មាន​នរណា​អាច​ពន្លត់​បាន​ឡើយ»។
យូដា​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន
៥ «ចូរ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​នៅ​ស្រុក​យូដា
ចូរ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ក្រុង​យេរូសាឡឹម
ចូរ​ស្រែក​ប្រកាស ចូរ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក
ហើយ​ស្រែក​អោយ​អស់​ទំហឹង​ថា:
“ចូរ​ប្រមែប្រមូល​គ្នា​មក យើង​នឹង​ចូល​ទៅ​ក្នុង
ក្រុង​ទាំងឡាយ​ដែល​មាន​កំពែង​រឹងមាំ!”
៦ ចូរ​លើក​ទង់​សញ្ញា​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន
ចូរ​នាំ​គ្នា​រត់​ទៅ​រក​កន្លែង​ពួន
កុំ​បង្អែបង្អង់​អោយ​សោះ!
ដ្បិត​យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច
ចេញ​មក​ពី​ទិស​ខាង​ជើង
បណ្ដាល​អោយ​មាន​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ។
៧ សត្វ​តោ​លោត​ចេញ​ពី​រូង​របស់​វា​ហើយ
មេ​បំផ្លាញ​ប្រជាជាតិ​នានា​កំពុង​តែ​ចាក​ចេញ
ពី​កន្លែង​របស់​ខ្លួន
ដើម្បី​កំទេច​ស្រុក​របស់​អ្នក
ក្រុង​ទាំងឡាយ​របស់​អ្នក​នឹង​ត្រូវ​វិនាស​អន្តរាយ
លែង​មាន​ប្រជាជន​រស់​នៅ​ទៀត​ហើយ។
៨ ហេតុ​នេះ​ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ
ចូរ​គក់​ទ្រូង​យំ​សោក​សង្រេង
ដ្បិត​ព្រះអម្ចាស់​នឹង​មិន​បំបែរ​ព្រះពិរោធ
ដ៏​ខ្លាំង​ក្លា​ចេញ​ពី​យើង​ឡើយ។
៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា
នៅ​ថ្ងៃ​នោះ​ស្ដេច និង​នាម៉ឺន​មុខ​ជា​បាក់​ទឹក​ចិត្ត
ក្រុម​បូជាចារ្យ​នឹង​តក់ស្លុត
ក្រុម​ព្យាការី​នឹង​ស្រឡាំងកាំង។
១០ គេ​នឹង​ពោល​ថា “ឱ​ព្រះជាអម្ចាស់​អើយ!
ព្រះអង្គ​បាន​បញ្ឆោត​ទាំង​ប្រជាជន
ទាំង​ក្រុង​យេរូសាឡឹម
គឺ​ព្រះអង្គ​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខសាន្ត
ប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវ
ភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។
ខ្មាំង​សត្រូវ​រាតត្បាត​គ្រប់​ទី​កន្លែង
១១ នៅ​គ្រា​នោះ​ព្រះអម្ចាស់​នឹង​មាន​ព្រះបន្ទូល
មក​កាន់​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​ថា:
«មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោស្ថាន
មក​លើ​ប្រជាជន​របស់​យើង។
ខ្យល់​នោះ​មិន​មែន​បក់ សំរាប់​រោយ​ស្រូវ​ទេ
១២ គឺ​ជា​ខ្យល់​កំបុតត្បូង​ដែល​បក់​បោក
តាម​បញ្ជា​របស់​យើង។
ឥឡូវ​នេះ ដល់​ពេល​យើង​ប្រកាស​កាត់​ទោស
ពួក​គេ​ហើយ»។
១៣ មើល៍! ខ្មាំង​សត្រូវ​នាំ​គ្នា​មក​ដូច​ពពក​ខ្មៅ​ងងឹត
រទេះ​ចំបាំង​របស់​គេ​ប្រៀប​បាន​នឹង​ព្យុះ​សង្ឃរា
ទ័ព​សេះ​របស់​គេ​បោល​លឿន​ជាង​សត្វ​ឥន្ទ្រី។
យើង​ខ្ញុំ​ត្រូវ​វេទនា​ហើយ
យើង​ខ្ញុំ​នឹង​វិនាស​អន្តរាយ​ជា​មិន​ខាន!
 
១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«យេរូសាឡឹម​អើយ!
ចូរ​ជំរះ​អំពើ​អាក្រក់​ចេញ​ពី​ចិត្ត​របស់​អ្នក
ដើម្បី​ទទួល​ការ​សង្គ្រោះ!
តើ​អ្នក​ទុក​អោយ​គំនិត​អាស្រូវ​នេះ
នៅ​ក្នុង​ខ្លួន​អ្នក​ដល់​កាល​ណា​ទៀត?
១៥ ដ្បិត​មាន​ដំណឹង​មួយ​លេច​ឮ​ពី​ក្រុង​ដាន់
និង​តំបន់​ភ្នំ​អេប្រាអ៊ីម
ស្ដី​អំពី​មហន្តរាយ​ដែល​នឹង​កើត​មាន។
១៦ ចូរ​ប្រកាស​ប្រាប់​ប្រជាជាតិ​ទាំងឡាយ
ចូរ​ប្រាប់​អោយ​អ្នក​ក្រុង​យេរូសាឡឹម​ដឹង​ថា
ខ្មាំង​សត្រូវ​ពី​ស្រុក​ឆ្ងាយ​កំពុង​តែ​មក​ដល់
ពួក​គេ​ស្រែក​ហ៊ោ
ប្រកាស​សង្គ្រាម​នឹង​ក្រុង​នានា​នៅ​ស្រុក​យូដា។
១៧ ពួក​គេ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម
ដូច​អ្នក​យាម​នៅ​ជុំវិញ​ចំការ​មួយ
ព្រោះ​អ្នក​ក្រុង​បាន​បះបោរ​ប្រឆាំង​នឹង​យើង
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១៨ ហេតុការណ៍​ដែល​កើត​មាន​ដល់​អ្នក
ជា​លទ្ធផល​នៃ​គំនិត និង​អំពើ​អាក្រក់​របស់​អ្នក
ទុក្ខ​វេទនា​នេះ​ធ្វើ​អោយ​អ្នក​ឈឺ​ចាប់
រហូត​ដល់​ជំរៅ​ចិត្ត»។
លោក​យេរេមា​ស្រណោះ​ជន​ជាតិ​អ៊ីស្រាអែល
១៩ ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរា
ចិត្ត​ខ្ញុំ​ប្រេះឆា​ពន់​ប្រមាណ
ចិត្ត​ខ្ញុំ​អន្ទះសា ពុំ​អាច​នៅ​ស្ងៀម​បាន​ឡើយ
ដ្បិត​ខ្ញុំ​ឮ​សំឡេង​ត្រែ
និង​សំរែក​ប្រកាស​ប្រយុទ្ធ។
២០ ខ្មាំង​បំផ្លាញ​ក្រុង​ទាំងឡាយ​បន្ត​បន្ទាប់​គ្នា
ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​អន្តរាយ
ផ្ទះ​សំបែង និង​ទី​ជំរក​របស់​ខ្ញុំ
ត្រូវ​វិនាស​បាត់​បង់​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។
២១ តើ​ខ្ញុំ​ត្រូវ​ឃើញ​ទង់​សង្គ្រាម​នេះ​ដល់​កាល​ណា?
តើ​ខ្ញុំ​ត្រូវ​ឮ​សំឡេង​ត្រែ​ដល់​កាល​ណា​ទៀត?
២២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ប្រជាជន​របស់​យើង​ល្ងីល្ងើ​ណាស់
គេ​មិន​ស្គាល់​យើង​ទេ
ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញា
គឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់
តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។
២៣ ខ្ញុំ​មើល​ទៅ​ផែនដី
ឃើញ​ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ
ខ្ញុំ​មើល​ទៅ​លើ​មេឃ
តែ​ពុំ​ឃើញ​មាន​ពន្លឺ​អ្វី​សោះ។
២៤ ខ្ញុំ​មើល​ទៅ​ភ្នំ​ទាំងឡាយ
ឃើញ​ភ្នំ​ទាំង​នោះ​កក្រើក​រំពើក
រីឯ​ភ្នំ​តូចៗ​ទាំង​ប៉ុន្មាន​ក៏​រញ្ជួយ​ដែរ។
២៥ ខ្ញុំ​សម្លឹង​មើល​ទៅ ពុំ​ឃើញ​មាន​មនុស្ស​ទេ
សូម្បី​តែ​សត្វ​ស្លាប​ដែល​ហើរ​នៅ​លើ​មេឃ
ក៏​ចាក​ចេញ​បាត់​អស់​ទៅ​ដែរ។
២៦ ខ្ញុំ​សម្លឹង​មើល ឃើញ​ទឹក​ដី​ដែល​ធ្លាប់​តែ​មាន
ដំណាំ​ដាំ​ដុះ ក្លាយ​ជា​វាល​រហោស្ថាន
ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​ខ្ទេចខ្ទី​អស់
ព្រោះ​តែ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអម្ចាស់
២៧ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ
ប៉ុន្តែ យើង​មិន​កំទេច​អោយ​វិនាស​សូន្យ
ទាំង​ស្រុង​ទេ។
២៨ ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​កាន់​ទុក្ខ
ផ្ទៃ​មេឃ​ដែល​នៅ​ខាង​លើ​ក៏​ងងឹត​សូន្យសុង​ដែរ
ដ្បិត​យើង​បាន​សំរេច​តាម​គំរោងការ​របស់​យើង
យើង​មិន​សោក​ស្ដាយ ឬ​ដូរ​គំនិត​ឡើយ»។
ក្រុង​យេរូសាឡឹម​អន្តរាយ
២៩ «ពេល​ឮ​សន្ធឹក​ទ័ព​សេះ និង​ទ័ព​បាញ់​ព្រួញ
ប្រជាជន​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​រត់​ភៀស​ខ្លួន
គេ​ចូល​ទៅ​ពួន​នៅ​តាម​គុម្ពោត​ព្រៃ
គេ​ឡើង​ទៅ​ពួន​នៅ​តាម​ថ្ម​ភ្នំ
ទីក្រុង​ទាំង​មូល​ត្រូវ​គេ​បោះ​បង់​ចោល
ឥត​មាន​នៅ​សល់​នរណា​ម្នាក់​សោះ។
៣០ យេរូសាឡឹម​អើយ
ហេតុ​អ្វី​បាន​ជា​នាង​នៅ​តែ​តុបតែង​ខ្លួន
ពាក់​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស
និង​លាប​ត្របក​ភ្នែក?
នាង​ខំ​តែង​ខ្លួន​ដូច្នេះ ឥត​ប្រយោជន៍​ទេ
អស់​អ្នក​ដែល​ចង់​រួមរ័ក​ជា​មួយ​នាង​កាល​ពី​មុន
បែរ​ជា​មើលងាយ និង​រក​សម្លាប់​នាង​ទៅ​វិញ។
៣១ យើង​ឮ​សំឡេង​ថ្ងូរ​ដូច​សំឡេង​របស់​ស្ត្រី
ដែល​ហៀប​នឹង​សំរាល​កូន
ជា​សំឡេង​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កូន​ដំបូង
គឺ​សំឡេង​ថ្ងូរ​របស់​ប្រជាជន​ក្រុង​ស៊ីយ៉ូន
ដែល​លើក​ដៃ​ប្រណម្យ​រក​គេ​ជួយ
ដោយ​ពោល​ថា “ខ្ញុំ​វេទនា​ណាស់!
ខ្ញុំ​មុខ​ជា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ពេជ្ឈឃាត!”»។