ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម
១ «កូន​ចៅ​បេនយ៉ាមីន​អើយ
ចូរ​រត់​ចេញ​ពី​ក្រុង​យេរូសាឡឹម​ទៅ!
ចូរ​ផ្លុំ​ត្រែ​នៅ​តូអា
ចូរ​លើក​ទង់​សញ្ញា​នៅ​បេតហាកេរែម
ដ្បិត​មហន្តរាយ និង​ទុក្ខ​វេទនា
កំពុង​តែ​មក​ពី​ទិស​ខាង​ជើង។
២ ក្រុង​ស៊ីយ៉ូន​ដ៏​ស្អាត និង​ល្អ​ប្រណីត
មុខ​ជា​ត្រូវ​វិនាស​ហើយ!
៣ ខ្មាំង​សត្រូវ​កំពុង​តែ​ដើរ​មក​រក​ក្រុង​ស៊ីយ៉ូន
ដូច​ពួក​គង្វាល​មក​ជា​មួយ​ហ្វូង​សត្វ​របស់​ខ្លួន
គេ​នឹង​បោះ​ជំរំ​ព័ទ្ធ​ជុំវិញ​ក្រុង​នេះ
ម្នាក់ៗ​នឹង​រឹប​អូស​យក​តាម​ចំណែក​រៀងៗ​ខ្លួន។
៤ ពួក​គេ​ស្រែក​ថា: “ចូរ​វាយ​សំរុក​ក្រុង​នេះ
ចូរ​ក្រោក​ឡើង យើង​វាយ​លុក​ទាំង​ថ្ងៃ​ត្រង់!
ប៉ុន្តែ គួរ​អោយ​ស្ដាយ​ណាស់
ព្រោះ​ថ្ងៃ​កាន់​តែ​ទាប​ទៅៗ
ហើយ​យប់​ក៏​កាន់​តែ​ងងឹត​ទៅៗ​ដែរ!
៥ ក្រោក​ឡើង! យើង​វាយ​លុក​ទាំង​យប់​ក៏​បាន
យើង​បំផ្លាញ​វិមាន​ដ៏​ស្កឹមស្កៃ​របស់​ក្រុង​នេះ”»។
៦ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា:
«ចូរ​នាំ​គ្នា​កាប់​ដើម​ឈើ
ហើយ​សង់​ប៉ម​អោយ​ខ្ពស់
ដើម្បី​វាយ​លុក​ក្រុង​យេរូសាឡឹម!
ត្រូវ​តែ​ដាក់​ទោស​ក្រុង​នេះ
ព្រោះ​នៅ​ក្នុង​ទីក្រុង​មាន​សុទ្ធ​តែ​ការ​ជិះជាន់។
៧ អំពើ​អាក្រក់​ហូរ​ចេញ​ពី​ក្រុង​នេះ
ដូច​ទឹក​ហូរ​ចេញ​ពី​ប្រភព​ទឹក។
ក្នុង​ទីក្រុង​មាន​ឮ​និយាយ​តែ​អំពើ​ឃោរឃៅ
និង​ការ​បំផ្លិចបំផ្លាញ។
ការ​ឈឺ​ចុក​ចាប់ និង​ស្នាម​របួស
ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​របស់​យើង​ជានិច្ច។
៨ យេរូសាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ
ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវីរវល់​នឹង​អ្នក
ហើយ​ធ្វើ​អោយ​អ្នក​វិនាស​អន្តរាយ
ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។
៩ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា:
«ខ្មាំង​សត្រូវ​នឹង​ប្រឡេះ​ជន​ជាតិ​អ៊ីស្រាអែល
ដែល​នៅ​សេសសល់
ដូច​គេ​បេះ​ផ្លែ​ទំពាំងបាយជូរ​ទាល់​តែ​អស់
គឺ​គេ​នឹង​មក​សា​ជា​ថ្មី
ដូច​អ្នក​បេះ​ផ្លែ​ទំពាំងបាយជូរ​វិល​មក
ប្រឡេះ​ផ្លែ​ដែល​នៅ​សល់»។
 
១០ តើ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​នរណា
តើ​នរណា​ជួយ​ពន្យល់​ពួក​គេ​អោយ​ស្ដាប់​ខ្ញុំ
ដ្បិត​ពួក​គេ​ធ្វើ​ជា​ថ្លង់​
ហើយ​មិន​អាច​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បាន​ទេ។
ពេល​ខ្ញុំ​នាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​មក​ប្រាប់
ពួក​គេ​បែរ​ជា​នាំ​គ្នា​សើច​ចំអក
គឺ​ពួក​គេ​មិន​ចូល​ចិត្ត​ឮ​ឡើយ។
១១ ឃើញ​ដូច្នេះ​ខ្ញុំ​ខឹង​ជំនួស​ព្រះអម្ចាស់
ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។
 
«ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវ
ព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផង
ដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរា
នឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។
១២ ពេល​ណា​យើង​ដាក់​ទោស​អ្នក​ស្រុក​នេះ
ផ្ទះ​របស់​គេ​នឹង​ត្រូវ​អ្នក​ផ្សេង​មក​រស់​នៅ
ហើយ​ចំការ និង​ប្រពន្ធ​របស់​គេ
ក៏​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ផ្សេង​ដែរ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១៣ ពួក​គេ​ទាំង​អស់​គ្នា
ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ
គិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន
ទាំង​ព្យាការី ទាំង​បូជាចារ្យ
សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។
១៤ ពួក​គេ​មិន​ឈឺឆ្អាល​នឹង​មហន្តរាយ
នៃ​ប្រជារាស្ត្រ​របស់​យើង​ទេ។
ពួក​គេ​និយាយ​ពី «សន្តិភាព! សន្តិភាព!»
តែ​គ្មាន​សន្តិភាព​ទាល់​តែ​សោះ!​
១៥ ពួក​គេ​គួរ​តែ​អៀន​ខ្មាស​ចំពោះ​អំពើ​ព្រៃផ្សៃ
ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​ចេះ​ខ្មាស។
ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស
ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស
នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ
ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។​
១៦ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា:
«ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍
ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើម
ដើម្បី​អោយ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ
រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ
ចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។
ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា:
“យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។
១៧ យើង​បាន​ដាក់​អ្នក​យាមល្បាត
សំរាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នា
ចូរ​ត្រងត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ!
តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវីរវល់​ស្ដាប់​ទេ!”
១៨ ហេតុ​នេះ​ប្រជាជាតិ​ទាំងឡាយ​អើយ ចូរ​ស្ដាប់!
ចូរ​ដឹង​ថា នឹង​មាន​ហេតុការណ៍​មួយ
កើត​ឡើង​ចំពោះ​ប្រជារាស្ត្រ​នេះ។
១៩ ផែនដី​អើយ ចូរ​ស្ដាប់! យើង​នឹង​ធ្វើ​អោយ
ប្រជារាស្ត្រ​នេះ​រង​ទុក្ខ​វេទនា
ដែល​ជា​លទ្ធផល​នៃ​គំនិត​អាក្រក់​របស់​ពួក​គេ
ដ្បិត​ពួក​គេ​ពុំ​បាន​ត្រងត្រាប់
ស្ដាប់​ពាក្យ​របស់​យើង​ទេ
ពួក​គេ​ក៏​មើលងាយ​ក្រឹត្យវិន័យ​របស់​យើង​ដែរ។
២០ តើ​យើង​ត្រូវ​ការ​អោយ​អ្នក​រាល់​គ្នា​យក​ធូប​ពី
ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ
មក​ថ្វាយ​យើង​ឬ?
យើង​មិន​ព្រម​ទទួល​តង្វាយ​ដុត​របស់
អ្នក​រាល់​គ្នា​ទេ
ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​យញ្ញបូជា
របស់​អ្នក​រាល់​គ្នា​ដែរ»។
២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា:
«ហេតុ​នេះ យើង​នឹង​ដាក់​ថ្ម
ធ្វើ​ជា​ឧបសគ្គ​នៅ​ចំពោះ​មុខ​ប្រជាជន​នេះ
ជា​ថ្ម​ដែល​នាំ​អោយ​គេ​ជំពប់​ដួល
ហើយ​វិនាស​ទាំង​ឪពុក​ទាំង​កូន
ទាំង​ញាតិសន្ដាន ទាំង​អ្នក​ដែល​នៅ​ជិត​ខាង»។
ខ្មាំង​សត្រូវ​ពី​ទិស​ខាង​ជើង​មក​វាយ​លុក
២២ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា:
«មើល៍! មាន​កងទ័ព​មក​ពី​ទិស​ខាង​ជើង
ប្រជាជាតិ​មួយ​ដែល​ជា​មហា​អំណាច
ចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី
២៣ ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង
ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ
សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ
ពួក​គេ​ជិះ​សេះ​មក
ហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព
ដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!»
២៤ «យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះ
យើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់ស្លុត
និង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សំរាល​កូន។
២៥ កុំ​ចេញ​ទៅ​ស្រែ​ចំការ កុំ​ចេញ​ទៅ​តាម​ផ្លូវ
ដ្បិត​ខ្មាំង​សត្រូវ​កាន់​ដាវ​ចាំ​នៅ​ទី​នោះ!
ការ​ព្រឺខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង»។
 
២៦ ប្រជាជន​របស់​យើង​អើយ
ចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះ
រួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ
កូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ!
ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅ
ដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា
ពុំ​អោយ​ដឹង​ខ្លួន​ជា​មុន​ឡើយ!
 
២៧ «យេរេមា​អើយ យើង​បាន​តែងតាំង​អ្នក
អោយ​ល្បងល​មើល​ប្រជាជន​របស់​យើង
ដូច​ជាង​សាក​ល្បងលោហធាតុ
គឺ​យើង​អោយ​អ្នក​សង្កេត និង​ល្បងល​មើល
មាគ៌ា​របស់​ពួក​គេ»។
 
២៨ «ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់
មាន​ចិត្ត​រឹងរូស ដូច​លង្ហិន និង​ដែកថែប
ដែល​ពុំ​អាច​ពត់​បាន​ឡើយ
គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា!
២៩ ធម្មតា​ភ្លើង​ដែល​គេ​សប់​យ៉ាង​ក្ដៅ
អាច​បន្សុទ្ធ​លោហធាតុ​បាន
រីឯ​ប្រជាជន​នេះ​វិញ
គ្មាន​នរណា​អាច​បន្សុទ្ធ​បាន​ទេ
ព្រោះ​អំពើ​អាក្រក់​ស្ថិត​ជាប់​នឹង​ពួក​គេ​ជានិច្ច។
៣០ គេ​ហៅ​អ្នក​ទាំង​នោះ​ថា “ប្រាក់​គ្មាន​តម្លៃ”
ដ្បិត​ព្រះអម្ចាស់​មិន​ទទួល​ពួក​គេ​ទេ!»។