១៧
ព្រះអម្ចាស់ប្រកាសអំពើបាបរបស់ជនជាតិយូដា
១ «អំពើបាបរបស់ជនជាតិយូដា
មានចារឹកទុកដូចអក្សរចារឹក
លើថ្ម ដោយដែកដែលមានត្បូងពេជ្រ
នៅខាងចុង។
អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ
និងនៅលើជ្រុងអាសនៈរបស់ពួកគេ។
២ ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ
អាសនៈរបស់ពួកគេ
ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា
នៅក្បែរដើមឈើដ៏ខៀវខ្ចី
ដែលស្ថិតនៅលើកំពូលភ្នំ។
៣ ជនជាតិយូដាអើយ ដោយអ្នកចូលចិត្ត
គោរពព្រះក្លែងក្លាយ នៅលើភ្នំរបស់យើង
យើងនឹងអោយខ្មាំងសត្រូវរឹបអូសយក
ទ្រព្យសម្បត្តិ និងធនធានទាំងប៉ុន្មានរបស់អ្នក
ពួកគេនឹងកំទេចកន្លែងសក្ការៈរបស់អ្នក
ដែលស្ថិតនៅតាមទួលខ្ពស់ៗ
ព្រោះអ្នកបានប្រព្រឹត្តអំពីបាប
នៅពាសពេញលើទឹកដីនេះ។
៤ អ្នកនឹងប្រគល់ស្រុកដែលយើងបានចែក
អោយអ្នកទៅសាសន៍ដទៃ។
យើងនឹងអោយអ្នកក្លាយទៅជាទាសករ
របស់ខ្មាំងក្នុងស្រុកមួយដែលអ្នកពុំស្គាល់
ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើង
ហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។
៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា
ជនណាផ្ញើជីវិតលើមនុស្ស
ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍
ដោយបែរចិត្តចេញពីព្រះអម្ចាស់
ជននោះមុខជាត្រូវបណ្ដាសាពុំខាន!
៦ គេប្រៀបបាននឹងដើមឈើក្រិន
នៅតាមព្រៃល្បោះ
គេពុំអាចជួបនឹងសុភមង្គលឡើយ។
គេរស់នៅតាមកន្លែងក្ដៅហួតហែង
ក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះ
និងគ្មានមនុស្សនៅ។
៧ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់
និងយកព្រះអង្គធ្វើជាបង្អែក
ពិតជាទទួលព្រះពរមិនខាន!
៨ អ្នកនោះប្រៀបបាននឹងដើមឈើ
ដុះនៅក្បែរផ្លូវទឹក
ដែលមានឫសចាក់ទៅរកទឹកហូរ
វាមិនខ្លាចកំដៅ
ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។
នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ
គឺវានៅតែបង្កើតផ្លែផ្កាដដែល។
៩ ចិត្តរបស់មនុស្សតែងតែវៀចវេរ
មិនអាចកែតម្រង់បានឡើយ
ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងឈ្វេងយល់ជំរៅចិត្តរបស់មនុស្ស
យើងមើលធ្លុះអាថ៌កំបាំងរបស់គេ
ដូច្នេះ យើងនឹងតបស្នងអោយមនុស្សម្នាក់ៗ
តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
១១ អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌
ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។
នៅពេលពាក់កណ្ដាលអាយុ
ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ
ហើយនៅទីបញ្ចប់
គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។
១២ ទីសក្ការៈរបស់យើងជាបល្ល័ង្កមួយដ៏រុងរឿង
តាំងពីដើមដំបូងរៀងមក។
១៣ ឱព្រះអម្ចាស់អើយ
ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល!
អស់អ្នកដែលបោះបង់ចោលព្រះអង្គ
នឹងត្រូវអាម៉ាស់
អស់អ្នកដែលងាកចេញពីព្រះអង្គ
នឹងត្រូវវិនាសទៅជាធូលីដី
ដ្បិតពួកគេបានបោះបង់ចោលព្រះអម្ចាស់
ដែលជាប្រភពទឹកផ្ដល់ជីវិត។
លោកយេរេមាទូលសូមព្រះអម្ចាស់ជួយ
១៤ ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំអោយជា
នោះទូលបង្គំនឹងបានជា
សូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិត
ដ្បិតព្រះអង្គតែងប្រោសប្រទានអោយ
ទូលបង្គំសរសើរតម្កើងព្រះអង្គ!
១៥ ពួកគេពោលមកទូលបង្គំថា:
“តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅឯណា
ចូរអោយព្រះបន្ទូលនោះសំរេចជារូបរាងចុះ!”
១៦ ចំណែកឯទូលបង្គំវិញ ទូលបង្គំពុំបានទទូចសូម
ព្រះអង្គដាក់ទោសពួកគេជាប្រញាប់ទេ។
ព្រះអង្គជ្រាបស្រាប់ហើយថា
ទូលបង្គំមិនចង់ឃើញថ្ងៃអន្តរាយនោះ
កើតមានចំពោះពួកគេឡើយ។
ព្រះអង្គជ្រាបនូវពាក្យសំដី
របស់ទូលបង្គំច្បាស់ណាស់។
១៧ សូមកុំបំភ័យទូលបង្គំឡើយ
ដ្បិតព្រះអង្គជាជំរករបស់ទូលបង្គំ
នៅថ្ងៃដែលទូលបង្គំជួបទុក្ខលំបាក។
១៨ សូមអោយអស់អ្នកដែលបៀតបៀនទូលបង្គំ
ត្រូវអាម៉ាស់
តែកុំអោយទូលបង្គំត្រូវអាម៉ាស់ឡើយ!
សូមអោយពួកគេញ័ររន្ធត់
តែកុំអោយទូលបង្គំញ័ររន្ធត់ឡើយ!
សូមអោយថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេ
សូមប្រហារពួកគេអោយវិនាសអន្តរាយទៅ!
ការគោរពថ្ងៃសប្ប័ទ
១៩ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅឈរនៅមាត់ “ទ្វារប្រជាជន” ជាទ្វារដែលស្ដេចស្រុកយូដាតែងតែចេញចូល និងទ្វារទាំងប៉ុន្មានទៀតនៅក្រុងយេរូសាឡឹម។ ២០ ចូរប្រកាសប្រាប់ពួកគេថា: “ព្រះមហាក្សត្រ និងប្រជាជនយូដាទាំងមូល ព្រមទាំងអ្នកក្រុងយេរូសាឡឹមទាំងអស់ ដែលចេញចូលតាមទ្វារទាំងនេះអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ២១ ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! កុំលីសែងអ្វីនៅថ្ងៃសប្ប័ទ*ឡើយ ហើយក៏កុំយករបស់ទាំងនោះឆ្លងកាត់ទ្វារក្រុងយេរូសាឡឹមដែរ។ ២២ កុំលីសែងអ្វីចេញពីផ្ទះរបស់អ្នករាល់គ្នា នៅថ្ងៃសប្ប័ទ គឺកុំធ្វើការអ្វីទាំងអស់។ ត្រូវញែកថ្ងៃសប្ប័ទទុកសំរាប់យើង ដូចយើងបានបង្គាប់ដូនតារបស់អ្នករាល់គ្នាស្រាប់ហើយ ២៣ តែពួកគេពុំបានត្រងត្រាប់ស្ដាប់យើងទេ ពួកគេតាំងចិត្តរឹងរូស មិនព្រមស្ដាប់ មិនព្រមទទួលមេរៀនសោះ។ ២៤ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: រីឯអ្នករាល់គ្នាវិញ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់យើង មិនលីសែងអ្វីកាត់តាមទ្វារក្រុងនេះ ហើយញែកថ្ងៃសប្ប័ទទុកសំរាប់យើង ដោយមិនធ្វើការអ្វីទាំងអស់នៅថ្ងៃនោះទេ ២៥ ស្ដេចទាំងឡាយដែលស្នងរាជ្យដាវីឌនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។ ២៦ ប្រជាជននឹងនាំគ្នាមកពីក្រុងនានាក្នុងស្រុកយូដា តំបន់ជិតខាងក្រុងយេរូសាឡឹម ស្រុកបេនយ៉ាមីន ស្រុកដែលនៅខាងលិចជើងភ្នំ ព្រមទាំងតំបន់ភ្នំ និងតំបន់ណេកិប ដើម្បីនាំយកតង្វាយដុតទាំងមូលយញ្ញបូជា តង្វាយផ្សេងៗ និងគ្រឿងក្រអូបមកថ្វាយ ដើម្បីអរព្រះគុណព្រះអម្ចាស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ។ ២៧ ផ្ទុយទៅវិញប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃសប្ប័ទទុកសំរាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ នោះយើងនឹងធ្វើអោយមានភ្លើងឆេះកំទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។