៣៩
ស្ដេចស្រុកបាប៊ីឡូនវាយយកក្រុងយេរូសាឡឹម
នេះជាដំណើររឿងស្ដីអំពីការវាយយកក្រុងយេរូសាឡឹម: ១ នៅខែទីដប់ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគាជាស្ដេចស្រុកយូដា ព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនលើកកងទ័ពទាំងមូលមកដល់ក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធទីក្រុង។ ២ នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា កងទ័ពបាប៊ីឡូនបានទម្លុះកំពែងក្រុង។ ៣ ពេលនោះ មេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ដណ្ដើមយកបានទ្វារកណ្ដាល។ មេទ័ពទាំងនោះ គឺលោកនើកាល-សារេស៊ើរ លោកសាំការ-នេប៊ូ លោកសាសេគិម ជាមេលើពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពឯទៀតៗរបស់ស្ដេចស្រុកបាប៊ីឡូន។ ៤ ពេលព្រះបាទសេដេគាជាស្ដេចស្រុកយូដា និងទាហានទាំងអស់ឃើញទ័ពបាប៊ីឡូនចូលមកដល់ ក៏នាំគ្នាភៀសខ្លួនចេញពីទីក្រុងនៅពេលយប់ តាមផ្លូវឧទ្យានរបស់ស្ដេច និងតាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ហើយនាំគ្នាចេញតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ ៥ ប៉ុន្តែ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគា នៅវាលទំនាបជិតក្រុងយេរីខូ។ ពួកគេចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសានៅក្រុងរីបឡាក្នុងស្រុកហាម៉ាត់ ព្រះចៅនេប៊ូក្នេសាប្រកាសកាត់ទោសព្រះបាទសេដេគា។ ៦ ស្ដេចស្រុកបាប៊ីឡូនបញ្ជាអោយគេអារ ក បុត្រាទាំងប៉ុន្មានរបស់ព្រះបាទសេដេគា នៅចំពោះព្រះភក្ត្រព្រះបាទសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានអោយគេអារ ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។ ៧ បន្ទាប់មក ស្ដេចនេប៊ូក្នេសាអោយគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ីឡូន។ ៨ ជនជាតិខាល់ដេដុតកំទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។ ៩ រីឯប្រជាជនដែលនៅសេសសល់ ហើយរស់នៅក្នុងទីក្រុង និងទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់ លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូនាំយកទៅជាឈ្លើយ។ ១០ ប៉ុន្តែ លោកមេបញ្ជាការនេប៊ូសារ៉ាដានអនុញ្ញាតអោយជនក្រីក្រ គឺអ្នកដែលគ្មានអ្វីទាំងអស់រស់នៅក្នុងស្រុកយូដា ហើយនៅថ្ងៃនោះគាត់បានចែកចំការទំពាំងបាយជូរ និងដីស្រែអោយពួកគេទៀតផង។
ស្ដេចនេប៊ូក្នេសាដោះលែងលោកយេរេមា
១១ ចំពោះព្យាការីយេរេមាវិញ ព្រះចៅនេប៊ូក្នេសាបានបញ្ជាអោយលោកនេប៊ូសារ៉ាដានជារាជប្រតិភូថា៖ ១២ «ចូរលោកនាំគាត់ទៅ ហើយទំនុកបម្រុងគាត់ផង កុំធ្វើបាបគាត់អោយសោះ ប្រសិនបើគាត់ចង់បានអ្វី ចូរប្រគល់អោយចុះ»។ ១៣ លោកនេប៊ូសារ៉ាដានជារាជប្រតិភូ លោកនេប៊ូសាសបានជាមេរបស់ពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពទាំងអស់របស់ស្ដេចស្រុកបាប៊ីឡូន ១៤ ចាត់គេអោយទៅនាំលោកយេរេមា ចេញពីបន្ទាយកងរក្សាស្ដេចស្រុកយូដា ប្រគល់ទៅលោកកេដាលាជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ដើម្បីអោយគាត់នាំលោកទៅផ្ទះរបស់លោកវិញ ហើយលោករស់នៅក្នុងចំណោមប្រជាជន។
ព្រះបន្ទូលសំរាប់លោកអេបេដ-មេលេក
១៥ ពេលលោកយេរេមាជាប់ឃុំក្នុងបន្ទាយរបស់កងរក្សាស្ដេចនៅឡើយ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖ ១៦ «ចូរទៅប្រាប់អេបេដ-មេលេក ជាជនជាតិអេត្យូពីថា ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើអោយទុក្ខវេទនាកើតមានដល់ក្រុងនេះដូចពាក្យយើងប្រកាស គឺយើងមិននាំសេចក្ដីសុខមកទេ។ នៅថ្ងៃនោះអ្នកនឹងឃើញហេតុការណ៍កើតឡើងផ្ទាល់នឹងភ្នែក។ ១៧ ប៉ុន្តែ នៅថ្ងៃនោះ យើងនឹងរំដោះអ្នក - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺអ្នកមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលអ្នកភ័យខ្លាចឡើយ។ ១៨ យើងនឹងអោយអ្នកគេចផុតពីកណ្ដាប់ដៃរបស់ខ្មាំង អ្នកមិនត្រូវស្លាប់ដោយមុខដាវទេ គឺអ្នកនឹងរួចជីវិត ដ្បិតអ្នកបានផ្ញើជីវិតលើយើង» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។