កថា​បន្ថែម
៥២
ការ​ឡោមព័ទ្ធ និង​វាយ​លុក​ក្រុង​យេរូសាឡឹម
(យរ.៣៩:៤-៧, ២​ពង្ស ២៤:១៨-២៥.៧)
១ ពេល​ព្រះបាទ​សេដេគា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ហាមូថាល់ ជា​កូន​របស់​លោក​យេរេមា ដែល​ជា​អ្នក​ស្រុក​លីបណា។ ២ ព្រះបាទ​សេដេគា​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ទាស់​នឹង​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទ​យេហូយ៉ាគីម​ដែរ។ ៣ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ចំពោះ​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា ព្រោះ​តែ​អំពើ​ដែល​គេ​ប្រព្រឹត្ត រហូត​ទាល់​តែ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ។
នៅ​គ្រា​នោះ​ព្រះបាទ​សេដេគា​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។ ៤ ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះបាទ​សេដេគា នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បោះ​ទ័ព និង​លើក​ទួល​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡឹម។ ៥ ពួក​គេ​ឡោមព័ទ្ធ​ក្រុង​នេះ រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ នៃ​រជ្ជកាល​ព្រះបាទ​សេដេគា។
៦ នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​ទី​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ប្រជាជន​ក្នុង​ក្រុង​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ ៧ ពួក​ខ្មាំង​ទម្លុះ​កំពែង​ក្រុង។ ទោះ​បី​កងទ័ព​ខាល់ដេ​ឡោមព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​យូដា​ទាំង​អស់​នាំ​គ្នា​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ​ក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។ ៨ កងទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ព្រះបាទ​សេដេគា​ទាន់ នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កងទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែកខ្ញែក​គ្នា​អស់។ ៩ ទាហាន​ខាល់ដេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះចៅ​នេប៊ូក្នេសា​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់។ ព្រះចៅ​នេប៊ូក្នេសា​ប្រកាស​កាត់​ទោស​ព្រះបាទ​សេដេគា។ ១០ ស្ដេច​ស្រុក​បាប៊ីឡូន​បញ្ជា​អោយ​គេ​អារ ក​បុត្រ​ទាំង​អស់​របស់​ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបាទ​សេដេគា។ ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​បាន​អោយ​គេ​អារ ក​ពួក​មន្ត្រី​ទាំង​អស់​នៃ​ស្រុក​យូដា នៅ​ក្រុង​រីបឡា​ដែរ។ ១១ បន្ទាប់​មក ព្រះចៅ​នេប៊ូក្នេសា​អោយ​គេ​ចាក់​ភ្នែក​ព្រះបាទ​សេដេគា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់។ ស្ដេច​ស្រុក​បាប៊ីឡូន​នាំ​ព្រះបាទ​សេដេគា​ទៅ​ស្រុក​បាប៊ីឡូន ឃុំ​ទុក​រហូត​ដល់​ថ្ងៃ​សុគត។
១២ នៅ​ថ្ងៃ​ទី​ដប់​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន លោក​នេប៊ូសារ៉ាដាន ជា​រាជ​ប្រតិភូ​ដែល​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន​មក​ដល់​ក្រុង​យេរូសាឡឹម។ ១៣ លោក​ដុត​កំទេច​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូសាឡឹម ជា​ពិសេស​ផ្ទះ​របស់​ពួក​អភិជន។ ១៤ កងទ័ព​ខាល់ដេ​ទាំង​មូល ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រាជ​ប្រតិភូ ក៏​រំលំ​កំពែង​ជុំវិញ​ក្រុង​យេរូសាឡឹម​ចោល​ដែរ។
១៥ លោក​នេប៊ូសារ៉ាដាន​ជា​រាជ​ប្រតិភូ កៀរ​ប្រជាជន​ដែល​នៅ​សេសសល់​ក្នុង​ទីក្រុង គឺ​ជន​ក្រីក្រ​មួយ​ចំនួន ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេសសល់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ១៦ ប៉ុន្តែ លោក​នេប៊ូសារ៉ាដាន​ជា​រាជ​ប្រតិភូ ទុក​អោយ​ជន​តូចតាច​ខ្លះ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ដាំ​ទំពាំងបាយជូរ និង​ភ្ជួរ​ស្រែ។
១៧ ជន​ជាតិ​ខាល់ដេ​កំទេច​សសរ​លង្ហិន ដែក​កំណល់ និង​អាង​ធំ ដែល​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​នាំ​ទៅ​ក្រុង​បាប៊ីឡូន។ ១៨ ពួក​គេ​យក​ឆ្នាំង វែក កាំបិត ភាជន៍ ពែង និង​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សំរាប់​ប្រើប្រាស់​ក្នុង​ព្រះវិហារ​ទៅ​ជា​មួយ។ ១៩ លោក​រាជ​ប្រតិភូ​ក៏​យក​ចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើង​ចង្កៀង ពែង ចាន គោម និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់​ទៅ​ជា​មួយ​ដែរ។ ២០ រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​រូប​គោ លង្ហិន​ទាំង​ដប់ពីរ ជា​កំណល់​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នេះ គ្មាន​នរណា​ដឹង​ថា មាន​ទម្ងន់​ប៉ុន្មាន​ទេ។ ២១ សសរ​ទី​មួយ​មាន​កំពស់​ដប់ប្រាំបី​ហត្ថ ហើយ​រង្វង់​សសរ​មាន​ប្រវែង​ដប់ពីរ​ហត្ថ។ សសរ​នោះ​ប្រហោង​ក្នុង និង​មាន​កំរាស់​បួន​ហ៊ុន។ ២២ នៅ​ពី​លើ​សសរ​មាន​ក្បាច់​ក្បាល​សសរ​មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កំពស់​ប្រាំ​ហត្ថ។ នៅ​ជុំវិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡាអួន និង​ផ្លែ​ទទឹម​ជា​ច្រើន​ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ​មាន​ទំហំ និង​មាន​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ។ ២៣ មាន​ផ្លែ​ទទឹម​ទាំង​អស់​កៅសិប​ប្រាំ​មួយ​នៅ​ជុំវិញ ហើយ​ផ្លែ​ទទឹម​ដែល​នៅ​ជាប់​នឹង​ក្បាច់​ក្រឡាអួន មាន​ចំនួន​ទាំង​អស់​មួយ​រយ។
២៤ លោក​រាជ​ប្រតិភូ​ចាប់​លោក​សេរ៉ាយ៉ា ជា​មេ​ក្រុម​បូជាចារ្យ លោក​សេផានា ជា​បូជាចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះវិហារ​បី​នាក់​យក​ទៅ​ជា​មួយ។ ២៥ លោក​ក៏​ចាប់​មហាតលិក​មួយ​រូប​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំពីរ​រូប ស្មៀន​របស់​មេទ័ព​ដែល​មាន​ភារកិច្ច​កេណ្ឌ​ទាហាន និង​ប្រជាជន​ហុកសិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។ ២៦ លោក​នេប៊ូសារ៉ាដាន ជា​រាជ​ប្រតិភូ​ចាប់​អ្នក​ទាំង​នោះ នាំ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​រីបឡា។ ២៧ ស្ដេច​ស្រុក​បាប៊ីឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់។ ជន​ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។
២៨ ក្នុង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា ស្ដេច​នេះ​កៀរ​ជន​ជាតិ​យូដា យក​ទៅ​ជា​ឈ្លើយ​ចំនួន ៣ ០២៣​នាក់។ ២៩ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា ស្ដេច​នេះ​កៀរ​អ្នក​ក្រុង​យេរូសាឡឹម​យក​ទៅ​ជា​ឈ្លើយ​ចំនួន ៨៣២​នាក់។ ៣០ ក្នុង​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា លោក​នេប៊ូសារ៉ាដាន ជា​រាជ​ប្រតិភូ​កៀរ​ជន​ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ​ចំនួន​៧៤៥​នាក់។ សរុប​ទាំង​អស់ មាន​ចំនួន ៤ ៦០០ នាក់។
៣១ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ខែ​ទី​ដប់ពីរ​ក្នុង​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ដែល​ព្រះបាទ​យ៉ូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​អេវីល-មេរ៉ូដាក ជា​ស្ដេច​ស្រុក​បាប៊ីឡូន ព្រះចៅ​អេវីល-មេរ៉ូដាក ដោះ​លែង​ព្រះបាទ​យ៉ូយ៉ាគីន​អោយ​មាន​សេរីភាព។ ៣២ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូយ៉ាគីន​ដោយ​ស្និទ្ធស្នាល ព្រម​ទាំង​ប្រទាន​កន្លែង​កិត្តិយស​ជាង​ស្ដេច​ឯ​ទៀតៗ ដែល​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន។ ៣៣ ស្ដេច​អនុញ្ញាត​អោយ​ព្រះបាទ​យ៉ូយ៉ាគីន​លែង​ស្លៀក​សម្លៀកបំពាក់​ជា​ឈ្លើយ​សឹក ហើយ​ព្រះបាទ​យ៉ូយ៉ាគីន​សោយ​ព្រះស្ងោយ​រួម​តុ​ជា​មួយ​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អស់​ព្រះជន្ម។ ៣៤ ស្ដេច​ស្រុក​បាប៊ីឡូន​ទំនុក​បម្រុង​ព្រះបាទ​យ៉ូយ៉ាគីន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត រហូត​ដល់​ថ្ងៃ​ទ្រង់​សោយ​ទិវង្គត។