លោក​យ៉ូណាស​នៅ​ក្នុង​ពោះ​ត្រី
១ ពេល​នោះ ព្រះអម្ចាស់​ចាត់​ត្រី​មួយ​យ៉ាង​ធំ​អោយ​មក​លេប​លោក​យ៉ូណាស លោក​ក៏​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ​បី​យប់​។ ២ នៅ​ក្នុង​ពោះ​ត្រី លោក​អង្វរ​ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក។ ៣ លោក​ពោល​ថា៖
«ពេល​ទូលបង្គំ​មាន​អាសន្ន
ទូលបង្គំ​អង្វរ​រក​ព្រះអម្ចាស់
ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ។
នៅ​ក្នុង​ស្ថាន​មច្ចុរាជ
ទូលបង្គំ​ស្រែក​ហៅ​ព្រះអង្គ​ជួយ
ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​ទូលបង្គំ។
៤ ព្រះអង្គ​បោះ​ទូលបង្គំ​មក​ក្នុង​បាត​សមុទ្រ
ដ៏​សែន​ជ្រៅ
ទឹក​មក​រួបរឹត​ជុំវិញ​ខ្លួន​ប្រាណ​ទូលបង្គំ។
ព្រះអង្គ​ក៏​បញ្ជា​អោយ​ទឹក​រលក​ហូរ​បក់​បោក
មក​លើ​ទូលបង្គំ​ដែរ។
៥ ទូលបង្គំ​គិត​ថា ព្រះអង្គ​បាន​ដេញ​ទូលបង្គំ​ចេញ
ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ហើយ
ប៉ុន្តែ ទូលបង្គំ​នៅ​តែ​សម្លឹង​ឆ្ពោះ​ទៅ​រក
ព្រះវិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ត​ទៅ​ទៀត។
៦ ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ទូលបង្គំ
សេចក្ដី​អន្តរាយ​មក​រួបរឹត​ទូលបង្គំ
មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ​ដែរ។
៧ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំងឡាយ
ទូលបង្គំ​ជាប់​ឃុំ​ក្នុង​ស្ថាន​មច្ចុរាជ​រហូត
តែ​ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ពី​រណ្ដៅ
ហើយ​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត។
៨ ពេល​ទូលបង្គំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​នោះ
ទូលបង្គំ​នឹក​ដល់​ព្រះអម្ចាស់
ហើយ​ពាក្យ​អង្វរ​របស់​ទូលបង្គំ
ក៏​បាន​ឮ​ទៅ​ដល់​ព្រះអង្គ
ឮ​ដល់​ព្រះវិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
៩ សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែងក្លាយ
លែង​គោរព​បំរើ​ព្រះ​ទាំង​នោះ​ទៅ!
១០ រីឯ​ទូលបង្គំ​វិញ
ទូលបង្គំ​នឹង​យក​យញ្ញបូជា
មក​ថ្វាយ​ព្រះអង្គ
ទាំង​ច្រៀង​អរ​ព្រះគុណ​ព្រះអង្គ​ផង។
ទូលបង្គំ​នឹង​ថ្វាយ​តង្វាយ
ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់
ដ្បិត​មាន​តែ​ព្រះអម្ចាស់​ទេ
ដែល​សង្គ្រោះ​ទូលបង្គំ»។
១១ ពេល​នោះ ព្រះអម្ចាស់ បញ្ជា​អោយ​ត្រី ខ្ជាក់​លោក​យ៉ូណាស​ចេញ​ទៅ​លើ​គោក។