១១
សមរភូមិ​នៅ​ត្រង់​ជ្រោះ​មេរ៉ូម
១ កាល​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហាសោរ ជ្រាប​ហេតុការណ៍​ទាំង​នោះ​ហើយ ស្ដេច​ផ្ញើ​រាជសារ​ទៅ​ព្រះបាទ​យ៉ូបាប់ ជា​ស្ដេច​ក្រុង​ម៉ាដូន ទៅ​ស្ដេច​ក្រុង​ស៊ីមរ៉ូន និង​ទៅ​ស្ដេច​ក្រុង​អាសាប ២ ព្រម​ទាំង​ស្ដេច​នានា​នៅ​ខាង​ជើង​ក្នុង​តំបន់ ភ្នំ​តំបន់​អារ៉ាបា​ដែល​នៅ​ខាង​ត្បូង​គីណារ៉ូត តំបន់​វាល​ទំនាប និង​តំបន់​ឌ័រ​ដែល​នៅ​ខាង​លិច។ ៣ ស្ដេច​ក៏​បាន​ផ្ញើ​រាជសារ​ទៅ​ជន​ជាតិ​កាណាន នៅ​ខាង​កើត និង​ខាង​លិច​ទន្លេ​យ័រដាន់​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​យេប៊ូស នៅ​តំបន់​ភ្នំ និង​ជន​ជាតិ​ហេវី​នៅ​តំបន់​ជើង​ភ្នំ​ហ៊ើរម៉ូន ក្នុង​ស្រុក​មីសប៉ា។ ៤ ស្ដេច​ទាំង​នោះ​បាន​លើក​រេហ៍៍ពល​ចេញ​មក​ផ្ដុំ​គ្នា ជា​កងទ័ព​មួយ​យ៉ាង​ធំ មាន​គ្នា​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ក៏​មាន​ទ័ព​សេះ និង​រទេះ​ចំបាំង​យ៉ាង​ច្រើន​អនេក​ដែរ។ ៥ ស្ដេច​ទាំង​នោះ​បាន​ព្រម​ព្រៀង​ពួតដៃ​គ្នា ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រោះ​មេរ៉ូម ដើម្បី​វាយ​លុក​អ៊ីស្រាអែល។
៦ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! នៅ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ប្រគល់​ពួក​គេ​ទាំង​អស់​អោយ​មក​ស្លាប់ ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីស្រាអែល។ ចូរ​កាត់​សរសៃ​ជើង​សេះ ហើយ​ដុត​រទេះ​ចំបាំង​របស់​គេ​ចោល​ទៅ»។ ៧ លោក​យ៉ូស្វេ និង​ពល​ទាហាន​ទាំង​ប៉ុន្មាន​របស់​លោក បាន​វាយ​ឆ្មក់​សត្រូវ​នៅ​ក្បែរ​ជ្រោះ​មេរ៉ូម។ ៨ ព្រះអម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​វាយ​ប្រហារ និង​ដេញ​តាម​ពួក​គេ រហូត​ដល់​ក្រុង​ស៊ីដូន ជា​ទីក្រុង​ដ៏​ធំ ក្រុង​មីសរិផូត-ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីសប៉ា ដែល​នៅ​ខាង​កើត។ ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ពួក​គេ ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ៩ លោក​យ៉ូស្វេ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ គឺ​លោក​កាប់​សរសៃ​ជើង​សេះ និង​ដុត​រទេះ​ចំបាំង​របស់​ពួក​គេ​ចោល។
លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ហាសោរ
១០ ពេល​នោះ លោក​យ៉ូស្វេ​វិល​ត្រឡប់​មក​វិញ ហើយ​វាយ​យក​បាន​ក្រុង​ហាសោរ ព្រម​ទាំង​ប្រហារ​ស្ដេច​ក្រុង​នោះ​ដោយ​មុខ​ដាវ​ទៀត​ផង។ កាល​ពី​ដើម ក្រុង​ហាសោរ ជា​រាជ​ធានី​នៃ​អាណាចក្រ​ទាំង​នោះ។ ១១ កងទ័ព​អ៊ីស្រាអែល​ប្រហារ​ជីវិត​អស់​អ្នក​នៅ​ក្រុង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះជាម្ចាស់​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ ហើយ​ក៏​បាន​ដុត​ក្រុង​ហាសោរ​ចោល​ដែរ។
១២ លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ទាំង​អស់ និង​ចាប់​ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​ផង។ លោក​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះជាម្ចាស់ ស្រប​តាម​បញ្ជា​របស់​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ព្រះអម្ចាស់១៣ ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ទេ លើកលែង​តែ​ក្រុង​ហាសោរ​មួយ​ប៉ុណ្ណោះ ដែល​លោក​យ៉ូស្វេ​បាន​ដុត​ចោល។ ១៤ ជន​ជាតិ​អ៊ីស្រាអែល​បាន​រឹប​អូស​យក​សម្បត្តិ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ក្រុង​ទាំង​នោះ​ទុក​ជា​ជយភ័ណ្ឌ តែ​គេ​ប្រហារ​មនុស្ស​ទាំង​អស់​ដោយ​មុខ​ដាវ​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ១៥ ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បាន​បង្គាប់​មក​លោក​យ៉ូស្វេ​យ៉ាង​នោះ​ដែរ ហើយ​លោក​យ៉ូស្វេ​ធ្វើ​តាម គឺ​លោក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​អស់ ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ធ្វេសប្រហែស​ត្រង់​ណា​ឡើយ។
សមរភូមិ​ចុង​ក្រោយ
១៦ លោក​យ៉ូស្វេ​យក​បាន​ស្រុក​នោះ​ទាំង​មូល គឺ​តំបន់​ភ្នំ តំបន់​ណេកិប ទាំង​មូល​ស្រុក​កូសែន​ទាំង​មូល​តំបន់​វាល​ទំនាប​តំបន់​អារ៉ាបា ព្រម​ទាំង​តំបន់​ភ្នំ​ស្រុក​អ៊ីស្រាអែល និង​វាល​ទំនាប​នៃ​តំបន់​នោះ។ ១៧ លោក​វាយ​ឈ្នះ និង​ប្រហារ​ជីវិត​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ដែន​ដី ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ហាឡាក់ ជិត​ស្រុក​សៀរ និង​ក្រុង​បាលកាដ​ក្នុង​ជ្រលង​ភ្នំ​លីបង់ ជិត​ជើង​ភ្នំ​ហ៊ើរម៉ូន។ ១៨ លោក​យ៉ូស្វេ​ធ្វើ​សង្គ្រាម​ជា​មួយ​ស្ដេច​ទាំង​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។ ១៩ គ្មាន​ក្រុង​ណា​មួយ​សុំ​សន្តិភាព​ពី​ជន​ជាតិ​អ៊ីស្រាអែល​ទេ លើកលែង​តែ​ជន​ជាតិ​ហេវី ដែល​រស់​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ។ រីឯ​ក្រុង​ដទៃ​ទៀត ជន​ជាតិ​អ៊ីស្រាអែល​យក​បាន ដោយ​ប្រើ​កម្លាំង​អាវុធ​ទាំង​អស់។ ២០ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​ប្រជាជន​នៅ​ស្រុក​នោះ​មាន​ចិត្ត​រឹងរូស​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​ប្រជាជន​អ៊ីស្រាអែល បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ឥត​ត្រា​ប្រណី​ឡើយ គឺ​សម្លាប់​ពួក​គេ​អោយ​វិនាស​សូន្យ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
២១ នៅ​គ្រា​ដដែល​នោះ លោក​យ៉ូស្វេ​លើក​ទ័ព​ទៅ​វាយ​ជន​ជាតិ​អាណាក់ ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​នៅ​ក្រុង​ហេប្រូន ក្រុង​ដេបៀរ ក្រុង​អាណាប់ ព្រម​ទាំង​នៅ​តាម​តំបន់​ភ្នំ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ លោក​យ៉ូស្វេ​បំផ្លាញ​ពួក​គេ និង​ក្រុង​របស់​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ២២ គ្មាន​សេសសល់​ជន​ជាតិ​អាណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូត​ប៉ុណ្ណោះ។ ២៣ លោក​យ៉ូស្វេ​យក​បាន​ស្រុក​ទាំង​មូល ស្រប​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ លោក​យ៉ូស្វេ​យក​ទឹក​ដី​នោះ មក​ចែក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទុក​ជា​មត៌ក តាម​កុលសម្ព័ន្ធ​របស់​ខ្លួន។ បន្ទាប់​មក ស្រុក​នោះ​បាន​សុខសាន្តត្រាណ​គ្មាន​សង្គ្រាម​ទៀត​ឡើយ។