ការ​បែង​ចែក​ទឹក​ដី
១៣
ទឹក​ដី​ដែល​ត្រូវ​វាយ​យក​បន្ត​ទៀត
១ នៅ​គ្រា​នោះ លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ រីឯ​ទឹក​ដី​ដែល​ត្រូវ​វាយ​យក ក៏​នៅ​សល់​ច្រើន​ណាស់​ដែរ។ ២ ទឹក​ដី​ដែល​មិន​ទាន់​យក​បាន គឺ​ស្រុក​ភីលីស្ទីន​ទាំង​មូល និង​ស្រុក​កេស៊ូរី​ទាំង​មូល ៣ ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ជន​ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ីហោ នៅ​ព្រំប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ​មាន​នគរ​ប្រាំ​របស់​ជន​ជាតិ​ភីលីស្ទីន​ដែល​មាន​រាជ​ធានី​នៅ​ក្រុង​កាសា ក្រុង​អាសដូឌ ក្រុង​អាសកាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន​ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។ ៤ នៅ​ខាង​ត្បូង មាន​ស្រុក​កាណាន​ទាំង​មូល និង​ក្រុង​មារ៉ា ដែល​ជា​កម្មសិទ្ធិ​របស់​ជន​ជាតិ​ស៊ីដូន រហូត​ទៅ​ដល់​ក្រុង​អាផែក និង​ព្រំប្រទល់​ស្រុក​អាម៉ូរី ៥ ស្រុក​កេបាល និង​ស្រុក​លីបង់​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ចាប់​តាំង​ពី​បាលកាដ នៅ​ជើង​ភ្នំ​ហ៊ើរម៉ូន រហូត​ដល់​ច្រក​ហាម៉ាត់។ ៦ ក្នុង​នោះ ក៏​មាន​ទឹក​ដី​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​ស៊ីដូន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​ចាប់​តាំង​ពី​ភ្នំ​លីបង់ រហូត​ដល់​ក្រុង​មីសរិផូត-ម៉ែម​ដែរ។ យើង​នឹង​បណ្ដេញ​ជន​ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ត្រូវ​បែង​ចែក​ទឹក​ដី​នោះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​ស្រាប់​ហើយ។ ៧ ឥឡូវ​នេះ ចូរ​បែង​ចែក​ទឹក​ដី​កុលសម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​មត៌ក​ទៅ»។
ការ​បែង​ចែក​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
៨ កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ទៀត បាន​ទទួល​ទឹក​ដី​ពី​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ ទុក​ជា​មត៌ក​រួច​ស្រេច​ទៅ​ហើយ គឺ​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ ៩ ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ចាប់​តាំង​ពី​ទីក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ ព្រម​ទាំង​ខ្ពង់​រាប​មេដេបា​ទាំង​មូល​រហូត​ដល់​ក្រុង​ឌីបូន។ ១០ ទឹក​ដី​នោះ លាត​សន្ធឹង​រហូត​ដល់​ព្រំប្រទល់​នៃ​ស្រុក​របស់​ជន​ជាតិ​អាំម៉ូន ពោល​គឺ​ក្រុង​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន​ជាតិ​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន ១១ និង​ស្រុក​កាឡាដ​ទឹក​ដី​ស្រុក​កេស៊ួរី និង​ម៉ាកាធី ព្រម​ទាំង​តំបន់​ភ្នំ​ហ៊ើរម៉ូន ទាំង​មូល និង​តំបន់​បាសាន​ទាំង​មូល រហូត​ដល់​សាលកា ១២ ពោល​គឺ​អាណាចក្រ​ទាំង​មូល​របស់​ព្រះបាទ​អុក នៅ​ស្រុក​បាសាន ហើយ​ជា​ជន​ជាតិ​រេផែម​មួយ​រូប​ក្នុង​ចំណោម​ជន​ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ដែល​សោយ​រាជ្យ​នៅ​ក្រុង​អាសថារ៉ូត និង​ក្រុង​អេទ្រី។ លោក​ម៉ូសេ​បាន​វាយ​យក​ទឹក​ដី​ពី​ស្ដេច​ទាំង​នោះ។ ១៣ ក៏​ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​បណ្ដេញ​ជន​ជាតិ​កេស៊ូរី និង​ជន​ជាតិ​ម៉ាកាធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​កេស៊ួរី និង​ជន​ជាតិ​ម៉ាកាធី​រស់​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១៤ មាន​តែ​កុលសម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​ពុំ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក ព្រោះ​ពួក​គេ​ទទួល​តង្វាយ​ដុត ដែល​ប្រជាជន​យក​មក​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​គេ ដូច​ព្រះអង្គ​បាន​បង្គាប់​មក​ពួក​គេ។
ទឹក​ដី​របស់​កុលសម្ព័ន្ធ​រូបេន
១៥ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​កុលសម្ព័ន្ធ​រូបេន ទៅ​តាម​អំបូរ​រៀងៗ​ខ្លួន។ ១៦ ទឹក​ដី​របស់​គេ​លាត​សន្ធឹង ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំង​ខ្ពង់​រាប​ទាំង​មូល​នៅ​ជិត​មេដេបា ១៧ ក្រុង​ហេសបូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូត-បាល ក្រុង​បេតបាលមេយ៉ូន ១៨ ក្រុង​យ៉ាហាស ក្រុង​កេដេមូត ក្រុង​មេផាត ១៩ ក្រុង​គារយ៉ាថែម ក្រុង​ស៊ីបម៉ា ក្រុង​សេរេត-ហាសាកា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ជាប់​នឹង​វាល​ទំនាប ២០ ក្រុង​បេតពេអ៊រ ជំរាល​ភ្នំ​ពីសកា ក្រុង​បេតយេស៊ីម៉ុត ២១ ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប អាណាចក្រ​ទាំង​មូល​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន។ លោក​ម៉ូសេ​បាន​វាយ​ប្រហារ​ព្រះបាទ​ស៊ីហុន ព្រម​ទាំង​ស្ដេច​ឯ​ទៀតៗ ដែល​ជា​ចំណុះ​របស់​ព្រះបាទ​ស៊ីហុន គឺ​មាន​ស្ដេច​របស់​ជន​ជាតិ​ម៉ាឌាន ជន​ជាតិ​អេវី ជន​ជាតិ​រេគែម ជន​ជាតិ​ស៊ើរ ជន​ជាតិ​ហ៊ើរ និង​ជន​ជាតិ​រេបា ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។ ២២ ក្នុង​ចំណោម​អស់​អ្នក​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​សម្លាប់ មាន​លោក​បាឡាម​ជា​គ្រូ​ទាយ ដែល​ត្រូវ​ជា​កូន​របស់​លោក​បេអ៊រ។ ២៣ ព្រំប្រទល់​ខាង​លិច​នៃ​ទឹក​ដី​របស់​កុលសម្ព័ន្ធ​រូបេន គឺ​ទន្លេ​យ័រដាន់។ នេះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​រូបេន តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។
ទឹក​ដី​របស់​កុលសម្ព័ន្ធ​កាដ
២៤ លោក​ម៉ូសេ​ក៏​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​កុលសម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ​ដែរ។ ២៥ ពួក​គេ​ទទួល​បាន​ទឹក​ដី​ស្រុក​យ៉ាស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្ដាល​ស្រុក​អាំម៉ូន រហូត​ដល់​អារ៉ូអើរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។ ២៦ ទឹក​ដី​របស់​គេ​លាត​សន្ធឹង ចាប់​តាំង​ពី​ក្រុង​ហេសបូន រហូត​ដល់​ក្រុង​រ៉ាម៉ាត-មីសប៉េ និង​ក្រុង​បេថូនីម ហើយ​ចាប់​តាំង​ពី​ក្រុង​ម៉ាហាណែម​រហូត​ដល់​ព្រំប្រទល់​ស្រុក​ដេបៀរ។ ២៧ នៅ​ក្នុង​ជ្រលង​ភ្នំ ទឹក​ដី​របស់​គេ​មាន​ក្រុង​បេតហារ៉ាម ក្រុង​បេតនីមរ៉ា ក្រុង​ស៊ូកុត និង​ក្រុង​សាផូន​ដែល​ជា​ចំណែក​ទឹក​ដី​ចុង​ក្រោយ​នៃ​អាណាចក្រ​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​នៅ​ក្រុង​ហេសបូន។ ទឹក​ដី​នេះ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដែល​ជា​ព្រំប្រទល់ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ចុង​សមុទ្រ​គេនេសារ៉ែត។ ២៨ នេះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​កាដ តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។
ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ខាង​កើត
២៩ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់កណ្ដាល ទៅ​តាម​អំបូរ​របស់​គេ។ ៣០ ទឹក​ដី​នោះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ស្រុក​ម៉ាហាណែម ស្រុក​បាសាន ជា​អាណាចក្រ​ទាំង​មូល​របស់​ព្រះបាទ​អុក ស្ដេច​ស្រុក​បាសាន ព្រម​ទាំង​ភូមិ​ហុកសិប​នៅ​យ៉ាអៀរ ក្នុង​ស្រុក​បាសាន ៣១ ពាក់​កណ្ដាល​ស្រុក​កាឡាដ ក្រុង​អាសថារ៉ូត និង​ក្រុង​អេទ្រី ជា​រាជ​ធានី​របស់​ព្រះបាទ​អុក នៅ​ស្រុក​បាសាន។ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​ទាំង​នោះ​អោយ​ពូជ​អំបូរ​ពាក់​កណ្ដាល​របស់​លោក​ម៉ាកៀរ​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ។
៣២ នេះ​ហើយ​ជា​ទឹក​ដី ដែល​លោក​ម៉ូសេ​បាន​ប្រគល់​អោយ​ពួក​គេ​ទុក​ជា​មត៌ក នៅ​ខាង​កើត​ក្រុង​យេរីខូ និង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​វាល​រាប​ស្រុក​ម៉ូអាប់។ ៣៣ លោក​ម៉ូសេ​ពុំ​បាន​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​លេវី ទុក​ជា​មត៌ក​ទេ ប៉ុន្តែ លោក​ប្រាប់​ពួក​គេ​ថា មត៌ក​របស់​ពួក​គេ គឺ​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។