១៨
ទឹកដីរបស់កុលសម្ព័ន្ធប្រាំពីរទៀត
១ ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅស៊ីឡូ ហើយដំឡើងព្រះពន្លាជួបព្រះអម្ចាស់នៅទីនោះ។ ២ ក្នុងចំណោមជនជាតិអ៊ីស្រាអែល មានកុលសម្ព័ន្ធប្រាំពីរទៀត ដែលពុំទាន់បានទទួលទឹកដី ជាមត៌កនៅឡើយ។ ៣ លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នារង់ចាំដល់កាលណាទៀត ទើបទៅចាប់យកទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរស*របស់អ្នករាល់គ្នាប្រទានអោយ? ៤ ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេអោយទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយការណ៍អោយខ្ញុំដឹង។ ៥ ពួកគេនឹងចែកទឹកដីនោះជាប្រាំពីរចំណែក គឺកុលសម្ព័ន្ធយូដានឹងទៅរស់នៅលើទឹកដីរបស់គេ ក្នុងភូមិភាគខាងត្បូង ហើយក្រុមគ្រួសារលោកយ៉ូសែប ទៅនៅលើទឹកដីរបស់គេក្នុងភូមិភាគខាងជើង។ ៦ ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីអោយអ្នករាល់គ្នា នៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ ៧ ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនទទួលចំណែកជាទឹកដី ក្នុងចំណោមអ្នករាល់គ្នាទេ ព្រោះមុខងារជាបូជាចារ្យ*បំរើព្រះអម្ចាស់ ជាចំណែកមត៌ករបស់ពួកគេ។ រីឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់រួចហើយ គឺជាមត៌កដែលលោកម៉ូសេជាអ្នកបំរើព្រះអម្ចាស់បានប្រគល់អោយ»។
៨ បុរសដែលលោកយ៉ូស្វេចាត់អោយទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅលោកយ៉ូស្វេបានផ្ដែផ្ដាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍អោយខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីអោយអ្នករាល់គ្នា នៅចំពោះព្រះភក្ត្រព្រះអម្ចាស់»។ ៩ បុរសទាំងនោះចាកចេញទៅ ហើយធ្វើដំណើរពាសពេញស្រុក រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីក្រុងនានាទាំងប្រាំពីរចំណែកនោះ ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំស៊ីឡូវិញ។ ១០ នៅស៊ីឡូលោកយ៉ូស្វេចាប់ឆ្នោត ចែកទឹកដីអោយជនជាតិអ៊ីស្រាអែលនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។
ទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន
១១ ឆ្នោតលើកដំបូង ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេស្ថិតនៅចន្លោះទឹកដីរបស់កូនចៅយូដា និងទឹកដីរបស់កូនចៅយ៉ូសែប។ ១២ ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្ដើមពីទន្លេយ័រដាន់ ឡើងតាមជំរាលខាងជើងក្រុងយេរីខូ បន្តទៅខាងលិច កាត់តាមតំបន់ភ្នំ ហើយទៅដល់វាលរហោស្ថាន នៅបេតអាវេន។ ១៣ បន្ទាប់មក ព្រំប្រទល់ចេញពីទីនោះ តម្រង់ទៅទីក្រុងលូស ដោយកាត់តាមជំរាលខាងត្បូងក្រុងនោះ (គឺបេតអែល) រួចចុះទៅអាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេតហូរ៉ូនក្រោម។ ១៤ នៅខាងលិចភ្នំនេះ ព្រំប្រទល់បត់ទៅទិសខាងត្បូង រហូតទៅទល់នឹងគារយ៉ាត-បាល គឺគារយ៉ាត-យ៉ារីម ជាក្រុងរបស់កូនចៅយូដា។ នេះហើយព្រំប្រទល់ខាងលិចរបស់គេ។
១៥ រីឯព្រំប្រទល់ប៉ែកខាងត្បូង ចេញពីគារយ៉ាត-យ៉ារីម បន្តឆ្ពោះទៅទិសខាងលិច រហូតដល់ប្រភពទឹកណិបតា។ ១៦ ព្រំប្រទល់នេះចុះទៅតាមជើងភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំបេនហ៊ីនុម ខាងជើងវាលរាបរេផែមរួចចុះតាមវាលរាបបេនហ៊ីនុម ត្រង់ជំរាលខាងត្បូងភ្នំយេប៊ូស ចុះទៅអេន-រ៉ូកែល។ ១៧ បន្ទាប់មក ព្រំប្រទល់បត់ទៅខាងជើង ដល់អេន-សេម៉េស និងកេលីឡូត ដែលស្ថិតនៅទល់មុខនឹងច្រកភ្នំ អាឌូមីម ហើយចុះទៅផ្ទាំងថ្មរបស់លោកបូហាន ជាកូនរបស់លោករូបេន។ ១៨ ព្រំប្រទល់នេះកាត់តាមជំរាលភ្នំខាងជើងដែលនៅជាប់តំបន់អារ៉ាបា ហើយចុះទៅក្នុងតំបន់អារ៉ាបានោះ ១៩ រួចបន្តទៅខាងជើងបេត-ហុកឡា រហូតដល់ខាងជើងឈូងសមុទ្រ គឺចុងខាងត្បូងបំផុតនៃទន្លេយ័រដាន់។ នេះហើយព្រំប្រទល់ខាងត្បូងរបស់គេ។ ២០ រីឯព្រំប្រទល់ខាងកើត គឺទន្លេយ័រដាន់។ នេះហើយព្រំប្រទល់នៃទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។
២១ ក្រុងទាំងឡាយរបស់កុលសម្ព័ន្ធនៃកូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ មានដូចតទៅ: យេរីខូ បេត-ហុកឡា អេមាក់-កេស៊ីស ២២ បេត-អារ៉ាបា សេម៉ារ៉ែម បេតអែល ២៣ អាវីម ប៉ារ៉ា អូប្រា ២៤ កេផា-អាំម៉ូនី អូបនី កេបា គឺមានទាំងអស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
២៥ បន្ទាប់មក មានក្រុងគីបៀន រ៉ាម៉ា បៀរ៉ុត ២៦ មីសប៉ា កេភីរ៉ា ម៉ូសា ២៧ រេគែម យារពាល តារ៉ាឡា ២៨ សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបៀរ គារយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។