ព្រះយេស៊ូ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​អោយ​ជា
(ម៉ាថាយ ១២:៩-១៤ លូកា ៦:៦-១១)
១ ព្រះយេស៊ូ​យាង​ចូល​ទៅ​សាលា​ប្រជុំ*​ម្ដង​ទៀត នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។ ២ ពួក​គេ​តាម​មើល​ព្រះយេស៊ូ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​អោយ​ជា នៅ​ថ្ងៃ​សប្ប័ទ*​ក្នុង​គោល​បំណង​ចោទ​ប្រកាន់​ព្រះអង្គ។ ៣ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯណេះ!»។ ៤ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ​តើ​ច្បាប់​អនុញ្ញាត​អោយ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​មនុស្ស ឬ​ប្រហារ​ជីវិត​ចោល?»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។ ៥ ព្រះយេស៊ូ​បែរ​ព្រះភក្ត្រ​ទត​មើល​ទៅ​អ្នក​ដែល​នៅ​ជុំវិញ ទាំង​ព្រះពិរោធ ហើយ​ព្រះអង្គ​ព្រួយ​ព្រះហឫទ័យ ព្រោះ​គេ​មាន​ចិត្ត​រឹងរូស។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម​វិញ។ ៦ ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ទៅ​ពិគ្រោះ​ជា​មួយ​បក្ស​ពួក​ស្ដេច​ហេរ៉ូដ​ភ្លាម ដើម្បី​រក​មធ្យោបាយ​ធ្វើ​គុត​ព្រះយេស៊ូ។
មហាជន​មក​តាម​ព្រះយេស៊ូ
៧ ព្រះយេស៊ូ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ​ជា​មួយ​ពួក​សិស្ស*។ មាន​បណ្ដាជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលីឡេ ស្រុក​យូដា ៨ ក្រុង​យេរូសាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ព្រម​ទាំង​តំបន់​ជុំវិញ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ បណ្ដាជន​មក​តាម​ព្រះយេស៊ូ​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ធ្វើ។ ៩ ព្រះយេស៊ូ​ប្រាប់​ពួក​សិស្ស*​អោយ​រៀបចំ​ទូក​មួយ​ថ្វាយ​ព្រះអង្គ ក្រែង​បណ្ដាជន​ប្រជ្រៀត​គ្នា​ចោមរោម​ព្រះអង្គ ១០ ដ្បិត​មាន​អ្នក​ជំងឺ​ជា​ច្រើន​ខំ​ប្រឹង​សំរុក​ចូល​មក​ជិត ដើម្បី​ពាល់​ព្រះអង្គ​ព្រោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​អោយ​បាន​ជា។ ១១ ម្យ៉ាង​ទៀត​ពេល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ក្រាប​ចុះ​នៅ​ទៀប​ព្រះបាទា ហើយ​ស្រែក​ឡើង​ថា៖ «ព្រះអង្គ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។ ១២ ប៉ុន្តែ ព្រះយេស៊ូ​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​អោយ​និយាយ​ប្រាប់​គេ​ថា ព្រះអង្គ​ជា​នរណា​ឡើយ។
ព្រះយេស៊ូ​តែងតាំង​សាវ័ក​១២​រូប
(ម៉ាថាយ ១០:១-៤ លូកា ៦:១២-១៦)
១៣ បន្ទាប់​មក ព្រះយេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។ ព្រះអង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជ្រើសរើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះអង្គ។ ១៤ ព្រះអង្គ​តែងតាំង​សាវ័ក​ដប់ពីរ​រូប អោយ​គេ​នៅ​ជា​មួយ​ព្រះអង្គ និង​ដើម្បី​ចាត់​គេ​អោយ​ទៅ​ប្រកាស​ដំណឹងល្អ ១៥ ទាំង​អោយ​គេ​មាន​អំណាច​ដេញ​អារក្ស​ថែម​ទៀត​ផង។ ១៦ ព្រះអង្គ​បាន​តែងតាំង​អ្នក​ដប់ពីរ​រូប​នេះ គឺ​ស៊ីម៉ូន​ដែល​ទ្រង់​ដាក់​ឈ្មោះ​ថា ពេត្រុស ១៧ យ៉ាកុប​ជា​កូន​របស់​លោក​សេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះយេស៊ូ​ដាក់​ឈ្មោះ​ថា “បោនអ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ផ្គរលាន់” ១៨ អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​អាល់ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម ១៩ និង​យូដាសអ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។
ព្រះញាតិវង្ស​របស់​ព្រះយេស៊ូ​មក​នាំ​ព្រះអង្គ​យក​ទៅ​វិញ
២០ កាល​ព្រះយេស៊ូ​យាង​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដាជន​ជួបជុំ​គ្នា​សា​ជា​ថ្មី ជា​ហេតុ​នាំ​អោយ​ព្រះអង្គ និង​ពួក​សិស្ស*​រក​ពេល​បរិភោគ​មិន​បាន​សោះ។ ២១ ព្រះញាតិវង្ស​របស់​ព្រះអង្គ​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ដើម្បី​ចាប់​ព្រះអង្គ​ទៅ​វិញ ព្រោះ​គេ​ថា​ព្រះអង្គ​វង្វេង​ស្មារតី​ហើយ។
ព្រះយេស៊ូ​ឆ្លើយ​តប​នឹង​ពួក​អ្នក​ចោទ​ប្រកាន់​ព្រះអង្គ
(ម៉ាថាយ ១២:២២-៣២ លូកា ១១:១៤-២៣, ១២:១០)
២២ ពួក​អាចារ្យ* ដែល​ចុះ​មក​ពី​ក្រុង​យេរូសាឡឹម​និយាយ​ថា៖ «អ្នក​នេះ​មាន​បេលសេប៊ូល​ជា​ស្ដេច​អារក្ស​នៅ​ក្នុង​ខ្លួន គាត់​អាច​ដេញ​អារក្ស​ដូច្នេះ ព្រោះ​ស្ដេច​អារក្ស​ប្រគល់​អំណាច​អោយ»។ ២៣ ព្រះយេស៊ូ​ត្រាស់​ហៅ​គេ​មក រួច​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ថា៖ «តើ​មារ*​សាតាំង​អាច​ដេញ​មារ​សាតាំង​ដូច​ម្ដេច​កើត? ២៤ ប្រសិន​បើ​ពលរដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិតស្ថេរ​គង់វង្ស​ត​ទៅ​មុខ​បាន​ឡើយ។ ២៥ ប្រសិន​បើ​មាន​ក្រុម​គ្រួសារ​មួយ​បែក​បាក់​ទាស់ទែង​គ្នា ក្រុម​គ្រួសារ​នោះ​ក៏​ពុំ​អាច​នៅ​ស្ថិតស្ថេរ​គង់វង្ស​បាន​ដែរ។ ២៦ ដូច្នេះ ប្រសិន​បើ​មារ​សាតាំង​ក្រោក​ឡើង​ប្រឆាំង​នឹង​ខ្លួន​ឯង បែក​បាក់​ទាស់ទែង​នឹង​ខ្លួន​ឯង វា​មិន​អាច​នៅ​ស្ថិតស្ថេរ​គង់វង្ស​បាន​ឡើយ គឺ​វា​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន។ ២៧ គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ គឺ​ត្រូវ​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។ ២៨ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​មនុស្ស​លោក​ធ្វើ​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​លើកលែង​ទោស​ទាំង​អស់។ ២៩ រីឯ​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​វិញ ព្រះអង្គ​មិន​លើកលែង​ទោស​សោះ​ឡើយ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់កល្ប​ជានិច្ច»។
៣០ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នេះ ព្រោះ​គេ​និយាយ​ថា ព្រះអង្គ​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន។
ព្រះញាតិវង្ស​ដ៏​ពិត​ប្រាកដ​របស់​ព្រះយេស៊ូ
(ម៉ាថាយ ១២:៤៦-៥០ លូកា ៨:១៩-២១)
៣១ ពេល​នោះ មាតា និង​បង​ប្អូន​របស់​ព្រះយេស៊ូ​មក​ដល់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​ចាត់​គេ​អោយ​ចូល​មក​ហៅ​ព្រះអង្គ។ ៣២ បណ្ដាជន​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះយេស៊ូ ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ ម្ដាយ និង​បង​ប្អូន​លោក មក​រក​លោក​នៅ​ខាង​ក្រៅ!»។ ៣៣ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ? នរណា​ជា​បង​ប្អូន​ខ្ញុំ?»។ ៣៤ ព្រះអង្គ​ទត​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំវិញ​ព្រះអង្គ រួច​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង​ប្អូន​របស់​ខ្ញុំ ៣៥ ដ្បិត​អ្នក​ណា​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ អ្នក​នោះ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។