នេហេមា
លោក​នេហេមា​ទូលអង្វរ​អោយ​ជន​ជាតិ​យូដា
១ នេះ​ជា​ពាក្យ​របស់​លោក​នេហេមា ជា​កូន​លោក​ហាកាលា។ នៅ​ខែ​មិគសិរ​ក្នុង​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ព្រះចៅ​អើថាស៊ើកសេស គឺ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​បុរី​របស់​ស្ដេច ២ មាន​បង​ប្អូន​ខ្ញុំ​ម្នាក់​ឈ្មោះ​ហាណានី រួម​ជា​មួយ​អ្នក​ខ្លះ​ទៀត ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​មក​ដល់​ទី​នោះ។ ខ្ញុំ​បាន​សួរ​ដំណឹង​ពួក​គេ​ស្ដី​អំពី​ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់ គឺ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ​ រួច​ខ្ញុំ​ក៏​បាន​សួរ​ដំណឹង​អំពី​ក្រុង​យេរូសាឡឹម​ដែរ។ ៣ អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណាខេត្ត​យូដា​ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូសាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កំទេច​ដែរ។
៤ ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ​ខ្ញុំ​អង្គុយ​ចុះ ហើយ​យំ​សោក ព្រម​ទាំង​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​តម​អាហារ ហើយ​ទូលអង្វរ​ព្រះ​នៃ​ស្ថាន​បរមសុខ។ ៥ ខ្ញុំ​ទូល​ព្រះអង្គ​ដូច​ត​ទៅ:
«បពិត្រ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរមសុខ* ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធមេត្រី ហើយ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ និង​គោរព​តាម​បទ​បញ្ជា​របស់​ព្រះអង្គ។ ៦ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់ ព្រម​ទាំង​ទត​មើល​មក​ទូលបង្គំ សូម​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង។ ទូលបង្គំ​កំពុង​តែ​ទូលអង្វរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ព្រះអង្គ​ប្រណី​សន្ដោស​ជន​ជាតិ​អ៊ីស្រាអែល ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ ទូលបង្គំ​សូម​សារភាព​អំពើ​បាប​ក្នុង​នាម​ជន​ជាតិ​អ៊ីស្រាអែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។ ទូលបង្គំ និង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ ៧ យើង​ខ្ញុំ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ គឺ​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ​បញ្ជា ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ប្រទាន​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឡើយ។ ៨ សូម​នឹក​ចាំ​ពី​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ថា: “បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​យើង​ទេ​នោះ យើង​នឹង​កំចាត់កំចាយ​អ្នក​រាល់​គ្នា​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ។​ ៩ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​យើង​វិញ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង​នោះ ទោះ​បី​អ្នក​រាល់​គ្នា​ត្រូវ​គេ​កៀរ​ទៅ​នៅ​ជើង​មេឃ​ក្ដី ក៏​យើង​ប្រមូល​ផ្ដុំ និង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ទី​កន្លែង ដែល​យើង​បាន​ជ្រើស​រើស សំរាប់​សំដែង​នាម​យើង​នេះ​វិញ​ដែរ”។ ១០ យើង​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិឫទ្ធិ និង​បារមី​ដ៏​ខ្លាំង​ពូកែ។ ១១ បពិត្រ​ព្រះអម្ចាស់ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ ព្រម​ទាំង​ពាក្យ​ទូលអង្វរ​របស់​អ្នក​បំរើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​ព្រះនាម​របស់​ព្រះអង្គ។ សូម​ប្រទាន​អោយ​ទូលបង្គំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​អោយ​ព្រះរាជា​សន្ដោស​មេត្តា​ដល់​ទូលបង្គំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខងារ​ជា​មហាតលិក​របស់​ព្រះចៅ​អធិរាជ។