វិវរណៈ
ឬ​ហេតុការណ៍​ដែល​ព្រះយេស៊ូគ្រិស្ដ សំដែង​អោយ​លោក​យ៉ូហាន​ឃើញ
សេចក្ដី​ផ្ដើម
១ នេះ​ជា​ហេតុការណ៍​ដែល​ព្រះយេស៊ូគ្រិស្ដ​បាន​សំដែង​អោយ​ឃើញ គឺ​ព្រះជាម្ចាស់​ប្រទាន​អោយ​ព្រះអង្គ​បង្ហាញ​ព្រឹត្តិការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ អោយ​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ​ដឹង។ ព្រះយេស៊ូ​បាន​ចាត់​ទេវតា*​របស់​ព្រះអង្គ អោយ​មក​ប្រាប់​លោក​យ៉ូហាន​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ២ លោក​យ៉ូហាន​បាន​ធ្វើ​ជា​បន្ទាល់ អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ឃើញ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ជា​សក្ខីភាព​របស់​ព្រះយេស៊ូគ្រិស្ដ។
៣ អ្នក​ណា​អាន​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ! អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​លោក​ថ្លែង​ក្នុង​នាម​ព្រះជាម្ចាស់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​មក​នេះ ក៏​មាន​សុភមង្គល​ដែរ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។
ពាក្យ​ជំរាប​សួរ
៤ ខ្ញុំ យ៉ូហាន សូម​ជំរាប​មក​ក្រុមជំនុំ*​ទាំង​ប្រាំពីរ នៅ​ស្រុក​អាស៊ី។ សូម​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​អតីតកាល ហើយ​កំពុង​តែ​យាង​មក ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។ សូម​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ ៥ និង​ព្រះយេស៊ូគ្រិស្ដ​ប្រណីសន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន​ដែរ! ព្រះយេស៊ូ​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​ព្រះអង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។
ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​អោយ​រួច​ពី​បាប ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ ៦ ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ទៅ​ជា​រាជាណាចក្រ និង​ជា​ក្រុម​បូជាចារ្យ*​បំរើ​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះអង្គ។ សូម​លើក​តម្កើង​សិរីរុងរឿង និង​ព្រះចេស្ដា​របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។ ៧ មើល៍! ព្រះអង្គ​យាង​មក នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះអង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះអង្គ ក៏​នឹង​ឃើញ​ព្រះអង្គ​ដែរ។ កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​ព្រះអង្គ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។ ៨ ព្រះជាអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម​ហើយ​កំពុង​តែ​យាង​មក គឺ​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេកា»​។
លោក​យ៉ូហាន​និមិត្ត​ឃើញ​ព្រះយេស៊ូ
៩ ខ្ញុំ យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រងទុក្ខ​លំបាក ទទួល​ព្រះរាជ្យ* និង​ព្យាយាម​រួម​ជា​មួយ​បង​ប្អូន ក្នុង​អង្គ​ព្រះយេស៊ូ​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាតម៉ូស ព្រោះ​តែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​សក្ខីភាព​របស់​ព្រះយេស៊ូ។ ១០ នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​ ព្រះវិញ្ញាណ​បាន​ធ្វើ​អោយ​ខ្ញុំ​លង់​ស្មារតី ហើយ​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​នៅ​ខាង​ក្រោយ​ខ្ញុំ លាន់​រំពង​ឡើង​យ៉ាង​ខ្លាំង​ដូច​សំឡេង​ត្រែ ១១ សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុមជំនុំ​ទាំង​ប្រាំពីរ នៅ​ក្រុង​អេភេសូ ក្រុង​ស្មៀរណា ក្រុង​ពើកាម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡាដិលភា និង​ក្រុង​ឡៅឌីសេ»។
១២ ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង ដែល​ពោល​មក​កាន់​ខ្ញុំ​ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ។ ១៣ នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ មាន​ម្នាក់​រាង​ដូច​បុត្រ​មនុស្ស* ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។ ១៤ សក់​លោក​សក្បុស​ដូច​កប្បាស និង​ដូច​សំឡី​ ភ្នែក​លោក​ភ្លឺ​ដូច​អណ្ដាត​ភ្លើង ១៥ ជើង​លោក​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​លោក​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។ ១៦ លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ​ចេញ​ពី​មាត់​របស់​លោក ហើយ​មុខ​លោក​ប្រៀប​បី​ដូច​ជា​ថ្ងៃ​ពេញ​កំដៅ។
១៧ ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត ១៨ យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ​។ ១៩ ដូច្នេះ ចូរ​កត់ត្រា​ទុក​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។ ២០ ចំពោះ​អត្ថន័យ​លាក់​កំបាំង អំពី​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​ឃើញ​យើង​កាន់​នៅ​ដៃ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នេះ​មាន​ដូច​ត​ទៅៈ ផ្កាយ​ទាំង​ប្រាំពីរ គឺ​ជា​ទេវតា​របស់​ក្រុមជំនុំ*​ទាំង​ប្រាំពីរ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំពីរ គឺ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះ​ឯង»។