នាង​រស់​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​លោក​បូអូស
១ នាង​ណាអូមី​មាន​សាច់ញាតិ​ខាង​ប្ដី​ម្នាក់​ឈ្មោះ​បូអូស ជា​អ្នក​មាន​កិត្តិយស និង​មាន​សម្បត្តិ​ស្ដុកស្ដម្ភ។ ២ នាង​រស់​ជា​សាសន៍​ម៉ូអាប់ ពោល​ទៅ​ម្ដាយ​ក្មេក​ថា៖ «សូម​អ្នក​ម្ដាយ​អោយ​កូន​ទៅ​រើស​ស្រូវ​នៅ​តាម​ស្រែ​នានា​ទៅ​ គង់​តែ​មាន​គេ​អាណិត ទុក​អោយ​កូន​រើស​ស្រូវ​តាម​ក្រោយ​ពុំខាន»។ នាង​ណាអូមី​ឆ្លើយ​ថា៖ «ទៅ​ចុះ​កូន!»។ ៣ នាង​រស់​ក៏​ចេញ​ទៅ​រើស​ស្រូវ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​នៅ​ក្នុង​ស្រែ​មួយ គាប់​ជួន​ប៉ះ​ចំ​លើ​ស្រែ​របស់​លោក​បូអូស ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​លោក​អេលីម៉ាឡេក។
៤ ពេល​នោះ លោក​បូអូស​បាន​មក​ពី​ភូមិ​បេថ្លេហិម គាត់​ពោល​ទៅ​កាន់​ពួក​អ្នក​ច្រូត​ថា៖ «សូម​ព្រះអម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។ ពួក​គេ​ឆ្លើយ​ថា៖ «សូម​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​លោក​ដែរ!»។ ៥ បន្ទាប់​មក លោក​បូអូស​សួរ​អ្នក​បំរើ​របស់​លោក ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​អ្នក​ច្រូត​ថា៖ «តើ​នាង​នេះ​ជា​នរណា?»។ ៦ បុរស​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ជា​មួយ​នាង​ណាអូមី នៅ​ពេល​គាត់​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ។ ៧ នាង​បាន​សុំ​ដើរ​តាម​ពី​ក្រោយ​ពួក​អ្នក​ច្រូត ដើម្បី​រើស​សន្សំ​ស្រូវ​ដែល​ជ្រុះ​នៅ​លើ​ដី។ នាង​មក​រើស​តាំង​ពី​ព្រលឹម រហូត​មក​ទល់​ពេល​នេះ ហើយ​នាង​បាន​ទៅ​សំរាក​នៅ​ផ្ទះ តែ​មួយ​ស្របក់​ប៉ុណ្ណោះ»។ ៨ ពេល​នោះ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «នាង​អើយ សូម​ស្ដាប់​ខ្ញុំ! កុំ​ទៅ​រើស​ស្រូវ​ក្នុង​ស្រែ​ណា​ផ្សេង​អី ហើយ​ក៏​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ស្រែ​នេះ​ដែរ។ ចូរ​នៅ​ជា​មួយ​ស្រី​បំរើ​របស់​ខ្ញុំ​ទាំង​នេះ​ចុះ! ៩ ចូរ​ឃ្លាំ​មើល បើ​ឃើញ​គេ​ទៅ​កន្លែង​ណា ចូរ​ដើរ​តាម​គេ​ទៅ។ ខ្ញុំ​បាន​ហាម​អ្នក​បំរើ​ប្រុសៗ មិន​អោយ​ប៉ះពាល់​នាង​ឡើយ។ បើ​នាង​ស្រេក ចូរ​ទៅ​ពិសា​ទឹក​ក្នុង​ក្អម​ដែល​ពួក​អ្នក​បំរើ​របស់​ខ្ញុំ​ដង​ទុក​នោះ​ទៅ!»។ ១០ ពេល​នោះ នាង​រស់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​លោក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។ ១១ លោក​បូអូស​ឆ្លើយ​ថា៖ «គេ​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់ អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ម្ដាយ​ក្មេក ក្រោយ​ពេល​ប្ដី​នាង​ស្លាប់​ចោល​ទៅ គឺ​នាង​សុខ​ចិត្ត​លះបង់​ឪពុក​ម្ដាយ និង​ស្រុក​កំណើត មក​រស់​នៅ​ជា​មួយ​ជន​ជាតិ​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។ ១២ សូម​ព្រះអម្ចាស់​តប​ស្នង​មក​នាង​វិញ ស្រប​តាម​ការ​ដែល​នាង​បាន​ប្រព្រឹត្ត សូម​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ប្រទាន​រង្វាន់​មក​នាង​យ៉ាង​បរិបូណ៌ ព្រោះ​នាង​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ»។ ១៣ នាង​រស់​តប​វិញ​ថា៖ «លោក​ម្ចាស់​មាន​ចិត្ត​សប្បុរស​មក​លើ​នាង​ខ្ញុំ​ជា​ពន់​ពេក ទោះ​បី​នាង​ខ្ញុំ​មាន​ឋានៈ​ទាប​ជាង​ស្រី​បំរើ​របស់​លោក​ក្ដី ក៏​លោក​មាន​ប្រសាសន៍​សំរាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​ដែរ»។
១៤ នៅ​ពេល​បរិភោគ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «អញ្ជើញ​មក​ពិសា​នំបុ័ង ហើយ​ជ្រលក់​ដុំ​នំបុ័ង​ក្នុង​ទឹក​ជ្រលក់​នេះ​ទៅ!»។ នាង​រស់​ក៏​អង្គុយ​ជិត​ពួក​អ្នក​ច្រូត លោក​បូអូស​ហុច​លាជ​អោយ​នាង នាង​បរិភោគ​ឆ្អែត ហើយ​ទុក​លាជ​ដែល​នៅ​សល់​ផង។ ១៥ បន្ទាប់​មក នាង​ក្រោក​ឡើង​ទៅ​រើស​ស្រូវ​ទៀត។ ពេល​នោះ លោក​បូអូស​បាន​បញ្ជា​ដល់​អ្នក​បំរើ​របស់​លោក​ថា៖ «ទុក​អោយ​នាង​រើស​ស្រូវ​នៅ​កន្លែង​មាន​កណ្ដាប់​ផង កុំ​រារាំង​នាង​អី!។ ១៦ ចូរ​ទម្លាក់​កួរ​ស្រូវ​ខ្លះ​ចេញ​ពី​កណ្ដាប់​អោយ​នាង​រើស​ផង កុំ​ស្ដី​បន្ទោស​នាង​ឡើយ!»។
១៧ នាង​រស់​រើស​កួរ​ស្រូវ​រហូត​ដល់​ល្ងាច រួច​នាង​បោក​បែន​កួរ​ស្រូវ​នោះ​បាន​ជិត​មួយ​ថាំង។ ១៨ នាង​ក៏​ទូល​ស្រូវ​ត្រឡប់​មក​ភូមិ បង្ហាញ​អោយ​ម្ដាយ​ក្មេក​ឃើញ ព្រម​ទាំង​យក​អាហារ​ដែល​សល់​ពី​ពេល​បាយ​មក​ជូន​គាត់​ផង​ដែរ។ ១៩ ម្ដាយ​ក្មេក​សួរ​នាង​ថា៖ «ថ្ងៃ​នេះ កូន​រើស​ស្រូវ​នៅ​កន្លែង​ណា ក្នុង​ស្រែ​អ្នក​ណា?។ សូម​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​កូន!»។ នាង​រស់​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​ថា នាង​បាន​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស។ ២០ នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ថា៖ «សូម​អរ​ព្រះគុណ​ព្រះអម្ចាស់​ដែល​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ជានិច្ច​ចំពោះ​មនុស្ស​នៅ​រស់ ក៏​ដូច​ជា​មនុស្ស​ស្លាប់​ដែរ!»។ នាង​ណាអូមី​និយាយ​បន្ត​ទៀត​ថា៖ «បុរស​នេះ​ជា​សាច់ញាតិ​ជិតដិត​របស់​យើង គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភារកិច្ច​ទទួល​បន្ទុក​ថែរក្សា​យើង»។ ២១ នាង​រស់​ជា​សាសន៍​ម៉ូអាប់​ពោល​ថា៖ «គាត់​បាន​ប្រាប់​កូន​អោយ​នៅ​រើស​ស្រូវ​ជា​មួយ​អ្នក​បំរើ​របស់​គាត់ រហូត​ទាល់​តែ​ផុត​រដូវ​ចំរូត»។ ២២ នាង​ណាអូមី​ពោល​ទៅ​កូន​ប្រសា​ទៀត​ថា៖ «កូន​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បំរើ​របស់​លោក​បូអូស​ត​ទៅ​ទៀត គឺ​ជា​ការ​ល្អ​ណាស់! បើ​កូន​ទៅ​ស្រែ​អ្នក​ដទៃ ក្រែង​លោ​គេ​ធ្វើ​បាប»។ ២៣ នាង​រស់​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បំរើ​របស់​លោក​បូអូស រហូត​ទាល់​តែ​ផុត​រដូវ​ចំរូត។ នាង​រស់ រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​ត​ទៅ​ទៀត។