និមិត្តហេតុ​អស្ចារ្យ​អំពី​ខ្សែ​រង្វាស់
១ ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​បុរស​ម្នាក់​កាន់​ខ្សែ​រង្វាស់​មួយ។ ២ ខ្ញុំ​សួរ​បុរស​នោះ​ថា លោក​អញ្ជើញ​ទៅ​ណា។ លោក​តប​មក​វិញ​ថា៖ «ខ្ញុំ​ទៅ​វាស់​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​ដឹង​ប្រវែង​ទទឹង និង​បណ្ដោយ»។ ៣ ពេល​នោះ ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ ដើរ​ទៅ​មុខ ហើយ​មាន​ទេវតា​មួយ​រូប​ទៀត​មក​ជួប ៤ ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូសាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។ ៥ រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ ធ្វើ​ជា​កំពែង​ភ្លើង​ការពារ​ក្រុង ហើយ​យើង​ក៏​នឹង​ទៅ​ជា​សិរីរុងរឿង​របស់​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ព្រះអម្ចាស់​ហៅ​អ្នក​ជាប់​ជា​ឈ្លើយ​ត្រឡប់​មក​វិញ
៦ «យើង​បាន​កំចាត់កំចាយ​អ្នក​រាល់​គ្នា
ទៅ​តាម​ទិស​ទាំង​បួន!
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់ប្រញាល់
រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក!
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៧ ប្រជាជន​ក្រុង​ស៊ីយ៉ូន​ដែល​តាំង​ទី​លំនៅ
ក្នុង​ស្រុក​បាប៊ីឡូន​អើយ
ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់!»។
៨ ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ទ្រង់​ប្រទាន​អំណាច​ និង​ចាត់​ខ្ញុំ​អោយ​ទៅ
ប្រាប់​ប្រជាជាតិ​នានា
ដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា:
«អ្នក​ណា​ប៉ះពាល់​អ្នក​រាល់​គ្នា
ក៏​ដូច​ជា​ប៉ះពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។
៩ យើង​នឹង​លើក​ដៃ​ប្រហារ​ប្រជាជាតិ​ទាំង​នោះ
ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ
នៃ​ពួក​ទាសករ​របស់​ខ្លួន»
ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ពិត​ជា​បាន​ចាត់​ខ្ញុំ​អោយ​មក​មែន។
១០ «ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ!
ចូរ​សប្បាយ​រីករាយ​ឡើង!
ដ្បិត​យើង​មក​រក​អ្នក​ហើយ
យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក!»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១១ «នៅ​ថ្ងៃ​នោះ​ប្រជាជាតិ​ជា​ច្រើន
នឹង​ជំពាក់​ចិត្ត​លើ​យើង​ជា​ព្រះអម្ចាស់
ហើយ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង
តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។
ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
បាន​ចាត់​ខ្ញុំ​អោយ​មក​រក​អ្នក។
១២ ព្រះអម្ចាស់​នឹង​យក​ស្រុក​យូដា
ធ្វើ​ជា​ទឹក​ដី​របស់​ព្រះអង្គ​ផ្ទាល់
ក្នុង​ទឹក​ដី​ដ៏វិសុទ្ធ
ព្រះអង្គ​នឹង​ជ្រើស​រើស​ក្រុង​យេរូសាឡឹម
ដូច​ពី​មុន។
១៣ សត្វ​លោក​ទាំងឡាយ​ត្រូវ​ស្ងៀមស្ងាត់
នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់
ដ្បិត​ព្រះអង្គ​តើន​ឡើង ហើយ​យាង​ចេញ​ពី
ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។