លិខិតរបស់លោកប៉ូលផ្ញើជូន
គ្រិស្ដបរិស័ទនៅក្រុងកូឡូស
១
សេចក្ដីផ្ដើម
(លូកា ៣:២៣-៣៨)
១ ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូ និងលោកធីម៉ូថេ
២ សូមជំរាបមកប្រជារាស្ត្រដ៏វិសុទ្ធ* និងបងប្អូនដែលជឿលើព្រះគ្រិស្ដ នៅក្រុងកូឡូស។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
ពាក្យអរព្រះគុណ និងពាក្យទូលអង្វររបស់លោកប៉ូល
៣ យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ* ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន*អោយបងប្អូន
៤ ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រិស្ដយេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់
៥ ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបម្រុងទុកសំរាប់បងប្អូននៅស្ថានបរមសុខ*។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ*
៦ ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះគុណរបស់ព្រះជាម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចំរើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។
៧ បងប្អូនបានទទួលការអប់រំនេះ ពីសំណាក់លោកអេប៉ាប្រាសដ៏ជាទីស្រឡាញ់ដែលរួមការងារជាមួយយើង។ គាត់ជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដសំរាប់បងប្អូន។
៨ គាត់បានប្រាប់អោយយើងដឹងច្បាស់ អំពីសេចក្ដីស្រឡាញ់ដែលព្រះវិញ្ញាណប្រទានមកបងប្អូន។
៩ ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និងទូលអង្វរព្រះជាម្ចាស់អោយបងប្អូន ឥតឈប់ឈរឡើយ ដើម្បីអោយបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។
១០ សូមអោយបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីអោយបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។
១១ សូមអោយបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីអោយបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
១២ ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានអោយបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ*នៅក្នុងពន្លឺ។
១៣ ព្រះអង្គបានរំដោះយើងអោយរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ*នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងអោយរួចពីបាប។
១៥ ព្រះគ្រិស្ដជាតំណាងរបស់ព្រះជាម្ចាស់
ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់
ដែលព្រះជាម្ចាស់បានបង្កើតមក
១៦ ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រិស្ដ
ទាំងនៅស្ថានបរមសុខ*ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ
ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ
ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុស័ក្ដិសិទ្ធិ និងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រិស្ដ និងសំរាប់ព្រះគ្រិស្ដ។
១៧ ព្រះគ្រិស្ដមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា
ដោយសារព្រះអង្គដែរ។
១៨ ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ
គឺក្រុមជំនុំ*
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យអោយ
គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ
ស្ថិតនៅក្នុងព្រះគ្រិស្ដ។
២០ ព្រះជាម្ចាស់បានសំរុះសំរួលអ្វីៗទាំងអស់
នៅលើផែនដី និងនៅស្ថានបរមសុខ
អោយជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រិស្ដ និងសំរាប់ព្រះគ្រិស្ដ
គឺព្រះជាម្ចាស់បានធ្វើអោយមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិត
នៅលើឈើឆ្កាង។
២១ ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។
២២ តែឥឡូវនេះ ព្រះអង្គបានសំរុះសំរួលបងប្អូនអោយជានានឹងព្រះអង្គវិញ ដោយព្រះបុត្រាដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីអោយបងប្អូនបានវិសុទ្ធ*ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ។
២៣ ក៏ប៉ុន្តែ បងប្អូនត្រូវតែកាន់ជំនឿអោយបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំអោយឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អ*មកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូល បានទទួលមុខងារបំរើដំណឹងល្អនេះដែរ។
កិច្ចការដ៏លំបាករបស់លោកប៉ូល
២៤ ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសំរាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រិស្ដ សំរាប់ព្រះកាយរបស់ព្រះអង្គដែលជាក្រុមជំនុំ*។
២៥ ខ្ញុំបានទទួលមុខងារបំរើក្រុមជំនុំនេះ តាមការចាត់ចែងដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់អោយខ្ញុំធ្វើ គឺណែនាំបងប្អូនអោយស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។
២៦ នេះហើយជាគំរោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនអោយមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញអោយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គស្គាល់។
២៧ ព្រះជាម្ចាស់សព្វព្រះហឫទ័យអោយប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគំរោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រិស្ដគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានអោយបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។
២៨ ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រិស្ដនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗរូប ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើអោយគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រិស្ដ។
២៩ ខ្ញុំធ្វើការនឿយហត់ដើម្បីសំរេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។