គ្រិស្ដ​បរិស័ទ​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​ដល់​ជីវិត
១ ចំពោះ​បង​ប្អូន បង​ប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បង​ប្អូន​រួច​ផុត​ទៅ​ហើយ។ ២ ពី​ដើម បង​ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​គ្រប់គ្រង​ពិភព​លោក​នេះ​ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​ព្រះជាម្ចាស់​នៅ​បច្ចុប្បន្នកាល​នេះ។ ៣ រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម​យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភលន់​នៃ​និស្ស័យ​លោកីយ៍​របស់​យើង យើង​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​តាម​បំណង​ចិត្ត​គំនិត​របស់​លោកីយ៍។ ពី​កំណើត​មក​យើង​ជា​មនុស្ស ដែល​ត្រូវ​តែ​ទទួល​ទោស​​ពី​ព្រះជាម្ចាស់ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ ៤ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ដែល​តែងតែ​មាន​ព្រះហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត ៥ គឺ​ទោះ​បី​យើង​ស្លាប់​ដោយសារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះអង្គ​បាន​ប្រោស​ប្រទាន​អោយ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះគ្រិស្ដ​វិញ​ដែរ។ ព្រះជាម្ចាស់​បាន​សង្គ្រោះ​បង​ប្អូន ដោយសារ​ព្រះគុណ។ ៦ ព្រះអង្គ​បាន​ប្រោស​យើង​អោយ​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ និង​អោយ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរមសុខ រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ៧ ព្រះអង្គ​បង្ហាញ​ព្រះហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​អោយ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះគុណ​ដ៏​ប្រសើរ​លើសលប់​បំផុត​របស់​ព្រះអង្គ ៨ ព្រះអង្គ​សង្គ្រោះ​បង​ប្អូន​ដោយសារ​ព្រះគុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង​ប្អូន​ទេ គឺ​ជា​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ ៩ ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​អោយ​នរណា​ម្នាក់​អួត​ខ្លួន​បាន។ ១០ យើង​ជា​ស្នា​ព្រះហស្ដ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ ដើម្បី​អោយ​យើង​ប្រព្រឹត្ត​អំពើ​ល្អ​ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​មុន​សំរាប់​អោយ​យើង​ប្រព្រឹត្ត​តាម។
ការ​រួបរួម​គ្នា​ក្នុង​អង្គ​ព្រះគ្រិស្ដ
១១ ដូច្នេះ សូម​បង​ប្អូន​ចង​ចាំ​ថាៈ ពី​ដើម​បង​ប្អូន​កើត​មក​ជា​សាសន៍​ដទៃ​ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​កាត់​ស្បែក» ហៅ​បង​ប្អូន​ថា «ពួក​មិន​កាត់​ស្បែក» ព្រោះ​គេ​សំគាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។ ១២ កាល​ណោះ បង​ប្អូន​នៅ​ឆ្ងាយ​ពី​ព្រះគ្រិស្ដ គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រាអែល គ្មាន​ទំនាក់ទំនង​អ្វី​នឹង​សម្ពន្ធមេត្រី*​ដែល​ចង​ឡើង​ដោយ​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់​ទេ បង​ប្អូន​រស់​នៅ​ក្នុង​លោក​នេះ​ដោយ គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះជាម្ចាស់​ដែរ។ ១៣ កាល​ពី​ដើម បង​ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បង​ប្អូន​រួម​ក្នុង​អង្គ​ព្រះយេស៊ូ​គ្រិស្ដ បង​ប្អូន​បាន​មក​នៅ​ជិត​ដោយសារ​ព្រះលោហិត​របស់​ព្រះគ្រិស្ដ។ ១៤ គឺ​ព្រះគ្រិស្ដ​ហើយ​ដែល​ជា​សន្តិភាព​របស់​យើង ព្រះអង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរ​អោយ​រួម​គ្នា​មក​ជា​ប្រជារាស្ត្រ​តែ​មួយ។ ក្នុង​ព្រះកាយ​របស់​ព្រះអង្គ ព្រះអង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​អោយ​ទៅ​ជា​បច្ចា​មិត្ត​នឹង​គ្នា។ ១៥ ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ*​ដែល​មាន​បទ​បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួបបង្រួម​សាសន៍​ទាំង​ពីរ​អោយ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​ព្រះអង្គ​ផ្ទាល់​ព្រម​ទាំង​នាំ​សន្តិភាព​មក​ផង។ ១៦ ដោយ​ព្រះអង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​សំរុះសំរួល​សាសន៍​ទាំង​ពីរ​អោយ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​អោយ​គេ​ស្រុះស្រួល​ជា​មួយ​ព្រះជាម្ចាស់​វិញ ទាំង​កំចាត់​ការ​ស្អប់​គ្នា​ចោល​ផង។ ១៧ ព្រះអង្គ​បាន​យាង​មក «ទាំង​នាំ​ដំណឹងល្អ*​អំពី​សន្តិភាព​មក​អោយ​បង​ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិភាព​មក​អោយ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ» ១៨ ដោយសារ​ព្រះគ្រិស្ដ​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះបិតា ដោយ​រួម​ក្នុង​ព្រះវិញ្ញាណ​តែ​មួយ។
១៩ ហេតុ​នេះ បង​ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិកជន​ទៀត​ហើយ គឺ​បង​ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះជាម្ចាស់។ ២០ ព្រះអង្គ​បាន​កសាង​បង​ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​សាវ័ក* និង​ព្យាការី*​ជា​គ្រឹះ និង​មាន​ព្រះគ្រិស្ដយេស៊ូ​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។ ២១ គឺ​ព្រះគ្រិស្ដ​ហើយ ដែល​ធ្វើ​អោយ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​អោយ​ចំរើន​ឡើង ទៅ​ជា​ព្រះវិហារ*​ដ៏វិសុទ្ធ​មួយ រួម​ជា​មួយ​ព្រះអម្ចាស់។ ២២ រីឯ​បង​ប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បង​ប្អូន​រួម​ជា​មួយ​ព្រះអង្គ បង​ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ក្នុង​ព្រះវិញ្ញាណ។