ទំនាក់ទំនង​រវាង​ឪពុក​ម្ដាយ និង​កូន
១ កុមារា​កុមារី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតាបិតា ដោយ​យល់​ដល់​ព្រះអម្ចាស់​ ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។ ២  «ចូរ​គោរព​មាតាបិតា (នេះ​ជា​បទ​បញ្ជា​ទី​មួយ ដែល​មាន​ទាំង​ព្រះបន្ទូល​សន្យា​ជាប់​មក​ជា​មួយ​ផង) ៣  ដើម្បី​អោយ​បាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ»​។
៤ រីឯ​បង​ប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​អោយ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀនប្រដៅ និង​ដំបូន្មាន​ស្រប​តាម​ព្រះអម្ចាស់។
ទំនាក់ទំនង​រវាង​ទាសករ និង​ម្ចាស់
៥ បង​ប្អូន​ជា​ខ្ញុំ​បំរើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ ដោយ​គោរព​កោត​ខ្លាច​ញាប់​ញ័រ និង​ដោយ​ចិត្ត​ស្មោះ​សរ​ដូច​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​ដែរ ៦ មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែ​អោយ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បង​ប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បំរើ​ព្រះគ្រិស្ដ ដែល​យក​ចិត្ត​ទុក​ដាក់ ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ ៧ ត្រូវ​បំរើ​ម្ចាស់​ដោយ​ស្ម័គ្រ​ចិត្ត ដូច​បំរើ​ព្រះអម្ចាស់ ពុំ​មែន​បំរើ​មនុស្ស​ទេ ៨ ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្ដី​នឹង​ទទួល​រង្វាន់​ពី​ព្រះអម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
៩ រីឯ​បង​ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បំរើ​របស់​បង​ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង​ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​ស្ថាន​បរមសុខ* ហើយ​ព្រះអង្គ​មិន​រើស​មុខ​នរណា​សោះ​ឡើយ។
គ្រឿង​សស្រ្ដាវុធ​របស់​អ្នក​ជឿ
១០ មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់ និង​ដោយសារ​ព្រះចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។ ១១ ចូរ​បង​ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់ ដើម្បី​អាច​តតាំង​នឹង​កលល្បិច​របស់​មារ* ១២ ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួតត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិពល​អរូប​ដ៏​អាក្រក់​ទាំងឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ ១៣ ហេតុ​នេះ ចូរ​បង​ប្អូន​ប្រើ​គ្រឿង​សស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​ទៅ ដើម្បី​អោយ​បង​ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹងប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោបាយ។ ១៤ ដូច្នេះ ចូរ​មាន​ជំហរ​រឹងប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវក្រោះ ១៥ យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹងល្អ អំពី​សេចក្ដី​សុខសាន្ត​ មក​ពាក់​ជា​ស្បែក​ជើង។ ១៦ ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល​ដើម្បី​អោយ​បង​ប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។ ១៧ ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះវិញ្ញាណ។ ១៨ ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូលអង្វរ​ព្រះជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត​សំរាប់​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់។ ១៩ ចូរ​អង្វរ​ព្រះអង្គ​សំរាប់​ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​អោយ​ខ្ញុំ​មាន​ចិត្ត​អង់អាច នាំ​គេ​អោយ​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹងល្អ* ២០ ទោះ​បី​ខ្ញុំ​ជាប់​ឃុំឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹងល្អ​នេះ​ដែរ ដូច្នេះ សូម​ទូលអង្វរ​ព្រះអង្គ​អោយ​ខ្ញុំ​មាន​ចិត្ត​អង់អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។
អវសាន​កថា
២១ លោក​ទីឃីកុស ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នឹង​ជំរាប​បង​ប្អូន​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ និង​អំពី​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ដែរ។ ២២ ខ្ញុំ​ចាត់​គាត់​មក​រក​បង​ប្អូន ក្នុង​គោល​បំណង​អោយ​បង​ប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​អោយ​គាត់​លើក​ទឹក​ចិត្ត​បង​ប្អូន​ទៀត​ផង។
២៣ សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់ ប្រទាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បង​ប្អូន។ ២៤ សូម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ដោយ​ឥត​មាន​ចិត្ត​ប្រែប្រួល​ឡើយ។