៣
ការសង់អាសនៈឡើងវិញ
១ លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដោយមានចិត្តគំនិតតែមួយ។
២ លោកយេសួរ ជាកូនរបស់យ៉ូសាដាក និងបូជាចារ្យឯទៀតៗ ដែលជាបងប្អូនលោកមកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់លោក នាំគ្នាសង់អាសនៈរបស់ព្រះនៃអ៊ីស្រាអែល ដើម្បីថ្វាយតង្វាយដុតទាំងមូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។
៣ ពួកគេនាំគ្នាសង់អាសនៈនេះនៅលើគ្រឹះចាស់ ព្រោះពួកគេភ័យខ្លាចចំពោះប្រជាជនដែលរស់នៅក្នុងស្រុក ហើយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ នៅលើអាសនៈនោះ ទាំងព្រឹកទាំងល្ងាច។
៤ បន្ទាប់មក ជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យបារាំដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេថ្វាយតង្វាយដុតទាំងមូលជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគម្ពីរវិន័យ។
៥ ចាប់ពីពេលនោះមក ពួកគេនាំគ្នាថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ តង្វាយដុតសំរាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធថ្វាយព្រះអម្ចាស់ ព្រមទាំងតង្វាយស្ម័គ្រចិត្តដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់។
៦ ចាប់តាំងពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្ដើមថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ ទោះបីគ្រឹះនៃព្រះវិហាររបស់ព្រះអម្ចាស់ ពុំទាន់បានចាក់នៅឡើយក៏ដោយ។
៧ ពួកគេជួលជាងដាប់ថ្ម និងជាងឈើ ព្រមទាំងផ្ដល់ស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលីវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីអោយពួកនោះនាំឈើតាត្រៅតាមសមុទ្រពីស្រុកលីបង់ រហូតមកដល់កំពង់ផែយ៉ុបប៉េ យោងតាមការអនុញ្ញាតរបស់ព្រះបាទស៊ីរូស ជាស្ដេចស្រុកពែរ្ស។
៨ នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ព្រះដំណាក់នៃព្រះជាម្ចាស់នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិលជាកូនរបស់លោកសាលធាល លោកយេសួរជាកូនលោកយ៉ូសាដាក និងបូជាចារ្យឯទៀតៗជាបងប្អូនរបស់លោក ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់។
៩ លោកយេសួរ និងកូន ព្រមទាំងបងប្អូនរបស់លោក គឺមានលោកកាឌមាល និងកូនរបស់លោក ដែលមកពីអំបូរយូដា កូនចៅរបស់លោកហេណាដាដ ព្រមទាំងកូន និងក្រុមលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ រួមគ្នាត្រួតពិនិត្យមើលអស់អ្នកដែលសាងសង់ព្រះដំណាក់ព្រះជាម្ចាស់។
១០ នៅពេលពួកជាងចាក់គ្រឹះព្រះវិហាររបស់ព្រះអម្ចាស់ គេសុំអោយអស់លោកបូជាចារ្យដែលស្លៀកសម្លៀកបំពាក់សំរាប់ពិធីបុណ្យ នាំគ្នាមកទាំងកាន់ត្រែ ហើយក្រុមលេវីដែលជាកូនចៅរបស់លោកអេសាភ កាន់ឈិងសំរាប់ប្រគំភ្លេងសរសើរតម្កើងព្រះអម្ចាស់ ដូចព្រះបាទដាវីឌជាស្ដេចស្រុកអ៊ីស្រាអែលបានបង្គាប់ទុក។
១១ ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ចំពោះជនជាតិអ៊ីស្រាអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!»។
ប្រជាជនទាំងមូលក៏ស្រែកជយឃោស សរសើរតម្កើងព្រះអម្ចាស់យ៉ាងកងរំពង ព្រោះគេចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។
១២ មានបូជាចារ្យជាច្រើនព្រមទាំងក្រុមលេវី និងមេក្រុមគ្រួសារដែលមានវ័យចាស់ៗ ហើយធ្លាប់ឃើញព្រះដំណាក់ពីជំនាន់មុន នាំគ្នាយំសោកយ៉ាងខ្លាំង នៅពេលដែលឃើញគេចាក់គ្រឹះព្រះដំណាក់ថ្មីនេះ។ ប៉ុន្តែ មនុស្សជាច្រើននាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ។
១៣ ហេតុនេះហើយបានជាប្រជាជនពុំអាចដឹងថា សំឡេងណាជាសំឡេងហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ ហើយសំឡេងណាជាសំឡេងយំសោកឡើយ ព្រោះប្រជាជនទាំងអស់ស្រែកយ៉ាងរំពង លាន់ឮទៅឆ្ងាយ។