៨
បញ្ជីរាយនាមអស់អ្នកដែលវិលត្រឡប់ទៅជាមួយលោកអែសរ៉ា
១ «នេះជាបញ្ជីរាយនាមមេក្រុមគ្រួសារដែលវិលត្រឡប់ពីស្រុកបាប៊ីឡូនមកជាមួយខ្ញុំ ក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេស:
២ ក្នុងអំបូរភីនេហាសមានលោកគើសុន។ ក្នុងអំបូរអ៊ីថាម៉ារមានលោកដានីយ៉ែល។ ក្នុងអំបូរដាវីឌមានលោកហាធូស។
៣ ក្នុងអំបូរសេកានា និងអំបូរប៉ារ៉ូសមានលោកសាការី ហើយមានមនុស្សប្រុស ១៥០ នាក់នៅជាមួយលោក។
៤ ក្នុងអំបូរផាហាត់-ម៉ូអាប់ មានលោកអេលីយ៉ូណៃ ជាកូនរបស់លោកសេរ៉ាហ៊ា ហើយមានមនុស្សប្រុស ២០០ នាក់ នៅជាមួយលោក។
៥ ក្នុងអំបូរសាទូមានលោកសេកានា ជាកូនរបស់លោកយ៉ាហាសៀល ហើយមានមនុស្សប្រុស ៣០០ នាក់ នៅជាមួយលោក។
៦ ក្នុងអំបូរអេឌីនមានលោកអេបេដ ជាកូនរបស់លោកយ៉ូណាថាន ហើយមានមនុស្សប្រុស ៥០ នាក់នៅជាមួយលោក។
៧ ក្នុងអំបូរអេឡាំមានលោកយេសាយ៉ា ជាកូនរបស់លោកអថាលា ហើយមានមនុស្សប្រុស ៧០នាក់ នៅជាមួយលោក។
៨ ក្នុងអំបូរសេផាធាមានលោកសេបាឌា ជាកូនរបស់លោកមីកែល ហើយមានមនុស្សប្រុស ៨០ នាក់ នៅជាមួយលោក។
៩ ក្នុងអំបូរយ៉ូអាប់មានលោកអូបាឌា ជាកូនរបស់លោកយេហ៊ីអែល ហើយមានមនុស្សប្រុស ២១៨នាក់ នៅជាមួយលោក។
១០ ក្នុងអំបូរបានីមានលោកសឡូមីត ជាកូនរបស់យ៉ូសិភា ហើយមានមនុស្សប្រុស ១៦០ នាក់ នៅជាមួយលោក។
១១ ក្នុងអំបូរបេបៃ មានលោកសាការី ជាកូនរបស់លោកបេបៃ ហើយមានមនុស្សប្រុស២៨នាក់ នៅជាមួយលោក។
១២ ក្នុងអំបូរអាសកាដមានលោកយ៉ូហាណាន ជាកូនរបស់លោកហាកាថាន ហើយមានមនុស្ស ១១០ នាក់ នៅជាមួយលោក។
១៣ ក្នុងអំបូរអដូនីកាំមានលោកអេលីផាលេត លោកយីអែល និងលោកសេម៉ាយ៉ាដែលក្មេងជាងគេ ហើយមានមនុស្សប្រុស ៦០ នាក់ នៅជាមួយ។
១៤ ក្នុងអំបូរប៊ីកវ៉ាយមានលោកអ៊ូថាយ និងលោកសាប៊ូឌ ហើយមានមនុស្សប្រុស ៧០ នាក់ នៅជាមួយលោក»។
ការរៀបចំដំណើរឆ្ពោះទៅក្រុងយេរូសាឡឹម
១៥ «ខ្ញុំបានប្រមូលបណ្ដាជនទាំងនោះ នៅជិតព្រែកដែលហូរឆ្ពោះទៅស្រុកអាហាវ៉ា ហើយយើងបោះជំរំនៅទីនោះអស់រយៈពេលបីថ្ងៃ។ ខ្ញុំសង្កេតឃើញថា មានតែប្រជាជន និងក្រុមបូជាចារ្យ គឺពុំឃើញមានក្រុមលេវីទេ។
១៦ ដូច្នេះ ខ្ញុំបានចាត់អស់លោកដែលជាមេដឹកនាំ គឺមានលោក អេលាស៊ើរ លោកអើរាល លោកសេម៉ាយ៉ា លោកអែលណាថាន លោកយ៉ារីប លោកអែលណាថាន លោកណាថាន លោកសាការី និងលោកមស៊ូឡាម ព្រមទាំងលោកយ៉ូយ៉ារីប និងលោកអែលណាថាន អ្នកបង្រៀនវិន័យ
១៧ ខ្ញុំបានបង្គាប់លោកទាំងនោះ អោយទៅជួបលោកអ៊ីដោ ដែលជាមេដឹកនាំនៅតំបន់កាសិភា។ ខ្ញុំក៏បានប្រាប់ពួកគេអំពីរបៀបដែលត្រូវនិយាយជាមួយលោកអ៊ីដោ និងបងប្អូនលោកជាក្រុមអ្នកបំរើព្រះវិហារដែលរស់នៅតំបន់កាសិភា ដើម្បីអោយពួកគេនាំមនុស្សមកបំរើការងារក្នុងព្រះដំណាក់នៃព្រះរបស់យើង។
១៨ ដោយព្រះដ៏សប្បុរសបានដាក់ព្រះហស្ដលើយើង ពួកគេនាំលោកសេរេប៊ីយ៉ាមកអោយពួកយើង។ គាត់ជាបុរសម្នាក់ដែលមានសុភនិច្ឆ័យ ជាពូជពង្សរបស់លោកម៉ាសលី ដែលត្រូវជាកូនរបស់លោកលេវី ជាកូនរបស់លោកអ៊ីស្រាអែល។ គាត់នាំកូនប្រុស និងបងប្អូនរបស់គាត់មកជាមួយដែរ ដែលមានចំនួន ១៨នាក់។
១៩ បន្ទាប់មក មានលោកហាសាបយ៉ា និងលោកយេសាយ៉ាពីអំបូរម៉្រារី ព្រមទាំងបងប្អូន និងកូនៗរបស់ពួកគេ ដែលមានចំនួន ២០ នាក់។
២០ បន្ទាប់មកទៀត មានក្រុមបំរើព្រះវិហារចំនួន ២២០នាក់ ដែលមានឈ្មោះក្នុងបញ្ជី។ ពួកគេជាកូនចៅរបស់អស់អ្នកដែលព្រះបាទដាវីឌ និងមេដឹកនាំតែងតាំងអោយជួយធ្វើការក្រុមលេវី។
២១ នៅក្បែរព្រែកអាហាវ៉ានោះ ខ្ញុំបានប្រកាសអោយធ្វើពិធីតមអាហារ ដើម្បីដាក់ខ្លួននៅចំពោះព្រះភក្ត្ររបស់ព្រះនៃយើង សូមព្រះអង្គប្រោសប្រទានអោយយើង និងកូនចៅរបស់យើងធ្វើដំណើរប្រកបដោយសុខសាន្ត ហើយអោយទ្រព្យសម្បត្តិរបស់យើងបានគង់វង្សផង។
២២ ខ្ញុំនឹកខ្មាសមិនហ៊ានទូលសូមព្រះរាជាប្រទានកងទ័ពសេះ សំរាប់ការពារពួកយើង នៅតាមផ្លូវ ក្រែងលោមានខ្មាំងមកយាយីនោះឡើយ ដ្បិតពួកយើងបានទូលព្រះរាជាថា ព្រះនៃយើងសំដែងព្រះចេស្ដា និងព្រះហឫទ័យសប្បុរសការពារអស់អ្នកដែលស្វែងរកព្រះអង្គ តែទ្រង់ពិរោធដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ។
២៣ ហេតុនេះហើយបានជាពួកយើងតមអាហារ និងអង្វររកព្រះនៃយើង ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពួកយើង។
២៤ បន្ទាប់មក ខ្ញុំញែកបូជាចារ្យដប់ពីររូប ពីចំណោមមេដឹកនាំរបស់ក្រុមបូជាចារ្យ គឺមានលោកសេរេប៊ីយ៉ា និងលោកហាសាបយ៉ា ព្រមទាំងបងប្អូនរបស់ពួកលោកដប់រូបទៀត។
២៥ ខ្ញុំបានថ្លឹងប្រាក់ មាស និងវត្ថុផ្សេងៗមួយចំណែកជូនអស់លោកទាំងនោះ គឺចំណែកញែកចេញពីតង្វាយដែលព្រះរាជា ទីប្រឹក្សា មន្ត្រីរបស់ស្ដេច និងជនជាតិអ៊ីស្រាអែល នៅក្នុងស្រុកបានថ្វាយសំរាប់ព្រះដំណាក់របស់ព្រះនៃយើង។
២៦ ខ្ញុំបានប្រគល់ប្រាក់ជូនលោកទាំងនោះចំនួនម្ភៃតោន វត្ថុធ្វើអំពីប្រាក់ចំនួនបីតោន មាសបីតោន
២៧ ពែងមាសចំនួនម្ភៃដែលមានតម្លៃជាមាស មួយពាន់តម្លឹង ព្រមទាំងផើងពីរធ្វើពីលង្ហិនដ៏រលើបដែលមានតម្លៃដូចមាសដែរ។
២៨ បន្ទាប់មក ខ្ញុំពោលទៅកាន់បូជាចារ្យទាំងនោះថា: “អស់លោកបានញែកខ្លួនជាសក្ការៈថ្វាយព្រះអម្ចាស់ រីឯវត្ថុទាំងនេះក៏សក្ការៈដែរ។ ប្រាក់ និងមាសនេះសុទ្ធសឹងជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយចំពោះព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសនៃអស់លោក។
២៩ សូមយកចិត្តទុកដាក់ថែរក្សាវត្ថុទាំងនេះ រហូតដល់ក្រុងយេរូសាឡឹម។ នៅទីនោះអស់លោកត្រូវថ្លឹងវត្ថុទាំងនេះ នៅចំពោះមុខមេដឹកនាំក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល នៅក្នុងបន្ទប់នៃព្រះដំណាក់របស់ព្រះអម្ចាស់”។
៣០ ក្រុមបូជាចារ្យ និងក្រុមលេវីទទួលយកមាសប្រាក់ និងវត្ថុទាំងអស់ដែលគេបានថ្លឹង ដើម្បីនាំទៅក្រុងយេរូសាឡឹម ដាក់ក្នុងព្រះដំណាក់នៃព្រះរបស់យើង»។
ការមកដល់ក្រុងយេរូសាឡឹម
៣១ «នៅថ្ងៃទីដប់ពីរក្នុងខែទីមួយ ពួកយើងបានចាកចេញពីព្រែកអាហាវ៉ា ឆ្ពោះទៅក្រុងយេរូសាឡឹម។ នៅតាមផ្លូវព្រះនៃយើងបានដាក់ព្រះហស្ដការពារយើង មិនអោយមានខ្មាំងសត្រូវមកយាយី ឬត្រូវចោរប្លន់ឡើយ។
៣២ ពេលទៅដល់ក្រុងយេរូសាឡឹម យើងនាំគ្នាសំរាកចំនួនបីថ្ងៃ។
៣៣ នៅថ្ងៃទីបួនយើងបានថ្លឹងប្រាក់មាស និងវត្ថុទាំងអស់ នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង រួចប្រគល់ជូនលោកបូជាចារ្យម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយលោកមានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួរ និងលោកណូអាឌាជាកូនរបស់លោកប៊ីនុយ ដែលជាក្រុមលេវី។
៣៤ គេបានរាប់ចំនួន និងថ្លឹងវត្ថុទាំងនោះ ព្រមទាំងកត់ត្រាទម្ងន់សរុប ទុកជាលាយលក្ខណ៍អក្សរផង។
៣៥ អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាថ្វាយតង្វាយដុតទាំងមូលចំពោះព្រះនៃជនជាតិអ៊ីស្រាអែល គឺគោ ១២ក្បាល សំរាប់ប្រជាជនអ៊ីស្រាអែលទាំងមូល ចៀមឈ្មោល ៩៦ក្បាល កូនចៀម ៧៧ក្បាល និងពពែឈ្មោល ២០ ក្បាល ជាតង្វាយរំដោះបាប។ ពួកគេដុតសត្វទាំងនោះជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់។
៣៦ បន្ទាប់មក គេបានប្រគល់រាជក្រឹត្យជូនអស់លោកឧបរាជ និងទេសាភិបាល តំបន់ប៉ែកខាងលិចទន្លេអឺប្រាត។ អស់លោកទាំងនោះបានជួយគាំទ្រជនជាតិអ៊ីស្រាអែល និងព្រះដំណាក់របស់ព្រះជាម្ចាស់»។