២
នាងអេសធើរឡើងធ្វើជាព្រះមហាក្សត្រិយានី
១ ក្រោយហេតុការណ៍ទាំងនោះមក ព្រះចៅអហាស៊ូរុសស្ងប់ព្រះពិរោធ ស្ដេចនឹកដល់ព្រះនាងវ៉ាសធី និងអំពើដែលព្រះនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសំរេចរបស់ស្ដេចចំពោះព្រះនាង។
២ ពួករាជបំរើទូលស្ដេចថា៖ «សូមអោយគេរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតបំផុត យកមកថ្វាយព្រះករុណា។
៣ សូមព្រះករុណាចេញបញ្ជាអោយពួកមន្ត្រី ដែលស្ថិតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាចក្រ ទទួលបន្ទុកប្រមូលស្ត្រីព្រហ្មចារី ដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រីក្នុងរាជធានីស៊ូសាន។ សូមអោយលោកហេកាយ ដែលជាមហាតលិករបស់ព្រះករុណា និងជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំនាងទាំងនោះ ព្រមទាំងផ្ដល់គ្រឿងសំអាងកាយផង។
៤ ព្រះករុណាសព្វព្រះហឫទ័យនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាគាប់ព្រះហឫទ័យ ហើយសំរេចតាមសំណើនេះ។
៥ នៅរាជធានីស៊ូសាន មានជនជាតិយូដាមួយរូបឈ្មោះ ម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
៦ លោកត្រូវគេកៀរមកពីក្រុងយេរូសាឡឹមជាមួយឈ្លើយសឹកឯទៀតៗ ដែលព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន បានចាប់យកមកជាមួយព្រះបាទយេកូនាស ជាស្ដេចស្រុកយូដា។
៧ នៅគ្រានោះលោកជាអ្នកអាណាព្យាបាលរបស់នាងហាដាសា គឺនាងអេសធើរ ដែលជាកូនស្រីរបស់ឪពុកមាលោក។ នាងអេសធើរគ្មានឪពុកម្ដាយទេ នាងជាស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតបំផុត។ ពេលឪពុកម្ដាយរបស់នាងស្លាប់អស់ទៅ លោកម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកដូចជាកូន។
៨ នៅពេលស្ដេចចេញរាជបញ្ជា និងរាជក្រឹត្យរួចហើយ គេប្រមូលបានស្ត្រីក្រមុំជាច្រើនមកទុកនៅរាជធានីស៊ូសាន អោយលោកហេកាយមើលថែទាំ។ គេក៏បាននាំនាងអេសធើរមកក្នុងព្រះបរមរាជវាំង ហើយប្រគល់អោយលោកហេកាយ ជាអ្នកថែរក្សាពួកស្ត្រីមើលថែទាំដែរ។
៩ លោកហេកាយពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង។ លោកយកចិត្តទុកដាក់ប្រគល់គ្រឿងសំអាងកាយ និងអ្វីៗដ៏ចាំបាច់ដល់នាង ព្រមទាំងនាំភីលៀងប្រាំពីរនាក់ ដែលជ្រើសរើសពីចំណោមពួកភីលៀងក្នុងរាជវាំង អោយនៅបំរើនាងផង។ លោកប្រគល់បន្ទប់ដ៏ល្អជាងគេក្នុងវិមានស្ត្រីអោយនាង និងពួកភីលៀងដែលនៅជាមួយនាង។
១០ នាងអេសធើរពុំបានប្រាប់អោយនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់នាងទេ ដ្បិតលោកម៉ាដេកាយបានហាមនាងប្រាប់អោយគេដឹង។
១១ រៀងរាល់ថ្ងៃលោកម៉ាដេកាយតែងតែទៅអើតមើល នៅក្បែរវិមានស្ត្រី ដើម្បីចង់បានដំណឹងពីនាងអេសធើរ ហើយចង់ដឹងថា គេប្រព្រឹត្តចំពោះនាងបែបណា។
១២ ស្ត្រីក្រមុំនៅក្នុងវិមានស្ត្រី ត្រូវរៀបចំខ្លួនដប់ពីរខែ មុននឹងដល់វេនចូលគាល់ព្រះចៅអហាស៊ូរុស។ ពួកនាងត្រូវសំអាងកាយជាមួយប្រេងទេព្វិរូចំនួនប្រាំមួយខែ ហើយប្រាំមួយខែទៀតជាមួយប្រេងក្រអូប និងគ្រឿងសំអាងកាយផ្សេងៗសំរាប់ស្ត្រី ស្របតាមពិធីការដែលមានចែងទុក។
១៣ ពេលនាងត្រូវចូលទៅគាល់ស្ដេច នាងចង់យកអ្វីជាប់ជាមួយខ្លួនពីវិមានស្ត្រីទៅរាជវាំង គេប្រគល់អោយទាំងអស់។
១៤ នាងទៅគាល់ស្ដេចនៅពេលល្ងាច លុះព្រលឹមឡើងនាងទៅនៅក្នុងវិមានមួយទៀត ដែលស្ថិតនៅក្រោមការថែទាំរបស់លោកសាសកាស ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាក្រុមមហេសី។ នាងគ្មានសិទ្ធិវិលមករកស្ដេចវិញទេ លើកលែងតែស្ដេចចង់បាននាង ហើយហៅនាងចំឈ្មោះ។
១៥ លុះដល់វេននាងត្រូវចូលគាល់ស្ដេច នាងអេសធើរ ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយ ហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធើរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់អោយនោះឡើយ។ នាងអេសធើរជាស្ត្រីម្នាក់ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។
១៦ គេបានមកនាំនាងយកទៅថ្វាយព្រះចៅអហាស៊ូរុសនៅព្រះបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។
១៧ ព្រះរាជាស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចគាប់ព្រះហឫទ័យនឹងនាង ហើយមានព្រះហឫទ័យសន្ដោសចំពោះនាងលើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី។
១៨ ក្នុងឱកាសអភិសេកព្រះនាងអេសធើរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សំរាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សំរាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយព្រះហឫទ័យទូលំទូលាយ។
១៩ នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។
២០ មកទល់ពេលនោះព្រះនាងអេសធើរពុំទាន់ប្រាប់អោយនរណាដឹង អំពីជាតិសាសន៍ និងដើមកំណើតរបស់ព្រះនាងទេ គឺព្រះនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ក្នុងកាលដែលព្រះនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។
២១ នៅគ្រានោះ គឺគ្រាដែលលោកម៉ាដេកាយធ្វើការក្នុងក្រុមយាមទ្វាររាជវាំង មានមហាតលិកពីរនាក់ដែលជាអ្នករក្សាទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីកថាន និងលោកថេរែសមានកំហឹងជាខ្លាំង ហើយប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។
២២ លោកម៉ាដេកាយដឹងគំរោងការរបស់ពួកគេ លោកក៏បញ្ជូនដំណឹងទៅព្រះនាងអេសធើរ ហើយព្រះនាងអេសធើរក៏យកទៅទូលស្ដេចក្នុងនាមលោកម៉ាដេកាយ។
២៣ គេបានធ្វើអង្កេតរឿងនេះឃើញថាជាការពិតមែន គេក៏ព្យួរ កមហាតលិកទាំងពីរនៅលើបង្គោលមួយ។ ហេតុការណ៍នេះមានកត់ត្រាទុកនៅចំពោះព្រះភក្ត្រស្ដេច ក្នុងសៀវភៅប្រវត្តិសាស្ត្រ។