៦
ការជួយធុរៈគ្នាទៅវិញទៅមក
១ បងប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បងប្អូនដែលមានព្រះវិញ្ញាណនៅក្នុងខ្លួនត្រូវកែតម្រង់អ្នកនោះ ដោយចិត្តស្លូតបូត។ ក៏ប៉ុន្តែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។
២ ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ*ទាំងស្រុង។
៣ ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិតខ្លួនជាអ្នកឥតបានការ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។
៤ ម្នាក់ៗត្រូវពិនិត្យពិច័យមើលអំពើដែលខ្លួនប្រព្រឹត្ត ប្រសិនបើរកឃើញហេតុដែលធ្វើអោយខ្លួនឯងខ្ពស់មុខនោះ គឺរកឃើញតែនៅក្នុងខ្លួនឯងផ្ទាល់ មិនមែនដោយប្រៀបផ្ទឹមទៅនឹងអ្នកដទៃទេ
៥ ដ្បិតម្នាក់ៗទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ត។
៦ ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។
៧ សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយព្រះជាម្ចាស់បានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។
៨ អ្នកណាសាបព្រោះតាមនិស្ស័យលោកីយ៍របស់ខ្លួន អ្នកនោះក៏នឹងច្រូតយកផល ដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងព្រះវិញ្ញាណវិញ នឹងច្រូតយកផល ជាជីវិតអស់កល្បជានិច្ចមកពីព្រះវិញ្ញាណ។
៩ យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់យើងនឹងច្រូតបានផលជាមិនខាន។
១០ ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់
១១ តួអក្សរធំៗដែលបងប្អូនឃើញនេះ គឺខ្ញុំបានសរសេរមកបងប្អូនដោយដៃខ្ញុំផ្ទាល់។
១២ អស់អ្នកដែលចង់បានកិត្តិយសខាងលោកីយ៍ បានបង្ខំបងប្អូនអោយកាត់ស្បែក*ក្នុងគោលបំណងកុំអោយមានគេបៀតបៀន ព្រោះតែឈើឆ្កាងរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។
១៣ ចំពោះអ្នកដែលកាត់ស្បែកទាំងនោះខ្លួនគេផ្ទាល់ ពុំកាន់តាមក្រឹត្យវិន័យទេ គឺគេចង់អោយបងប្អូនកាត់ស្បែក ដើម្បីអោយគេអាចអួតខ្លួនថា គេបានកាត់ស្បែកអោយបងប្អូន។
១៤ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះអ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។
១៥ ការកាត់ស្បែក ឬមិនកាត់ស្បែកមិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះទើបសំខាន់។
១៦ សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត និងមេត្តាករុណាដល់អស់អ្នកដែលអនុវត្តតាមគោលគំនិតនេះ និងដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ។
១៧ អំណើះតទៅ សូមកុំអោយនរណាម្នាក់ធ្វើអោយខ្ញុំពិបាកចិត្តទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូ នៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។
១៨ បងប្អូនអើយ សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ អាម៉ែន។