១២
ទំនុកតម្កើងអរព្រះគុណព្រះអម្ចាស់
១ នៅគ្រានោះប្រជាជននឹងពោលឡើងថា៖
«ឱព្រះអម្ចាស់អើយ!
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។
ពីមុនព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ
ឥឡូវនេះ ព្រះអង្គលែងព្រះពិរោធទៀតហើយ
គឺព្រះអង្គសំរាលទុក្ខទូលបង្គំ។
២ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
ខ្ញុំផ្ញើជីវិតលើព្រះអង្គ
ខ្ញុំលែងភ័យខ្លាចទៀតហើយ
ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ
ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ
ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
៣ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា
ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ
ដោយអំណរសប្បាយដ៏លើសលប់។
៤ នៅគ្រានោះអ្នករាល់គ្នានឹងពោលឡើងថា:
ចូរអរព្រះគុណព្រះអម្ចាស់
ចូរប្រកាសព្រះនាមរបស់ព្រះអង្គ
ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
ប្រាប់ប្រជាជនទាំងឡាយ។
ចូររំលឹកអោយគ្រប់ៗគ្នាដឹងថា
ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។
៥ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់
ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត
ចូរប្រកាសពីការអស្ចារ្យទាំងនេះ
អោយមនុស្សនៅលើផែនដីទាំងមូលដឹងផង!
៦ អ្នកក្រុងស៊ីយ៉ូនអើយ
ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ!
ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា
ទ្រង់ឧត្ដុង្គឧត្ដម!