៤៤
មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​ពិត​ជា​ព្រះជាម្ចាស់
១ កូន​ចៅ​យ៉ាកុប
ជា​អ្នក​បំរើ​របស់​យើង
ប្រជាជន​អ៊ីស្រាអែល
ដែល​យើង​បាន​ជ្រើស​រើស​អើយ
ឥឡូវ​នេះ ចូរ​ស្ដាប់​យើង!
២  ព្រះអម្ចាស់​ដែល​បាន​បង្កើត​អ្នក
ព្រះអង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ
ព្រះអង្គ​ដែល​ជួយ​អ្នក ទ្រង់​មាន​ព្រះបន្ទូល​ថា:
យ៉ាកុប​ជា​អ្នក​បំរើ​របស់​យើង​យេស៊ូរូន​​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ
កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!
៣ យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង
យើង​នឹង​ធ្វើ​អោយ​មាន​ទឹក​ហូរ
នៅ​លើ​ដី​ហួតហែង
យើង​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​របស់​យើង
ទៅ​លើ​ពូជពង្ស​អ្នក
ព្រម​ទាំង​អោយ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។
៤ កូន​ចៅ​របស់​អ្នក​នឹង​ចំរើន​ឡើង
ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង
និង​ដូច​រុក្ខជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។
៥ ពេល​នោះ ម្នាក់​ពោល​ថា
ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះអម្ចាស់
ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុប
ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា
“ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះអម្ចាស់
ព្រម​ទាំង​មាន​មោទនភាព ព្រោះ​ខ្លួន​ជា​ជន​ជាតិ​អ៊ីស្រាអែល។
៦  ព្រះអម្ចាស់​ជា​ព្រះមហាក្សត្រ​របស់
ជន​ជាតិ​អ៊ីស្រាអែល
គឺ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​បាន​លោះ​ជន​ជាតិ​អ៊ីស្រាអែល
ទ្រង់​មាន​ព្រះបន្ទូល​ថា:
យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។
៧ តើ​មាន​ព្រះ​ណា​ដូច​យើង?
អោយ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក!
គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុការណ៍​ដែល​កើត​មាន
ចាប់​ពី​ពេល​យើង​បង្កើត​ប្រជាជន
តាំង​ពី​អស់កល្ប​រៀង​មក
ព្រម​ទាំង​រៀប​រាប់​អំពី​ហេតុការណ៍
ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។
៨ កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ
តាំង​ពី​ដើម​រៀង​មក
យើង​តែងតែ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ជានិច្ច
អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ស្រាប់​ហើយ
ក្រៅ​ពី​យើង តើ​មាន​ព្រះ​ណា​ទៀត​ទេ?
ទេ! គ្មាន​ថ្មដា​ណា​ទៀត​ឡើយ
យើង​មិន​ដែល​បាន​ស្គាល់​ទាល់​តែ​សោះ។
អ្នក​បង្កើត​រូប​បដិមា
៩ អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមា
សុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការ
រីឯ​ស្នាដៃ​ដែល​គេ​ចាត់​ទុក​ថា​មាន​តម្លៃ
ក៏​គ្មាន​សារ​ប្រយោជន៍​អ្វី​ដែរ។
រូប​ព្រះ​ទាំង​នោះ​ជា​សាក្សី​របស់​ពួក​គេ
តែ​ជា​សាក្សី​ដែល​មិន​ចេះ​មើល
ហើយ​ក៏​មិន​ដឹង​អ្វី​ដែរ
គឺ​គ្រាន់​តែ​ធ្វើ​អោយ​ពួក​គេ​ខក​ចិត្ត​ប៉ុណ្ណោះ។
១០ អ្នក​សូន​រូប​ព្រះ​ក្លែងក្លាយ ឬ​សិត​រូប​បដិមា
ដែល​ពុំ​អាច​ផ្ដល់​សារ​ប្រយោជន៍​អ្វី​សោះ
ពិត​ជា​មនុស្ស​ល្ងីល្ងើ​មែន!
១១ រីឯ​អស់​អ្នក​ដែល​ថ្វាយបង្គំ​រូប​ទាំង​នោះ
នឹង​ត្រូវ​អាម៉ាស់
ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។
ទុក​អោយ​ពួក​គេ​ប្រមូល​គ្នា
អោយ​គេ​ជួបជុំ​គ្នា​ទៅ
ពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។
១២ ជាង​ដែក​យក​លោហធាតុ​មក​ដុត
ដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។
អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់
ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំង
បើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយហត់។
១៣ ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ
និង​គូរ​រូប​ពី​លើ
ហើយ​យក​ពន្លាក​មក​ដាប់​ឈើ​នោះ
តាម​រូប​រាង និង​ភិនភាគ​ដូច​មនុស្ស
រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។
១៤ គេ​កាប់​ដើម​ឈើ​ដ៏​ធំៗ
គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃ
ពី​ចំណោម​ដើម​ឈើ​ទាំងឡាយ​នៅ​ក្នុង​ព្រៃ។
គេ​ដាំ​ដើម​ស្រល់
ហើយ​ភ្លៀង​បាន​ធ្វើ​អោយ​ដុះ​លូត​លាស់​ឡើង។
១៥ មនុស្សម្នា​យក​ឈើ​ទាំង​នោះ​មក​ប្រើ​ជា​អុស
សំរាប់​កំដៅ​ផ្ទះ និង​ចំអិន​ម្ហូប​អាហារ។
គេ​ក៏​យក​ឈើ​នោះ​ឆ្លាក់​ធ្វើ​រូប​ព្រះ
សំរាប់​ក្រាប​ថ្វាយបង្គំ
និង​ធ្វើ​ជា​រូប​បដិមា​សំរាប់​គោរព​បូជា។
១៦ គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុស
អាំង​សាច់​បរិភោគ​ចំអែត​ក្រពះ
ហើយ​ក៏​ប្រើ​សំរាប់​កំដៅ​រូប​រាង​កាយ
ទាំង​ពោល​ថា “មើល៍ អណ្ដាត​ភ្លើង​នេះ ធ្វើ​អោយ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់!”។
១៧ រីឯ​ឈើ​មួយ​ចំណែក​ទៀត គេ​យក​ទៅ​ធ្វើ​ជា
រូប​បដិមា ជា​ព្រះ​របស់​ខ្លួន រួច​ក្រាប​ថ្វាយបង្គំ
គេ​គោរព​បំរើ​រូប​នោះ និង​ទូលអង្វរ​ថា
“សូម​រំដោះ​ទូលបង្គំ​ផង!
ដ្បិត​ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ!”។
១៨ អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណា
ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ
ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។ ១៩ គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះគិត
និង​ពិចារណា​រួច​ពោល​ថា
“ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល
ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង
ខ្ញុំ​អាំង​សាច់​បរិភោគ។
រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់
ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម
រួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយបង្គំ​រូប​ឈើ​នោះ”។
២០ គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះ
ចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​អោយ
វង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។
រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេ
ប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះ
ជា​ព្រះ​ក្លែងក្លាយ​ឡើយ។
ព្រះអម្ចាស់​តែ​មួយ​គត់ ជា​ព្រះជាម្ចាស់ និង​ជា​ព្រះសង្គ្រោះ​មនុស្ស​លោក
២១ អ៊ីស្រាអែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ
ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បំរើ​របស់​យើង
យើង​បាន​បង្កើត​អ្នក ដើម្បី​អោយ​បំរើ​យើង
អ៊ីស្រាអែល​អើយ
យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ!
២២ យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក
ដូច​ពពក​រសាត់​បាត់​ទៅ
ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញ
ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។
២៣ ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង
ដ្បិត​ព្រះអម្ចាស់​បាន​ធ្វើ​អន្តរាគមន៍​ហើយ
ទី​ជំរៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង
ភ្នំ​ទាំងឡាយ​អើយ ចូរ​ស្រែក​អឺងកង​ឡើង
រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខជាតិ​ទាំង​អស់
ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ
ដ្បិត​ព្រះអម្ចាស់​បាន​លោះ​កូន​ចៅ​របស់
លោក​យ៉ាកុប​ហើយ
ព្រះអង្គ​បាន​សំដែង​សិរីរុងរឿង​របស់​ព្រះអង្គ
ដោយ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល។
ព្រះអម្ចាស់​បាន​តែងតាំង​ស្ដេច​ស៊ីរូស
២៤  ព្រះអម្ចាស់​ដែល​បាន​លោះ​អ្នក
គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុង
ផ្ទៃ​ម្ដាយ​មក ទ្រង់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
“យើង​ជា​ព្រះអម្ចាស់​ដែល​បាន​បង្កើត
អ្វីៗ​ទាំង​អស់​យើង​បាន​លាត​ផ្ទៃ​មេឃ
ហើយ​យើង​ក៏​បាន​សន្ធឹង​ផែនដី
ដោយ​ខ្លួន​យើង​ផ្ទាល់។
២៥ យើង​ធ្វើ​អោយ​ទំនាយ​របស់​គ្រូហោរ
ទៅ​ជា​ឥត​បាន​ការ
យើង​ធ្វើ​អោយ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់
យើង​នឹង​រំលាយ​គំរោងការ​របស់​ពួក​អ្នក​ប្រាជ្ញ
ដោយ​ធ្វើ​អោយ​ចំណេះ​របស់​គេ​ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។
២៦ យើង​បំពេញ​តាម​ពាក្យ​សំដី​អ្នក​បំរើ​របស់​យើង
ហើយ​ធ្វើ​អោយ​គំរោងការ​របស់​អស់​អ្នក​ដែល
យើង​ចាត់​អោយ​មក​នោះ​បាន​សំរេច។
យើង​ថ្លែង​អំពី​ក្រុង​យេរូសាឡឹម​ថា
ចូរ​អោយ​មាន​ប្រជាជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ
យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា
ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ
យើង​នឹង​ធ្វើ​អោយ​អ្វីៗ​ដែល​បាក់​បែក
មាន​រូប​រាង​ឡើង​វិញ។
២៧ យើង​បង្គាប់​មហាសាគរ​អោយ​រីង​ស្ងួត
ហើយ​ធ្វើ​អោយ​ទន្លេ​រីង។
២៨ យើង​និយាយ​អំពី​ស្ដេច​ស៊ីរូស​ថា
អ្នក​នេះ​ជា​មេ​ដឹក​នាំ​ដែល​យើង​បាន​តែងតាំង។
គាត់​នឹង​បំពេញ​អ្វីៗ​តាម​ចិត្ត​ដែល​យើង​ប្រាថ្នា​ចង់​បាន
គាត់​នឹង​បញ្ជា​អោយ​គេ​សង់​ក្រុង​យេរូសាឡឹម
និង​ព្រះវិហារ​ឡើង​វិញ”។