៤៨
ព្រះអម្ចាស់មានអំណាចលើព្រឹត្តិការណ៍ទាំងអស់
១ អ្នករាល់គ្នាជាកូនចៅ
របស់យ៉ាកុប
អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រាអែល
ហើយជាពូជពង្សរបស់យូដាអើយ
ចូរស្ដាប់សេចក្ដីនេះ!
អ្នករាល់គ្នាតែងតែស្បថ
ដោយយកព្រះនាមព្រះអម្ចាស់ធ្វើជាសាក្សី
អ្នករាល់គ្នាតែងតែអង្វររកព្រះរបស់
ជនជាតិអ៊ីស្រាអែល
តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
២ អ្នករាល់គ្នាអួតថា ខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏វិសុទ្ធ
ហើយថាខ្លួនពឹងផ្អែកលើព្រះរបស់ជនជាតិ
អ៊ីស្រាអែល ដែលមានព្រះនាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល។
៣ យើងបានប្រាប់អោយអ្នករាល់គ្នាដឹងអំពី
ព្រឹត្តិការណ៍ដើមដំបូងនោះ
តាំងពីយូរលង់ណាស់មកហើយ
យើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់
អោយអ្នករាល់គ្នាបានដឹងឮ
យើងក៏បានធ្វើអោយការទាំងនោះសំរេច
ចេញជារូបរាងឡើងមួយរំពេចដែរ។
៤ យើងដឹងថា អ្នកជាមនុស្សរឹងរូស
ចិត្តរបស់អ្នករឹងដូចដែកថែប
ហើយក្បាលអ្នករឹងដូចដែក
៥ យើងបានប្រាប់អោយអ្នកដឹងជាមុនយ៉ាងយូរ
យើងបានអោយអ្នកដឹង
មុនហេតុការណ៍មកដល់
ដើម្បីកុំអោយអ្នកពោលថា
“គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះ
គឺរូបព្រះ ឬរូបដែលខ្ញុំសិត
បានបង្គាប់អោយហេតុការណ៍កើតមាន”។
៦ អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន
ហើយក៏ឃើញថាកើតមានដូច្នោះមែន
តើអ្នកមិនទទួលស្គាល់ទេឬ?
តាំងពីពេលនេះទៅយើងប្រាប់អោយអ្នកដឹង
អំពីព្រឹត្តិការណ៍ថ្មីៗទៀត
ដែលយើងបានគ្រោងទុក
តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។
៧ ព្រឹត្តិការណ៍នោះទើបនឹងកកើត
តែមិនមែនកើតឡើងយូរមកហើយទេ
រហូតមកទល់ពេលនេះ
អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ
ដូច្នេះ អ្នកពុំអាចពោលថា
“ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។
៨ អ្នកមិនព្រមចង់ដឹងចង់ឮ
ហើយតាំងពីដើមមក
អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ
យើងស្គាល់អ្នកច្បាស់ណាស់ថា
អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន
គេហៅអ្នកថាជាមេបះបោរ
តាំងពីក្នុងផ្ទៃម្ដាយមក។
៩ ដោយយល់ដល់នាមយើងដែលជាព្រះជាម្ចាស់
យើងបានទប់កំហឹង
ដោយយល់ដល់កិត្តិនាមរបស់យើង
យើងបានទុកជីវិតអោយអ្នក
យើងមិនបំផ្លាញអ្នកឡើយ។
១០ យើងមិនបានអោយគេយកភ្លើងមកបន្សុទ្ធអ្នក
ដូចគេបន្សុទ្ធប្រាក់នោះទេ
គឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។
១១ យើងធ្វើដូច្នេះ ដោយយល់ដល់ខ្លួនយើងផ្ទាល់
យើងមិនចង់បន្ទាបបន្ថោកឈ្មោះយើង
ហើយយើងក៏មិនចង់អោយព្រះណាផ្សេងទៀត
ទទួលសិរីរុងរឿងរបស់យើងដែរ។
១២ កូនចៅយ៉ាកុប ពូជពង្សអ៊ីស្រាអែល
ដែលយើងត្រាស់ហៅអើយ
ចូរនាំគ្នាស្ដាប់ពាក្យយើង!
គឺយើងនេះហើយដែលនៅមុនគេ
និងនៅក្រោយគេបំផុត។
១៣ យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់
យើងបានលាតសន្ធឹងផ្ទៃមេឃ
ដោយឫទ្ធិបារមីរបស់យើង
យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
១៤ ប្រជាជនទាំងមូលអើយ
ចូរមកជួបជុំគ្នាហើយស្ដាប់ចុះ!
មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន
ព្រមទាំងដាក់ទោសជនជាតិខាល់ដេ
ស្របតាមបំណងរបស់យើង។
ក្នុងចំណោមព្រះឯទៀតៗ
តើព្រះណាបានប្រាប់
អោយដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
១៥ គឺយើងហើយដែលបានប្រាប់
យើងក៏បានហៅអ្នកនោះថែមទៀត!
យើងនាំគាត់មក
ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសំរេច។
១៦ ចូរនាំគ្នាចូលមកជិតហើយស្ដាប់យើងចុះ!
តាំងពីដើមដំបូងរៀងមក
យើងមិនដែលនិយាយលាក់លៀមទេ។
ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង
យើងក៏ស្ថិតនៅទីនោះដែរ។
- ឥឡូវនេះ ព្រះជាអម្ចាស់ចាត់ខ្ញុំអោយទៅ
ព្រះអង្គក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ
អោយគង់ជាមួយខ្ញុំដែរ។
ប្រជាជនអ៊ីស្រាអែល មិនព្រមស្ដាប់ព្រះបន្ទូលព្រះអម្ចាស់
១៧ ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ
អ៊ីស្រាអែល ដែលបានលោះអ្នក
មានព្រះបន្ទូលថា:
យើងនេះហើយជាព្រះអម្ចាស់ជាព្រះរបស់អ្នក
យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន
ប្រយោជន៍ដល់អ្នក
យើងណែនាំអ្នកអោយដើរក្នុងមាគ៌ា
ដែលអ្នកកំពុងតែដើរ។
១៨ ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម
បទបញ្ជាដែលយើងបង្គាប់
នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក
ដូចទឹកទន្លេ។
ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក
ដូចរលកសមុទ្រ។
១៩ ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើង
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
ហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរ
នៅមុខយើងរហូត ឥតសាបសូន្យឡើយ។
២០ ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូន
ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ
ចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយ
ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី
អោយមនុស្សម្នាដឹងឮថា
ព្រះអម្ចាស់បានលោះកូនចៅលោកយ៉ាកុប
ជាអ្នកបំរើរបស់ព្រះអង្គមកវិញហើយ!។
២១ ព្រះអង្គដឹកនាំពួកគេនៅតាមវាលហួតហែង
តែពួកគេមិនស្រេកទឹកទេ។
ព្រះអង្គធ្វើអោយមានទឹកផុសចេញពីថ្មដា
សំរាប់ពួកគេ
ព្រះអង្គវាយបំបែកថ្ម នោះទឹកក៏ហូរចេញមក។
២២ ព្រះអម្ចាស់មានព្រះបន្ទូលថា
មនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ។